កម្ពុជា

លទ្ធផល​ស្ទង់​មតិ​របស់ IRI ៖ អំពើ​ពុក​រលួយ​នៅ​កម្ពុជា មាន​កម្រិត​ខ្ពស់

លោក Matt Lakin ប្រធានស្ដីពី IRI ប្រចាំកម្ពុជា បង្ហាញលទ្ធផលស្ទង់មតិ​ថ្ងៃទី​១០​ឧសភា ២០១២
លោក Matt Lakin ប្រធានស្ដីពី IRI ប្រចាំកម្ពុជា បង្ហាញលទ្ធផលស្ទង់មតិ​ថ្ងៃទី​១០​ឧសភា ២០១២ ©rfi-ម៉េងហូរ

លទ្ធផល​នៃ​ការស្ទង់​មតិ​សាធារណជន​ខ្មែរ ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ IRI របស់​សហរដ្ឋ​អាមេរិក បានបង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ផ្តល់​សម្ភាសន៍ ២.០០០ នាក់ គឺ​មាន ៦៥% បាន​ផ្តល់​ចម្លើយ​ថា បាន​ឃើញ ឬ​ជួប​ប្រទះ​នូវ​ការប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ការស៊ី​សំណូក​របស់​ប៉ូលិស។ ចំណែក ៤៣% បាន​ឆ្លើយ​ថា ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​អ្នក​នយោបាយ ឬ​មន្ត្រីរាជការ។ របាយការណ៍​ដដែល បាន​លើក​ឡើង​ថា មាន​អ្នកឆ្លើយ ក្នុង​កម្រិត​ភាគរយ​ខ្ពស់ អះអាងថា រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត ក្នុង​ការចាត់​វិធានការ​បំបាត់​អំពើ​ពុករលួយ និង​ការស៊ីសំណូក។​

ផ្សាយពាណិជ្ជកម្ម

 

លទ្ធផល​ស្ទង់​មតិ​របស់ IRI ដែល​បាន​ប្រកាស កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១២ បាន​បង្ហាញ​ថា អ្នក​ផ្តល់​សម្ភាសន៍ ៤៣% បាន​ឆ្លើយថា ឃើញ​ផ្ទាល់​ការប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​អ្នក​នយោបាយ ឬ​មន្ត្រីរាជការ។ ចំណែក ៦៥% ក្នុង​ចំណោម​អ្នក​ផ្តល់​សម្ភាសន៍ ២.០០០ នាក់ បាន​ផ្តល់​ចម្លើយ​ថា បាន​ឃើញ ឬ​ជួប​ប្រទះ​នូវ​ការប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ការស៊ីសំណូក របស់​ប៉ូលិស។​

ក៏​ប៉ុន្តែ​របាយការណ៍​ស្ទង់​មតិ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត ក្នុង​ការចាត់​វិធានការ​បំបាត់​អំពើ​ពុក​រលួយ និង​ការស៊ី​សំណូក មាន​ភាគរយ​ខ្ពស់ ដោយ​អ្នក​ផ្តល់​សម្ភាសន៍​ចំនួន ៤៥% បាន​ឆ្លើយថា រដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ខ្ពស់​ណាស់ ប្រឆាំង​អំពើ​ពុករលួយ។ រីឯ ៤២% បាន​ឆ្លើយ​ថា រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ខ្ពស់​គួរ​សម​ដែរ ក្នុង​ការប្រឆាំង​អំពើ​ពុករលួយ។​

អ្នកផ្តល់​សម្ភាសន៍​ភាគ​ច្រើន​ក៏​យល់ថា អំពើ​ពុករលួយ និង​ការស៊ី​សំណូក រីក​រាល​ដាល​កម្រិត ក្នុង​រដ្ឋ​អំណាច​ថ្នាក់ឃុំ​ស្រុក​ខេត្ត និង​នៅ​រដ្ឋអំណាច​ថ្នាក់​ជាតិ។​
វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ IRI បាន​ធ្វើ​ការស្ទង់​មតិ​សាធារណជន​ខ្មែរ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​សម្ភាសន៍​លើ​ពលរដ្ឋ​កម្ពុជា ចំនួន ២.០០០ នាក់ អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង នៅ​ទូទាំង ២៤ ខេត្ត​រាជធានី។ 
ការស្ទង់មតិ​របស់ IRI ផ្តោត​សំខាន់​លើ​បរិយាកាស​ទូទៅ ទិសដៅ​របស់​ប្រទេស បញ្ហា​ពុក​រលួយ បញ្ហា​កង្វះ​ម្ហូបអាហារ បញ្ហា​នយោបាយ សាលាក្តី​ខ្មែរក្រហម បញ្ហា​បទល្មើស​ក្នុង​ភូមិ​ឃុំ​/​សង្កាត់ ដំណោះស្រាយ​ចំពោះ​បទល្មើស បញ្ហា​ថវិកា​ឃុំ​សង្កាត់ និង​ការចុះឈ្មោះ​បោះឆ្នោត។​

អំពី​បញ្ហា​នយោបាយ IRI បាន​ស្ទាបស្ទង់​មតិ ដោយ​រក​ឃើញ​ថា អ្នក​មាន​អារម្មណ៍​ថា ជាទូទៅ​ថា កម្ពុជា​កំពុង​ឆ្ពោះទៅមុខ ក្នុង​ទិសដៅ​ត្រូវ មាន​ចំនួន ៨១%។ រីឯ ៦១% បាន​ឆ្លើយថា មិន​ដែល​ខ្វះ​អង្ករ​ហូប​ទេ។ ចំណែក ៥៥% បាន​ឆ្លើយថា មិន​បាន​រង​ផល​ប៉ះពាល់​អ្វី​ទេ នឹង​ទឹក​ជំនន់ ក្នុង​អំឡុង​ពេល​ទឹក​ជំនន់​ឆ្នាំ​២០១១។

ចំណែក​អ្នក​ផ្តល់​សម្ភាសន៍ ៨៤% ក្នុង​ចំណោម ២.០០០ នាក់ បាន​ឆ្លើយថា គេ​ទំនង​ជា​បាន​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ អ្នកឆ្លើយ​សំណួរ ៨៩% បាន​អះអាង​ថា មិន​មាន​ការ​គំរាមកំហែង​នយោបាយ​នៅ​ភូមិ​ឃុំ​សង្កាត់​ទេ។​

ចំពោះ​សាលាក្តី​ខ្មែរក្រហម​វិញ IRI បាន​បង្ហាញ​ការស្ទង់​មតិ​ថា ៧៧% នៃ​អ្នក​ផ្តល់​សម្ភាសន៍ បាន​ដឹង​ថា មេ​ដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន ត្រូវ​បាន​គេ​កំពុង​កាត់ទោស​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ក្នុង​របប​ប៉ុលពត។ អ្នក​យល់ថា ដំណើរការ​កាត់ទោស លោក ឌុច ស៊ី​ពេល​អស់​ជាង ២ ឆ្នាំ ជា​រយៈពេល​កាត់ក្តី សម​ល្មម មាន​ចំនួន ៤៩%។ រីឯ ៤៥% យល់ថា រយៈពេល​កាត់ក្តី ឌុច វែង​ពេក៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI