កំពង់ផែទីមួយសាងសង់ដោយប្រាក់វិនិយោគចិនចាប់មានសកម្មភាព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កំពង់ផែសមុទ្រទីមួយសាងសង់ដោយប្រទេសចិននៅស្រីលង្កា ដែលជានិមិត្តរូបនៃការបោះទុនធ្វើវិនិយោគនៃទីក្រុងប៉េកាំងនៅតំបន់អាស៊ីប៉ែកខាងត្បូង បានចាប់ផ្តើមមានសកម្មភាពពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃពុធទី៦មិថុនាឆ្នាំ២០១២នេះ ដោយទទួលបាននូវរថយន្តប្រមាណមួយពាន់គ្រឿងមកពីប្រទេសឥណ្ឌា សម្រាប់ដឹកបញ្ជូនទៅកាន់ប្រទេសអាលហ្សេរី។
ឋិតនៅក្នុងតំបន់ Hambantota ប៉ែកខាងត្បូងនៃកោះស្រីលង្កា ដែលជាដែនអំណាចរបស់លោកប្រធានាធិបតី Mahinda Rajapakse កំពង់ផែសមុទ្រទឹកជ្រៅសាងសង់ដោយទីក្រុងប៉េកាំងបានតម្រូវឲ្យចំណាយអស់ទឹកប្រាក់ប្រមាណ១ ៥០០លានដុល្លារ។ កំពង់ផែនេះឋិតនៅលើផ្លូវនាវាចរណ៍អន្តរជាតិដ៏សកម្មដែលមាននាវាប្រមាណពី២០០ទៅ៣០០គ្រឿងក្នុង១ថ្ងៃៗធ្វើដំណើរឆ្លងកាត់។
កំពង់ផែ Hambantota នេះបានស្គាល់ដំណើរការយឺតយ៉ាវអស់រយៈពេលមួយឆ្នាំ ហើយគោលបំណងនៃកំពង់ផែនេះគឺជួយជំរុញការដោះដូរពាណិជ្ជកម្មនៅអាស៊ីនិងជួយជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចនៅស្រីលង្កា។ កោះស្រីលង្កាដែលបានស្គាល់សង្គ្រាមស៊ីវិលដ៏សែនសាហាវនារយៈកាល៣ទសវត្សរ៍ចុងក្រោយនេះ។
គួរកត់សម្គាល់ថា មហាអំណាចតំបន់ដែលជិតប្រទេសស្រីលង្កាជាងគេគឺប្រទេសឥណ្ឌា បានបដិសេធពុំព្រមសាងសង់កំពង់ផែ Hambantota នេះ ដោយសំអាងថា គ្មានផលប្រយោជន៍សំខាន់ក្នុងវិស័យពាណិជ្ជកម្ម។ ក៏ប៉ុន្តែ ការសាងសង់កំពង់ផែឋិតនៅក្នុងតំបន់ Hambantota ប៉ែកខាងត្បូងនៃកោះស្រីលង្កាដោយប្រទេសចិនពុំបានធ្វើឲ្យប្រទេសឥណ្ឌាសប្បាយចិត្តឡើយ ដោយហេតុទីក្រុងញូវដែលីខ្លាចអានុភាពរបស់ទីក្រុងប៉េកាំងរីកកាន់តែខ្លាំងឡើងៗក្នុងតំបន់។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងចង់ចងក្រងឲ្យមានការប្រទាក់បណ្តាក់គ្នារវាងកំពង់ផែសមុទ្រចាប់តាំងពីកំពង់ផែនៃប្រទេសប៉ាគីស្ថាន កោះម៉ាល់ឌីវ ស្រីលង្កា បង់ក្លាដែស ប្រទេសភូមា ។ល។ ដើម្បីបម្រើយុទ្ធសាស្ត្រឡោមព័ទ្ធប្រទេសឥណ្ឌា។
ប្រទេសចិនចាប់តាំងពីពេលនោះមកបានទទួលយល់ព្រមសាងសង់កំពង់ផែទីពីរនៅរដ្ឋធានីកូឡុំបូ ហើយសហគ្រាសចិនបានសន្យាថានឹងធ្វើការបោះទុនប្រមាណ៥០ពាន់លានដុល្លារទៀតចាប់ពីពេលនេះទៅ១០ឬ១៥ឆ្នាំខាងមុខ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មស្រីលង្កា។
នៅប្រទេសដទៃទៀតនៃតំបន់អាស៊ីខាងត្បូង ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅប្រទេសប៉ាគីស្ថាន សាងសង់ផ្លូវរថភ្លើងនៅប្រទេសនេប៉ាល់។ ប្រទេសនេប៉ាល់ដែលជាសម្ព័ន្ធមិត្តចាស់របស់ប្រទេសឥណ្ឌា កំពុងឃើញឥទ្ធិពលរបស់ទីក្រុងប៉េកាំងរីកសាយភាយកាន់តែខ្លាំងឡើងៗ។ ទាំងនេះនឹងធ្វើឲ្យប្រទេសឥណ្ឌាកើតមានក្តីបារម្ភពុំតិចឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ