ឥណ្ឌូនេស៊ី

ការ​ភ័យ​ជ្រួល​ច្រ​បល់​ស្លន់​ស្លោ​ដោយ​ការ​​រញ្ជួយ​ដី​ក្នុង​សមុទ្រ​នៅ​កោះ​បាលី​

ការ​ភ័យ​ជ្រួល​ច្របល់​ស្លន់​ស្លោ​ដោយ​ការ​រញ្ជួយដី​ក្នុង​សមុទ្រ​នៅ​កោះ​បាលី​នៅព្រឹកថ្ងៃព្រហ្បតិ៍ទី​១៣តុលា​២០១១។
ការ​ភ័យ​ជ្រួល​ច្របល់​ស្លន់​ស្លោ​ដោយ​ការ​រញ្ជួយដី​ក្នុង​សមុទ្រ​នៅ​កោះ​បាលី​នៅព្រឹកថ្ងៃព្រហ្បតិ៍ទី​១៣តុលា​២០១១។ REUTERS/Zul Eduardo

នៅ​​​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​ ​១៣ ​តុលា​នេះ ​​ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង​មួយ​​​​កំរិត​ ៦.២​ ​អង្សា​ស្រប​តាម​​​មាត្រដ្ឋាន​ ​Richter​ ក្នុង​​សមុទ្រ​​នៅ​កោះ​​បាលី​​​នៃ​ប្រ​ទេស​​ឥណ្ឌូនេស៊ី​​ បណ្តាល​​ឲ្យ​មាន​​មនុស្ស​​ត្រូវ​​របួស ​ជា​ច្រើ​ន​នាក់​​និង​បណ្តាល ​ឲ្យ​​មាន​​ការ​​​ភ័យ​ជ្រួល​ច្របល់​ស្លន់​​ស្លោ​​ក៏​ព្រម​ទាំង​ជំរុញ​ឲ្យ​​អ្នក​​ទេសចរ​រាប់​រយ​នាក់​ រត់​ចាក​ចេញ​ជា​បន្ទាន់​ដែរ​​ពី​សណ្ឋាគារ​របស់​គេ។​​ 

ផ្សាយពាណិជ្ជកម្ម

ការ​​​រញ្ជួយ​ដី​នៅ​ព្រឹកមិញ​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​​១០​និង​១៦​នាទី​ម៉ោង​​ក្នុង​​ស្រុក​​ ​ក្នុង​​កណ្តាល​​សមុទ្រ​ជម្រៅ​​៦១​គម​ ​ចម្ងាយ​​ ៤០​គម​​​ពី​​តំបន់​​ឆ្នេរ​​ប៉ែក​​ខាង​​ត្បូង​​​នៃ​កោះ​ឈ្មោះ​​ « អាទិទេព»​ ។

ការ​រញ្ជួយ​ដី​នេះ ​​បាន​បណ្តាល​​ឲ្យ​មាន​អ្នក​របួស​ស្រាលចំនួន ១៧ នាក់​- នេះ​បើយោង​តាម​ អ្នក​នាំពាក្យម្នាក់​នៃ​ ទីភ្នាក់ងារជាតិ​ឥណ្ឌូនេស៊ី​​​ផ្នែកគ្រ​ប់​គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ។

មន្ទីរពេទ្យជាច្រើនកន្លែង ​-សាលារៀន​ ចំនួន​​៣ និង​អគាររដ្ឋាភិបាល ២ កន្លែងក៏បាន​ទទួល​​​ការ​ខូចខាតដែរ។ អ្នកកាសែតម្នាក់ នៃ​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង​ ​AFP និយាយប្រាប់ ថា គេឃើញ​ដំបូល​មន្ទីរពេទ្យ​មួយ បានអន្តរាយដោយអន្លើ​ ជាហេតុ​​​ឲ្យគេជម្លៀស​អ្នក​ជម្ងឺរាប់សិបនាក់​ចេញ​ពី​មន្ទីរពេទ្យភ្លាម ។ គ្រូពេទ្យម្នាក់នៅក្នុង​តំបន់ បាន​បញ្ជាក់​ថា ​អ្នកត្រូវរបួសចំនួន​៤៤ នាក់​ហើយ​​​ ត្រូវបាន​គេដឹក​មក​កាន់​មន្ទីរ​ពេទ្យ​​នេះ ​ដោយ​ហេតុ​តែពួកគេត្រូវរបួស​ត្រង់​ក្បាល​​ឬ ក៏​មាន​​ស្នាមមុត​នៅលើខ្លួនប្រាណ។​  

ការរញ្ជួយដីដ៏ខ្លាំង បានលាន់ឮជាច្រើននាទី ទៅដល់ ស្ថានីយ​ឆ្នេរសមុទ្រសម្បូរ​ដោយ​អ្នក​ទេសចរ​នៅ Kuta ស្ថិត​នៅ​ប៉ែកខាងត្បូងនៃកោះបាលី។

អ្នកទេសចររាប់រយនាក់ ភ័យតក់ប្រមា បាននាំគ្នា​រត់ភៀសខ្លួនចេញ​ពី​បន្ទប់​សណ្ឋាគារ​​និង ភោជនីយដ្ឋាននៅតាមបណ្តោយ ឆ្នេរខ្សាច់ នៃកោះ Kuta និង មក​ផ្តុំ​គ្នា​នៅ​លើ​ផ្លូវ​ថ្នល់​ ដោយស្រែក​យ៉ាងខ្លាំងៗថា « ដីរញ្ជួយៗ »។  

ទន្ទឹមនេះដែរ គេឃើញ​ជញ្ជាំងមួយផ្ទាំងនៃទីផ្សារលក់ទំនិញយីហោ Carrefour បាន បាក់​បែកខ្ទេចខ្ទីអស់ ហើយអគារជាច្រើនទៀត ក៏បានទទួលរង​ការខូចខាត​ដូច ជា​ជញ្ជាំង​​ត្រូវប្រេះស្រាំ ហើយ ម្នាងសិលា បានធ្លាក់អស់។

គូររំលឹកថា ឥណ្ឌូនេស៊ី ជាប្រទេសមួយស្ថិត​នៅ លើ » ខ្សែក្រវាត់ភ្លើង »​នៃមហាសាគរ​ប៉ាស៊ីហ្វិក​​ដែល​ការប៉ះទង្គិចគ្នារវាងផ្ទាំងថ្មធំៗសម្បើម​ក្នុងដីបាតសមុទ្រ បណ្តាល​ឲ្យមានការផ្ទុះភ្នំភ្លើង និង​ការរញ្ជួយដី យ៉ាងខ្លាំង។

ទោះបីជាការរញ្ជួយដីនេះ កើតមានជាញឹកញាប់ក៏ដោយ ក៏ការរញ្ជួយដី​នៅកណ្តាល​សមុទ្រ​ ឆ្ងាយពីឆ្នេរសមុទ្រឥណ្ឌូនេស៊ីនេះ ធ្វើ​ឲ្យ​គេនឹកពិភាល់​ខ្លាច​មានការរញ្ជួយដី​ដ៏​ខ្លាំង​បំផុតរហូត​ដល់លើស​ពីកំរិត​៩អង្សា ដូចកាលនៅឆ្នាំ​២០០៤ កន្លងផុតទៅ​នៅ​លើកោះ Sumatra និងដែល​បង្កឲ្យក្លាយ​ទៅជារលកយក្ខ Tsunami​ នៅក្នុង​សមុទ្រ នៃ​​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ប្រមាណជា១០ និង បានបណ្តាល​ឲ្យស្លាប់​មនុស្ស​ប្រមាណ​ជា ​២២ ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI