ប៉ាគីស្ថាន

បាតុកម្ម​ប្រឆាំង​នឹង​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់​ទ័ព​អាមេរិកាំង

បាតុកម្ម​របស់​ប្រជាជន​ប៉ាគីស្ថាន​ប្រឆាំង​អាមេរិក
បាតុកម្ម​របស់​ប្រជាជន​ប៉ាគីស្ថាន​ប្រឆាំង​អាមេរិក ©Reuters

ប្រជាជន​ប៉ាគីស្ថាន​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​ទី​២៨​តុលា​នេះ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។ បាតុកម្ម​នេះ​ដែល​ដឹក​នាំ​ដោយ​មេធាវី​ម្នាក់ និង​ដែល​គាំទ្រ​ដោយ​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន ប្រឆាំង​នឹង​ការ​ដែល​កងទ័ព​អាមេរិកាំង​ប្រើប្រាស់​យន្តហោះ​ដ្រូន​(drone)​គ្មាន​មនុស្ស​បើក នៅ​តាម​ជាយ​ដែន​ឬ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ពួក​អ្នក​រៀប​ចំ​បាតុកម្ម​នេះ អះអាង​ថា​៨០%​នៃ​អ្នក​រងគ្រោះ​ដោយ​យន្តហោះ​ដ្រូន​អាមេរិកាំង ជា​ប្រជាជន​ស៊ីវិល។ ប៉ុន្តែ មក​ទល់​ពេល​នេះ ក្រៅ​ពី​សង្គម​ស៊ីវិល មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ពី​រឿង​យន្តហោះ​ដ្រូន​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាដ​គាំទ្រ​ឲ្យ​កងទ័ព​អាមេរិកាំង​បន្ត​ប្រើប្រាស់​យន្តហោះ​ដ្រូន នៅ​លើ​ទឹកដី​ប៉ាគីស្ថាន​តទៅ​ទៀត​ដើម្បី​កម្ទេច​ពួក​តាលីបង់​ដែល​ស្និទ្ធ​នឹង​អង្គការ​ភេរវកម្ម​អាល់កៃដា។ ដោយសារតែ​ប្រតិបត្តិការ​របស់​យន្តហោះ​ដ្រូន​អាមេរិកាំង កងទ័ព​ប៉ាគីស្ថាន​មិន​ចាំបាច់​ដេញ​តាម​ប្រហារ​ពួក​តាលីបង់​ដែល​បន្ត​បង្ក​ភេរវកម្ម​ឥត​ឈប់ឈរ។ រី​ឯ សាធារណៈ​មតិ​វិញ​មិន​សូវ​ជា​គាំទ្រ​ទេ តែ​ក៏​មិន​ទាន់​ចេញ​មុខ​ប្រឆាំង​ខ្លាំងក្លា​ដែរ។

មក​ទល់​ពេល​នេះ កងទ័ព​អាមេរិកាំង​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​ធ្វើការ​វាយប្រហារ​យ៉ាង​តិច​២៦០​ដង ជាហេតុ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​យ៉ាង​តិច​១ ៧០០​នាក់ តាំង​ពី​ឆ្នាំ​២០០៤​មក។ សម្រាប់​លោក​មេធាវី​Akbar ដែល​ជា​មេដឹកនាំ​បាតុកម្ម នៅ​ថ្ងៃ​នេះ ៨០%​នៃ​អ្នករងគ្រោះ​ដោយ​យន្តហោះ​ដ្រូន​អាមេរិកាំង ជា​ប្រជាជន​ស៊ីវិល។ រី​ឯ​អាជ្ញាធរ​ប៉ាគីស្ថាន​វិញ​អះអាង​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​យន្តហោះ​ដ្រូន មាន​ប្រជាជន​ស៊ីវិល​យ៉ាង​ច្រើន​ណាស់​១០%។ តួ​លេខ​នេះ​អាច​កើន​រហូត​ដល់​ទៅ​២០% បើ​យោង​ទៅ​តាម​វិទ្យាស្ថាន​អាមេរិកាំង​New America Foundation។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​ម្សិលមិញ យន្តហោះ​ដ្រូន​អាមេរិកាំង​បាន​ធ្វើការ​វាយ​ប្រហារ​ពីរ​លើក​ទៀត ទៅ​លើ​តំបន់​កុលសម្ព័ន្ធ​ក្នុង​ទឹក​ដី​ប៉ាគីស្ថាន ជាប់​នឹង​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI