ចិននិងអាមេរិកប្រជែងគ្នាក្នុងវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីថ្ងៃសៅរ៍ទី ១៣ វិច្ឆិកានេះ ដល់ថ្ងៃអាទិត្យស្អែក មានរៀបចំវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅទីក្រុងYokohama ប្រទេសជប៉ុន។ ជំនួបនេះគ្របដណ្តប់ទៅដោយប្រធានបទពីរសំខាន់ៗ គឺជម្លោះការទូតរ៉ាំរ៉ែ រវាងជប៉ុនជាមួយប្រទេសជិតខាង និង ពិសេសសំណុំរឿងសេដ្ឋកិច្ច។ ប្រមុខរដ្ឋនិងរដ្ឋាភិបាលទាំង២១ប្រទេស នឹងពិភាក្សាអំពីបញ្ហារូបិយវត្ថុ បន្តពីជំនួបកំពូលG20 នៅទីក្រុងសេអ៊ូល និងការបង្កើតតំបន់ផ្តោះប្តូរពាណិជ្ជកម្មដោយសេរី ក្រោមការប្រកួតប្រជែងគ្នារវាងចិននិងសហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
ដូចក្នុងជំនួបG20 នៅទីក្រុងសេអ៊ូលដែរ លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលកំពុងមានមុខនៅវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នាទីក្រុងកំពង់ផែ យ៉ូកូហាម៉ា ប្រទេសជប៉ុន ជាមួយនឹងសមភាគីចិន រុស្ស៊ី និងប្រមុខរដ្ឋ-រដ្ឋាភិបាល សរុបទាំងអស់២១ប្រទេស បានប្រកាសការពារជាថ្មី នយោបាយផ្តល់កំណើនសេដ្ឋកិច្ច ដោយធ្វើឲ្យប្រាក់ដុល្លារមានតម្លៃថោក។
ជាងនេះទៅទៀត លោក អូបាម៉ា បានប្រកាសពីចេតនារបស់អាមេរិក ចង់លូកដៃចូលកាន់តែជ្រៅ ទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការបង្កើតឲ្យមានតំបន់ផ្តោះប្តូរដោយសេរី កាន់តែធំទូលាយ ដល់ត្រើយម្ខាងទៀតនៃ "មហាសមុទ្ទប៉ាស៊ីហ្វិក”។ តំបន់ផ្តោះប្តូរដោយសេរី អាស៊ី-ប៉ាស៊ីហ្វិកដ៏ធំទូលាយនេះ នឹងត្រូវកំណត់ឲ្យកាន់តែច្បាស់ នាឱកាសជំនួបកំពូលAPEC នៅឆ្នាំ២០១១ ដែលមានអាមេរិកជាម្ចាស់ផ្ទះ។
សំណើរបស់សហរដ្ឋអាមេរិកនេះ វាផ្ទុយស្រឡះពីការផ្តួចផ្តើមរបស់ចិន ដែលចង់បង្កើតតំបន់ផ្តោះប្តូរពាណិជ្ជកម្មដោយសេរី សម្រាប់តែ “តំបន់អាស៊ី” មួយដាច់មុខ ព្រោះក្រុងប៉េកាំងធុញទ្រាន់នឹងគំនាបរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងៗ និងយល់ថានយោបាយរូបិយវត្ថុអាមេរិកបច្ចុប្បន្ននេះ ជាគ្រោះថ្នាក់មួយសម្រាប់តំបន់អាស៊ី។
សម្ពាធភូមិសាស្ត្រនយោបាយ ក៏ជាប្រធានរឿងសំខាន់មួយក្នុងរបៀបវារៈនៃវេទិកាAPECនេះដែរ។ ជាអាទិ៍វិបត្តិជប៉ុន-រុស្ស៊ី ក្នុងសំណុំរឿងប្រជុំកោះគួរីល ដែលបានផ្ទុះឡើងជាថ្មី ដោយជប៉ុនមិនពេញចិត្តនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីមេដវេដេវ នៅលើប្រជុំកោះគួរីល កាលពីពេលថ្មីៗនេះ។ ដើម្បីបន្ធូរបន្ថយសម្ពាធការទូតរវាងគ្នា ប្រមុខរដ្ឋរុស្ស៊ី និងប្រមុខរដ្ឋាភិបាលជប៉ុន បានជួបពិភាក្សាគ្នា ស្តីពីបញ្ហានេះ នៅក្រៅក្របខ័ណ្ឌ APEC។ ចំពោះវិបត្តិការទូត ចិន-ជប៉ុនវិញ ជំនួបទេ្វភាគី រវាងនាយករដ្ឋមន្ត្រីជប៉ុន ណាអូតូ កាន់ និងប្រធានាធិបតីចិន ហ៊ូជិនតាវ ក៏នឹងត្រូវរៀបចំធ្វើ ក្រៅក្របខ័ណ្ឌAPEC ដែរ នៅល្ងាចថ្ងៃសៅរ៍នេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ