ឧបទ្វីបកូរ៉េ

នយោបាយ​សហប្រតិបត្តិការ​កូរ៉េខាងត្បូង​ជាមួយ​កូរ៉េខាងជើង​ជួប​បរាជ័យ

ទាហាន​កូរ៉េខាងត្បូង (ឆ្វេង) និង​ទាហាន​កូរ៉េខាងជើង (ស្តាំ)​ឈរ​យាម​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ
ទាហាន​កូរ៉េខាងត្បូង (ឆ្វេង) និង​ទាហាន​កូរ៉េខាងជើង (ស្តាំ)​ឈរ​យាម​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ©Reuters

ទីក្រុង​សេអ៊ូល​បាន​វាយតម្លៃ​ថា កម្មវិធី​នយោបាយ​ជួយ​កូរ៉េខាងជើង​មិន​បានធ្វើឲ្យ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​បាន​ប្រសើរ​ឡើង​ឡើយ។ របាយការណ៍​របស់​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងត្បូង​បាន​បង្ហាញ ថា ជំនួយ​ស្បៀង​ពី​ខាង​​កូរ៉េខាងត្បូង​មិនបាន​កាត់បន្ថយ​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ និង​គ្រោះ​អត់ឃ្លាន នៅ​កូរ៉េខាងជើង​ទេ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ក្នុង​សេចក្តីផ្តើម​របស់​សៀវភៅ ស ដែល​ជា​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ទទួល​បន្ទុក​ការបង្រួប​បង្រួម​ជាតិ​កូរ៉េខាងត្បូង គេ​បាន​សរសេរ​​ថា ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​បាន​ចាប់​ប្រសើរ​ឡើង​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ។ សកម្មភាព​ផ្តោះប្តូរ សេដ្ឋកិច្ច និង​ការវិនិយោគ​ផ្នែក​ទេសចរណ៍ នៅតាម​បណ្តោយ​ព្រំដែនគោក​បាន​កើនឡើង​ជាលំដាប់។ កូរ៉េខាងត្បូង​បាន​ផ្តល់​ជំនួយ​ជា​ស្បៀង រាប់លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​កូរ៉េខាងជើង​ដែល​កំពុង​ជួបគ្រោះ​ដាច់បាយ។ គ្រោះអត់ឃ្លាន​បាន​គ្រប​ដណ្តប់​មក​លើ​ប្រជាជន​របស់​ប្រទេស​នេះ ចាប់តាំង​ពី​មាន​ការដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​អន្តរជាតិ និង​គ្រោះ​ទឹកជំនន់​ថ្មីៗ​នេះ​នៅ​កូរ៉េខាងជើង។

គួរដឹង​ថា ចាប់តាំង​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០៨ ក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​Kim Dae Jung និង​Roh Moo Hyun កូរ៉េខាងត្បូង​បាន​ប្រកាន់យក​នយោបាយ​ចរចា និង​សហប្រតិបត្តិការ​ជាមួយ​កូរ៉េខាងជើង។ កូរ៉េទាំងពីរ​បាន​រៀបចំ​ឲ្យ​មាន​ការជួបជុំ​គ្រួសារ​កូរ៉េ ដែល​បែកគ្នា ដោយសារ​បន្ទាត់​ព្រំដែន។

ប៉ុន្តែ សម្រាប់​អ្នកសរសេរ​របាយការណ៍ ជំនួយ​មនុស្សធម៌​ទាំងប៉ុន្មាន​កន្លងមក របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល មិន​បាន​កាត់បន្ថយ​គ្រោះអត់ឃ្លាន​របស់​ប្រជាជន​កូរ៉េខាងជើង​ទេ។ ជាក់ស្តែង ពួកគេ​ទាំងនេះ​ប្រមាណ​មួយម៉ឺន​នាក់​បាន​រត់គេច​ចេញ​ពី​គ្រោះអត់ឃ្លាន​ក្នុង​ប្រទេស និង​មកសុំ​ជ្រកកោន នៅ​កូរ៉េខាងត្បូង។

មួយ​វិញ​ទៀត បើតាម​សៀវភៅ ស នយោបាយ​ទន់ភ្លន់​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​មិន​បាន​ជួយ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​កាត់បន្ថយ​ចរិត​កោងកាច​របស់​ខ្លួន ជាពិសេស​ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ រាល់លើក​ដែល​កូរ៉េខាងត្បូង​ធ្វើការ​ប្រឆាំង​នឹង​នយោបាយ​យោធា​របស់​ខ្លួន កូរ៉េខាងជើង​តែងតែ​ប្រើប្រាស់​យុទ្ធសាស្រ្ត​គំរាម​ផ្នែក​អាវុធ។ ឧទាហរណ៍​ដូចជា​នៅ​ឆ្នាំ ២០០៦ និង​ឆ្នាំ ២០០៩ កូរ៉េខាងជើង​បាន​ផ្គើន​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សំដៅ​បំបាក់​ស្មារតី​របស់​គូសត្រូវ​របស់​ខ្លួន។

ការពិតទៅ ចាប់តាំងពី​សង្រ្គាម​កូរ៉េ​ក្នុង​ទសវត្សរ៍​ទី​៥០ បងប្អូន​កូរ៉េ​ទាំងពីរ​មិន​ដែល​បាន​​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា​បាន​ម្តងទេ។ ការព្យាយាម​រក​ការចរចា​ផ្នែកយោធា​ដើម្បី​ឈាន​ទៅ​រក​សន្តិភាព​រវាងកូរ៉េ​ទាំងពីរ​បាន​ទទួល​បរាជ័យ មួយ​លើក ជាពីរលើក ជាពិសេស​ចាប់តាំង​ពី​កូរ៉េខាងត្បូង​បាន​ចោទ​កូរ៉េខាងជើង​ថា បាន​បាញ់ពន្លិច​នាវា​ចម្បាំង​របស់​ខ្លួន កាលពី​ខែ​មីនា​ដើមឆ្នាំ​នេះ។

ជារួម​សៀវភៅ ស កម្រាស់ ជាង ៣០០​ទំព័រ​បាន​លើក​ឡើង​ថា ក្នុង​ដំណើរ​ឈាន​ទៅ​រក​សន្តិភាព​រវាង​កូរ៉េទាំងពីរ និង​ការកាត់​បន្ថយ​ភាពអត់ឃ្លាន​របស់​ប្រជាជន​កូរ៉េខាងជើង គួរតែ​មាន​ការខិតខំ​ទាំងសង​ខាង។ ពោល​គឺ​រដ្ឋាភិបាល​របស់​ក្រុង​ព្យុងយ៉ាង​មិន​ត្រូវ​បោសដៃ​ និង​ទំលាក់​បញ្ហា​ទាំងឡាយ​មក​លើ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ឲ្យ​​ដោះស្រាយ​តែ​ម្នាក់​ឯង​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI