រុស្ស៊ី

ក្រុម​អវកាស​យានិក​អន្តរជាតិ រុស្ស៊ី អាមេរិក ជប៉ុន​ផ្តើម​ការងារ​ខ្លួន

អវកាស​រុស្ស៊ី​Soyuz បាញ់ចេញ​ពី​Baikonur ក្នុង​ប្រទេស​កាហ្សាក់ស្ថាន កាលពីថ្ងៃ​អាទិត្យ​ទី ១៥​កក្កដា​ ២០១២
អវកាស​រុស្ស៊ី​Soyuz បាញ់ចេញ​ពី​Baikonur ក្នុង​ប្រទេស​កាហ្សាក់ស្ថាន កាលពីថ្ងៃ​អាទិត្យ​ទី ១៥​កក្កដា​ ២០១២ © REUTERS

ផ្តើមនេះ​ក្រោយ​ពី​​ព្រឹកមិញ​វេលា​ម៉ោង ៨ និង​៥២​នាទី ម៉ោង​ម៉ូស្គូ យាន​អវកាស​រុស្ស៊ី ធុន​Soyuz ដែល​បាន​ផ្ទុក​ក្រុម​អវកាស​យានិក​​ចេញ​ពី​ផែនដី​​ទៅ កាល​ពី​២ថ្ងៃមុន បាន​ទៅតភ្ជាប់​យ៉ាង​ជោគជ័យ ជាមួយ​នឹង​ស្ថានីយ​អវកាស​អន្តរជាតិ SSI ហើយគេ​ក៏បាន​ឆ្លងចូល​ទៅទីនោះ ដើម្បី​បន្ត​បេសកកម្ម ក្នុង​មន្ទីរ​ពិសោធ​ន៍អន្តរជាតិ​នោះ​ដែល​ហោះ​ជា​ប្រចាំ នៅអវកាស។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អវកាសយានិក​អន្តរជាតិ​លើកនេះ​ផ្សំឡើង​ពី​ជាតិ​រុស្ស៊ី លោក Yuri Malenchenko តំណាង​ឲ្យ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី RosCosmos ជាតិ​អាមេរិក លោកស្រី Sunita Williams តំណាង​ឲ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង ជាតិ​ជប៉ុន លោក Akihiko Hoshide តំណាង​ឲ្យ​ទីភ្នាក់ងារ​អវកាស​ជប៉ុន JAXA។ បេសកកម្ម​របស់​ក្រុម​អវកាសយានិក​នេះ ជា​លើក​ទី ៣៣ បើគិត​តាំងពី ស្ថានីយ​អវកាស​អន្តរជាតិ SSI មាន​ចាប់ផ្តើម​បង្កើត​ឡើង តាំង​ពី​១៤​ឆ្នាំមុនមក ហើយបាន​ចប់​សព្វគ្រប់ គឺ​កាលពី ២ឆ្នាំ​មុន ដោយ​មាន​ការចូលរួម​នៃ ១៦​ប្រទេស ក្នុងនោះ​មាន រុស្ស៊ី ស.រ.អា. កាណាដា ជប៉ុន និង បណ្តា​ប្រទេស​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ។ ស្ថានីយ​នេះ បច្ចុប្បន្ន ហោះតាម​តារាវិថី​ជុំវិញ​ផែនដី នៅ​កំពស់ ៣៨៥គម។

 
ក្នុង​រយៈពេល ១២៤ថ្ងៃ ដែល​នឹង​ពន្យារ​ទៅ​បេសកកម្ម​របស់គេ ក្នុង​ស្ថានីយ SSI អវកាសយានិក ៣​ប្រទេស​ខាងលើ​ត្រូវ​បំពេញ​ការពិសោធន៍​វិទ្យាសាស្ត្រ ចំនួន​ជិត ៤០ ឧទាហរណ៍ អ្នកអវកាស អាមេរិកាំង​ធ្វើការ​ពិសោធ​២លើ ផ្នែក​វេជ្ជសាស្ត្រ មួយ​ឈ្មោះ Sprint ដើម្បី​បំភ្លឺ តើ​ការហាត់ប្រាណ​ណា​ដែល​ល្អ​សម្រាប់​សរីរាង្គកាយ​ពេល​ស្ថិត នៅក្នុង​ស្ថានីយ​អវកាស និង​មួយទៀត ឈ្មោះ ICV ឆ្ពោះ​ទៅ​ស្រាវជ្រាវ ប្រព័ន្ធ​សរសៃ​បេះដូង​របស់​អ្នកអវកាស។

ចំណែក​អ្នកអវកាស​ជប៉ុន គឺ​ធ្វើការ​ពិសោធន៍​លើ​ត្រីទឹកសាប​ម្យ៉ាង ដើម្បី​សង្កេតមើល តើ ជាលិកា​ឆ្អឹងវា​រង​ការប្រែប្រួល​យ៉ាងណា ពេល​ស្ថិតនៅ យ៉ាងយូរ​ក្នុងអវកាស គឺ​ក្នុងស្ថានភាព​ដែល​គ្មាន​ទំនាញ​របស់​ផែនដី។ តាម​សំដី​លោក Akihiko Hoshide ការពិសោធន៍​នេះ​មានន័យ​សំខាន់​សម្រាប់​ការចិញ្ចឹមត្រី នៅលើ​ផែនដី។

អ្នកអវកាស​រុស្ស៊ីវិញ​បាន​យកតាមខ្លួន​សម្រាប់​ធ្វើការ​​ពិសោធន៍ នៅអវកាស គឺ ពីងពាងលោត  និង មើមអ៊ាស៊ីម។

ក្នុង រយៈពេល ៤ខែ ដែល​គេ​នឹង​ស្នាក់នៅ ធ្វើការក្នុង ស្ថានីយSSI ក្រុម​អវកាសយានិក​អន្តរជាតិ​ក៏ត្រូវ​ទទួល​នាវា​ផ្ទុក​ស្បៀង​ចំនួន ៣ ពី​ផែនដី ទៅ ពី​ក្នុង​នោះ ២ គឺ​របស់​រុស្ស៊ី ១ របស់​អាមេរិក និង​នាវា ១ទៀត​របស់​ជប៉ុន គឺ​ផ្ទុក​ទៅដោយ មីក្រូ​សាតេលីត​ចំនួន​៥ សម្រាប់​បង្ហោះ​ចេញ​ពី​ស្ថានីយ​SSI ដោយ​ប្រើ​ឧបករណ៍​ជា ដៃ​បង្ហោះ របស់​ជប៉ុន​ផ្ទាល់។

ជា​ការកត់សម្គាល់ ឥឡូវ​ស្នាក់នៅ​ធ្វើការ ក្នុង​ស្ថានីយ SSI ក៏មាន​អវកាសយានិក មួយក្រុម​ផ្សេង ក្នុងនោះ​មាន ជាតិ​រុស្ស៊ី ២នាក់ និង​ជាតិ​អាមេរិក​ម្នាក់ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ខ្លួន ក្នុង​២ខែ​កន្លះទៀត ហើយ​នឹង​ត្រឡប់​មកផែនដី​វិញ គឺ​នៅចុង​ខែ​កញ្ញា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI