អានតួអត្ថបទ
ស៊ូដង់

ការបោះឆ្នោត​ប្រជាមតិ​ដែល​អាច​បំបែក​ស៊ូដង់​ចេញ​ជា​ពីរ​ប្រទេស

ប្រជាជន​ស៊ូដង់​ភាគខាងត្បូង​តម្រង់​ជួរ​ដើម្បី​ចូល​បោះឆ្នោត​ប្រជាមតិ​​ (ថ្ងៃ​អាទិត្យ ទី ៩​មករា ២០១១)។ សញ្ញា​បាតដៃ​លា​មានន័យ​ថា ពួកគេ​ចង់​​បំបែក​ចេញ​ពី​រដ្ឋាភិបាលស៊ូដង់​បច្ចុប្បន្ន
ប្រជាជន​ស៊ូដង់​ភាគខាងត្បូង​តម្រង់​ជួរ​ដើម្បី​ចូល​បោះឆ្នោត​ប្រជាមតិ​​ (ថ្ងៃ​អាទិត្យ ទី ៩​មករា ២០១១)។ សញ្ញា​បាតដៃ​លា​មានន័យ​ថា ពួកគេ​ចង់​​បំបែក​ចេញ​ពី​រដ្ឋាភិបាលស៊ូដង់​បច្ចុប្បន្ន ©Reuters
ដោយ៖ ឈាង បុប្ផា
៤១ នាទី

នៅព្រឹកថ្ងៃ​អាទិត្យ​នេះ ប្រជាជន​ស៊ូដង់​ដែល​រស់នៅ​ផ្នែកខាងត្បូង​ប្រទេស បាន​ទៅ​ចូលរួម​បោះឆ្នោត​ដើម្បី​សម្រេច​ថា តើពួកគេ​ចង់​ស្ថិតនៅ​ក្រោម​អំណាច​គ្រប់គ្រង​របស់​ប្រធានាធិបតី​បច្ចុប្បន្ន ឬ​ចង់បំបែក​តំបន់​របស់​ខ្លួន ភាគខាងត្បូង​ប្រទេស ឲ្យ​ទៅ​ជា​ប្រទេស​ឯករាជ្យ​ថ្មីមួយ។ ការបោះឆ្នោត​នេះ​មាន​រយៈពេល ៧​ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ជិត ៤លាន​នាក់​ដែល​បានចុះឈ្មោះ កន្លងមក អាច​ធ្វើការបោះឆ្នោត​បាន​គ្រប់គ្នា។

ផ្សាយពាណិជ្ជកម្ម

ការពន្យល់​របស់​ឈាង បុប្ផា

ប្រជាជន​រស់នៅ​ភាគខាងត្បូង​ប្រទេស​ស៊ូដង់​បានទន្ទឹង​រង់ចាំ​ការបោះឆ្នោត​ប្រជាមតិ​លើកនេះ ពីព្រោះ​វាជា​ការកំណត់​វាសនា​អនាគត​របស់​ពួកគេ។ សព្វថ្ងៃនេះ កិច្ចការ​រដ្ឋបាល ការអភិវឌ្ឍន៍ និង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល ស្ថិតនៅ​ភាគខាងជើង​ទាំងអស់។ ប្រជាជន​ដែលរស់នៅ​តំបន់​ខាងត្បូង​បាន​ទទួល​អារម្មណ៍​ត្រូវ​រដ្ឋាភិបាល​បោះបង់​ចោល ព្រោះ​គេមិនបាន​ឃើញ​មាន​ការអភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន។ ភាគម្យ៉ាងទៀត ផ្នែកខាងជើង គេ​គោរព​សាសនា​អ៊ីស្លាម នៅពេល​ដែល​ផ្នែកខាងត្បូង​ប្រជាជន​ជឿគ្រិស្ត​សាសនា ឬ​ធ្វើតាម​ប្រពៃណី​ចាស់បុរាណ​របស់​ជនជាតិ​ភាគតិច។

 
ការគោរពសាសនា​ខុសគ្នា និង​ការមិនរវល់​អើពើ​ពី​ថ្នាក់ដឹកនាំ​នេះ ធ្វើ​ឲ្យ​ប្រជាជន​ខាងត្បូង​ស៊ូដង់​មាន​គំនិត​ចង់​រើបម្រះ ដើម្បី​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ពិតប្រាកដ។ ហើយ​ការស្ទង់មតិ​នៅមុន​ការបោះឆ្នោត​បាន​បង្ហាញ​ថា មាន​ប្រជាជន​ខាងត្បូង​ជាច្រើន​ដែល​ចង់ ផ្តាច់ទឹកដី​ពីក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ូដង់​បច្ចុប្បន្ន។ ដូច្នេះ ប្រជាមតិ​លើកនេះ នឹង​អាច​ធ្វើ​ឲ្យ​ស៊ូដង់ ប្រទេស​ដ៏ធំជាង​គេ​នៅ​អាហ្រ្វិក បែកចេញ​ជា​ពីរ។ ពោល​គឺ​ទឹកដី​ផ្នែក​ខាងត្បូង​ស៊ូដង់​នឹង​អាច​ក្លាយ​ទៅ​ជារដ្ឋ​ថ្មីមួយ​ទៀត​ក្នុង​ទ្វីបអាហ្រ្វិក។

ការបោះឆ្នោត​ប្រជាមតិ​នេះ ជា​ការសន្យា​របស់​រដ្ឋាភិបាល​ទីក្រុង​Khartoum ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ដែល ធ្វើ​ជាមួយ​ពួកឧទ្ទាម​ភាគខាងត្បូង ក្នុង​ឆ្នាំ ២០០៥។ ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​បិទ​បញ្ចប់​សង្រ្គាម​ស៊ីវិល លោក​ Omar El Bechir បាន​សន្យា​ថា តំបន់​ភាគខាងត្បូង មាន​រយៈពេល​៦​ឆ្នាំ​ដើម្បី​រៀបចំ​ឲ្យ​រដ្ឋបាល​ស្វយ័ត មុន​នឹង​ធ្វើ​ការបោះឆ្នោត​ប្រជាមតិ។
 

ប្រធានាធិបតី​ស៊ូដង់​Omar el-Béchir គ្រប់គ្រង​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស
ប្រធានាធិបតី​ស៊ូដង់​Omar el-Béchir គ្រប់គ្រង​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស ©Reuters

លោក Omar El Bechir បាន​ព្រមាន​ប្រាប់​ជាមុន ទៅ​អ្នកដឹកនាំ​នៅ​ភាគខាងត្បូង​ហើយថា ការបែកចេញ​តំបន់​ភាគខាងត្បូង​ពី​ក្រោម​រដ្ឋបាល​របស់​លោក នឹង​មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ របស់​រដ្ឋាភិបាល​ស៊ូដង់​ភាគខាងជើង។ ក្នុង​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​ខាងត្បូង និង​ខាងជើង ទីក្រុង​ Juba របស់​តំបន់​ភាគខាងត្បូង ត្រូវការ​បំពង់បង្ហូរ​ប្រេង​របស់​រដ្ឋាភិបាល​ខាងជើង​ដើម្បី​អាច​បង្ហូរ​ប្រេង​ទៅ​កាន់កំពង់ផែ​ដែរ​ដែល​ស្ថិតនៅ​ភាគខាងជើង​ទីក្រុង​Khartoum។ ជាថ្នូរ​មកវិញ រដ្ឋាភិបាល​ខាងជើង​ត្រូវ​បូម​យកប្រេង​ពី​ភាគខាងត្បូង ដោយ​គ្មាន​លក្ខខណ្ឌ។

តំបន់​ខាងត្បូង​សំបូរប្រេង ជាង​តំបន់​ខាងជើង។ ប៉ុន្តែ មេដឹកនាំ​ខាងត្បូង​ជា​អតីត​ពួកឧទ្ទាម​ដែល​បាន​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខាងជើង បន្ត​ប្រើប្រាស់​ថវិកា ដែល​បាន​មក​ពី​ការលក់​ប្រេង សម្រាប់​បំពាក់​អាវុធ​ដល់​កងទ័ព។ មេដឹកនាំ​ត្រូវការ​ពង្រឹងទ័ព​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​របស់​ពួកទ័ពព្រៃ​បច្ចុប្បន្ន។ មេដឹកនាំ​ខាងត្បូង​ក៏ធ្លាប់​វាយ​តម្លៃ​ថា ពួកទ័ពព្រៃ​មាន​ការជួយ​គាំទ្រ​ពី​ខាង​ទាហាន​រដ្ឋាភិបាល​សូដង់​នៅភាគខាងជើង។ ដូច្នេះ គេ​បារម្ភ ថា ដោយសារ​រឿងដណ្តើម​ផលប្រយោជន៍​ពី​​ប្រេងនឹង​អាច​ធ្វើ​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល ផ្ទុះជាថ្មី​នៅ​តំបន់​ភាគខាងត្បូង។
 

សមាជិកព្រឹទ្ធសភា​អាមេរិកាំង​លោក John Kerry (ស្តាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​Juba (ទីក្រុង​ស្ថិត​នៅ​ភាគខាងត្បូង​ស៊ូដង់) និង​តារាភាពយន្ត​អាមេរិកាំង​ លោក​George Clooney ឈរ​ខាងក្រោយ
សមាជិកព្រឹទ្ធសភា​អាមេរិកាំង​លោក John Kerry (ស្តាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​Juba (ទីក្រុង​ស្ថិត​នៅ​ភាគខាងត្បូង​ស៊ូដង់) និង​តារាភាពយន្ត​អាមេរិកាំង​ លោក​George Clooney ឈរ​ខាងក្រោយ ©Reuters

នៅតំបន់​ខាងត្បូង គេ​មិនបានឃើញ​ថ្នាក់ដឹកនាំ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ។ គ្មាន​សាលារៀន គ្មាន​​មន្ទីរពេទ្យ​គ្រប់គ្រាន់ តំបន់​ខាងត្បូង​ស៊ូដង់​ត្រូវ​គេ​ចាត់ទុក​ថា ប្រទេស​ដែល​មាន​ប្រជាជន​មិនចេះ​អក្សរច្រើន​ជាងគេ និង​មាន​ប្រជាជន​ដែលមាន​សុខភាព​ទន់ខ្សោយ។ នេះ​វាផ្ទុយទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ស៊ូដង់​ដែល​ជា​ប្រទេស​អ្នកមាន និង​ធំជាង​គេ​នៅ​ទ្វីបអាហ្រ្វិក។ ការមិន​ចេះ​អក្សរ របស់​ប្រជាជន ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ​នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នកទៅ​បោះឆ្នោត​មាន​តិច និង​មិនគ្រប់គ្រាន់​ដល់​៦០ភាគរយ​ដើម្បី​អាច​ផ្តាច់​ចេញពី​​រដ្ឋាភិបាល​ស៊ូដង់។ សង្រ្គាម​ស៊ីវិល ភាពល្ងង់ខ្លៅ និង​សុខភាព​ទន់ខ្សោយ​របស់​ប្រជាជន ទាំងនេះ​ជា​ឧបសគ្គ​មិន​ឲ្យ​តំបន់​ភាគខាងត្បូង​អភិវឌ្ឍ​ទៅ​មុខ​បាន៕

 
ការបោះឆ្នោតប្រជាមតិ​នេះ​មាន​រយៈពេល ៧​ថ្ងៃ។ មានតែ​ប្រជាជន​រស់នៅ​ភាគខាងត្បូង ចាប់ពី អាយុ ១៨​ឆ្នាំ​ប៉ុណ្ណោះ​ដែល​អាចទៅ​បោះឆ្នោត​សម្តែង​មតិ​របស់ខ្លួនបាន។ ប្រជាជន​ខាងត្បូង​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ភាគខាងជើង ឬ​នៅ​ក្រៅប្រទេស មាន​សិទ្ធិ​ចូលរួម​ក្នុង​ការបោះឆ្នោត​ដែរ
ក្នុង​ការិយាល័យ​បោះឆ្នោតឯណោះវិញ ពួកគេ​ត្រូវ​ជ្រើសរើស​រវាង​ក្រដាសពីរ។ ក្រដាស​មួយ​មាន​រូបសញ្ញា​ចាប់ដៃគ្នា មាន​ន័យថា គេចង់​ឲ្យ​ស៊ូដង់​នៅ​រួបរួម​តែមួយ ឯក្រដាស​មួយ​ទៀត​មាន​សញ្ញា​បាតដៃ​លា មានន័យ​ថា ពួកគេ​ចង់​ផ្តាច់ចេញ​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន។ តាមច្បាប់ ដើម្បី​អាច​កាត់ផ្តាច់​ទឹកដី​ពី​រដ្ឋាភិបាល​បាន ទាល់តែ​មាន​សំឡេង​គាំទ្រ ចាប់ពី​៦០ភាគរយ​នៃ​អ្នកចុះឈ្មោះ​បោះឆ្នោត ទាំង​ជិត​បួនលាន​នាក់។

ប្រទេស​ស៊ូដង់ ជា​ប្រទេស​ធំជាងគេ​ក្នុង​ទ្វីបអាហ្រ្វិក​មាន​ប្រជាជន​រស់នៅ​ជាង ៤៤​លាននាក់។ ប៉ុន្តែ ចាប់តាំងពី​ការធ្វើ​អាណានិគមរបស់​ប្រទេស​អង់គ្លេស និង​អេហ្ស៊ីប ស៊ូដង់​ហាក់ត្រូវ​បាន​បែកចេញ​ជាពីរ គឺ​ខាងជើង និង​ខាងត្បូង។ អង់គ្លេស​ដែល​ជា​ម្ចាស់​អាណានិគម​បាន​ធ្វើការ​កិច្ចការ​តិចតួច​នៅ​តំបន់ភាគខាងត្បូង ដោយ​យកលេស​ថា មានឧបសគ្គ​ច្រើន​ដើម្បី​ឆ្លង​ចូលទៅ​តំបន់​ភាគខាងត្បូង។ នយោបាយ​នេះ​បានបន្ត​រហូត​មកដល់​បច្ចុប្បន្ន។
 
ប្រជាជន​នៅភាគខាងជើង​មាន​ជីវភាពមានបាន ​ជាង​ប្រជាជន​នៅ​ភាគខាងត្បូង។ សង្រ្គាម​សាសនា រវាង​ទ័ព​ភាគខាងជើង និង​ពួកឧទ្ទាម​ដែល​កាន់កាប់​​ភាគខាងត្បូង មាន​រយៈពេល​ជាង ២០​ឆ្នាំ និង​ទើប​បញ្ចប់​នៅ​ឆ្នាំ ២០០៥។ សង្រ្គាម​ស៊ីវិល​នេះ​បាន​សម្លាប់​មនុស្ស​ជាង ២​លាននាក់ និង​ធ្វើ​ឲ្យ​ប្រជាជន​ស៊ូដង់​រស់នៅ​ផ្នែកខាងត្បូង ៤​លាន​នាក់​រត់ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង និង​ភាគខាងជើង។ តំបន់​ភាគខាងត្បូង​ជា​តំបន់​សំបូរ​អណ្តូងប្រេង និង​មាន​ព្រៃឈៃ​ត្រូពិក បើប្រៀបធៀប​នឹង​តំបន់​ខាងជើង​ដែលសំបូរ​តែ​វាលខ្សាច់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ