អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន

អ្នក​ស្រី​​ប៉ាក​​ជំរុញ​​ឱ្យ​​ជប៉ុន​​សុំទោស​«​ស្ត្រី​​កំដរ​​ផ្លូវភេទ​»

លោកស្រី ប៉ាក់ គុនហេ (Park Geun-hye) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង
លោកស្រី ប៉ាក់ គុនហេ (Park Geun-hye) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង REUTERS/Jung Yeon-Je
ដោយ៖ ឯម មាឃ
1 នាទី

ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក គឿន ហេ (Park Geun-Hye) នៅ​ថ្ងៃអាទិត្យ​នេះ បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត ឱ្យ​មេដឹកនាំ​ជប៉ុន​សុំទោស​ទាសករ​ផ្លូវភេទ​ក្នុងពេល​សង្គ្រាម ដោយ​ព្រមាន​ថា«ពេលវេលា​ជិត​ផុត​ហើយ»សម្រាប់​ទីក្រុង​តូ​ក្យូ។

ផ្សាយពាណិជ្ជកម្ម

ប្រវត្តិវិទូល្បីៗនិយាយថា ស្ត្រី​ប្រហែល២សែន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​កូរ៉េ ប៉ុន្តែ​ក៏មាន​ចិន ឥណ្ឌូនេស៊ី និង​ស្រី្ត​នៃ​ប្រទេស​អាស៊ី​មួយចំនួនទៀត​ដែរ ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ទាសករ​ផ្លូវភេទ​សម្រាប់​ទាហាន​ជប៉ុន​ក្នុងអំឡុង​សង្គ្រាមលោកលើកទី។

បញ្ហា​ដែលជា​ចំណុច​ជម្លោះ​ចម្បង​មួយ​ក្នុង​ទំនាក់ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ រិត​តែ​ធ្វើឱ្យ​ចំណង​ការទូត​នោះ​រុះ​រោយ​ទៅទៀត នៅ​ប៉ុន្មាន​ខែថ្មីៗនេះ ចំ​ពេលដែល​យុទ្ធនាការ​បែប​មើលងាយ​កើនឡើង​នៅក្នុង​ប្រទេស​ជប៉ុន។ យុទ្ធនា​ការដែល​អះអាង​ថា«ស្ត្រី​កំដរ​ផ្លូវភេទ»ទាំងនោះ​គឺជា​ពេស្យា​សាមញ្ញ។

អ្នកស្រី​ប៉ា​កបាន​ជំរុញ​ឱ្យ​បណ្ដា​មេដឹកនាំ​ទាំងឡាយ​របស់​ជប៉ុន​សុំទោស ហើយ​នៅ​ថ្ងៃអាទិត្យ ស្ត្រី ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ប្រើ«គ្រប់​មធ្យោបាយ»ដើម្បី​ដោះស្រាយ​បញ្ហា​នោះ ខណៈ​ចំនួន​ស្ត្រី​ទាំងនោះ​ដែល​នៅរស់​ដល់​សព្វថ្ងៃ រលស់​យ៉ាង​ឆាប់រហ័ស។

ក្នុង​សុន្ទរកថា​មួយ​នាឱកាស​ប្រារព្ធ​ខួប​នៃ​ចលនា​បះបោរ​ឆ្នាំ១៩១៩ ដើម្បី​ប្រឆាំង​អាណានិគមនិយម​ជប៉ុន​នៅ​កូរ៉េ ពី​ឆ្នាំ១៩១០ដល់​ឆ្នាំ១៩៤៥ អ្នកស្រី​ប៉ា​កបាន​ថ្លែងថា៖ «ឥឡូវ យើង​មាន​អ្នក​នៅរស់​តែ៥៣នាក់​ប៉ុណ្ណោះ ហើយ​ពួកគាត់​មាន​អាយុ​ជា​មធ្យម​ជិត៩០ឆ្នាំ​ទៅហើយ។ ពេលវេលា​ជិត​ផុត​ហើយ​ក្នុងការ​ស្តារ​កិត្តិយស​របស់​ពួកគាត់»។ ជនរងគ្រោះ​មិនទាន់​ត្រូវបាន​ផ្តល់​សំណង​ជំងឺ​ចិត្ត​នៅឡើយ ចំពោះ​ការប្រព្រឹត្ត​មកលើ​ពួកគេ ទោះបីជា​មានការ​ប្រឹងប្រែង​រាប់​ទស្សវត្ស​បន្ទាប់ពី​សង្គ្រាម​ក្តី។

ជប៉ុន​ធ្លាប់បាន​បញ្ចេញ​ការសុំ​ទោស​ជា​ប្រវត្តិសាស្ត្រ​ម្តង​នៅ​ឆ្នាំ១៩៩៣ ដែល​កាលនោះ គេ​ស្គាល់​ថា​ជា​សេចក្តីថ្លែងការណ៍​កូ​ណូ (Kono Statement)។ ប៉ុន្តែ​អ្នកនយោបាយ​ស្តាំនិយម ដូចជា​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្ស៊ូ អា​បេ (Shinzo Abe) នៅតែ​អះអាងថា ផ្ទះបន​សម្រាប់​ទាហាន​មាន​ស្ត្រី​ដែលមាន​អាជីព​ជា​ពេស្យា។ លើសពីនេះ​ទៀត រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​ដល់​ទៅធ្វើ​យុទ្ធនាការ​ជា​សាកល ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់​សិស្សានុសិស្ស ដែលមាន​លក្ខណៈ​សម្រាល​ទម្ងន់​នៃ​អំពើ​ឃោរឃៅ​របស់​ជប៉ុន​ក្នុងអំឡុង​សង្គ្រាម។

ការ​ខំប្រឹង«បង្ខុស»ប្រវត្តិសាស្ត្រ​ដូច្នេះ ក៏​បង្ខូច​ទំនាក់ទំនង​ដែរ។ នេះ​បើតាម​អ្នកស្រី​ប៉ាក។
ចំណង​ការទូត​រវាង​សេ​អ៊ូ​ល​និង​តូ​ក្យូ បាន​ប្រែក្លាយជា​រឹងកំព្រឹស​អស់​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​មានទំនាស់​ព្រំដែន​កើតឡើង ហើយ​បាន​រីក​រាលដាល​ដល់​ជម្លោះ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែងឯទៀត។

លោក​អា​បេ និង​អ្នកស្រី​ប៉ាក មិនដែល​ជួបគ្នា​ដើម្បី​ប្រជុំ​កំពូល​ផ្លូវការ​ឡើយ តាំងពី​អ្នកដឹកនាំ​ទាំង​ពីរបាន​ឡើងកាន់​អំណាច​បន្តបន្ទាប់​គ្នា​ក្នុង​ឆ្នាំ២០១២និង២០១៣។ ការណ៍​នេះ​បង្កឱ្យមាន​ក្តីបារម្ភ​ចំពោះ​ភាពជា​ដៃគូ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​របស់​យោធា​អាមេរិក​នៅ​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ