អានតួអត្ថបទ
រុស្ស៊ី-អៀរ៉ង់

ជំនួប​កំពូល​លើក​ទី៣ នៃ​៥​ប្រទេស​នៅ​តាម​មាត់​សមុទ្ទ Caspienne

ប្រធានាធិបតី​អៀរ៉ង់​ធ្វើ​សន្និសីទ​កាសែត​មុន​ការប្រជុំ​រវាង​ប្រទេស​តាម​សមុទ្រ​Caspienne ក្នុង​ទីក្រុង​Bakou រដ្ឋធានី​Azerbaidjan
ប្រធានាធិបតី​អៀរ៉ង់​ធ្វើ​សន្និសីទ​កាសែត​មុន​ការប្រជុំ​រវាង​ប្រទេស​តាម​សមុទ្រ​Caspienne ក្នុង​ទីក្រុង​Bakou រដ្ឋធានី​Azerbaidjan ©Reuters
ដោយ៖ កែវ ឆាយា
២២ នាទី

៥​ប្រទេសនោះ​ គឺ Russie Azerbaidjan Iran Turkmenistan Kazakhstan។ កម្មវត្ថុ​ធំ​ចំបង​នៃ​ជំនួប គឺ​ការពិភាក្សា​អំពី “អនុសញ្ញា​ដែល​កំណត់ លក្ខន្តិកៈ​គតិយុត្ត​ថ្មី របស់ សមុទ្ទ Caspienne“។ ក្នុង​ក្របខ័ណ្ឌ​ជំនួប​កំពូល​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev នឹង ធ្វើ​កិច្ច​ចរចា ដាច់​ដោយឡែក ជាមួយ​សមភាគី​អៀរ៉ង់ គឺ​លោក Ahmadinejad ជាពិសេស ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អៀរ៉ង់។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​កែវ ឆាយាពី​ទីក្រុង​ម៉ូស្គូ

ជំនួប​កំពូល​លើក​ទី ៣​នេះ ចាប់ផ្តើម​ការងារ​ខ្លួន នៅក្រុង Bakou រដ្ឋធានី Azerbaidjan គឺ នៅ​ម៉ោង ៤​រសៀល ម៉ោង​ក្នុង​ស្រុក​នោះ​ ត្រូវ​នឹង​ម៉ោង ៧​ល្ងាច​ម៉ោង នៅភ្នំពេញ។ ទោះបី​វា​បាន​ប្រព្រឹត្ត​ទៅ អស់​២លើក៖ លើកទី១ នៅរដ្ឋធានី Turkmenistan ក្នុងឆ្នាំ ២០០២ ហើយ​លើក​ទី២ នៅ​រដ្ឋធានី​របស់​អៀរ៉ង់ ក្នុងឆ្នាំ​២០០៧ ក្តី​ ក៏​រឿងកំណត់ លក្ខន្តិកៈ​គតិយុត្ត​ថ្មី របស់ សមុទ្ទ Caspienne ​នៅមិនទាន់​ដោះស្រាយ​បានរួច។ នោះ​មាន​ន័យ​ថា បញ្ហា​បែងចែក​ធនធាន​ក្នុង​សមុទ្ទ​នេះ ពោល​គឺ កំណប់​ប្រេងកាត​ កំណប់​ឧស្ម័ន​ធម្មជាតិ សម្បត្តិ​ត្រី មច្ឆា។ល។ ក៏​នៅ​មិន​ទាន់​រៀបរយ បាន​រួច​ជាស្ថាពរ​នៅឡើយ។

សាមី​ប្រទេស​ទាំង​៥ គឺ Russie Azerbaidjan Iran Turkmenistan Kazakhstan ដែល​ស្ថិតនៅ​តាម​មាត់​សមុទ្ទCaspienne សមុទ្ទ​ដែល​មានផ្ទៃ​ក្រឡា ៣៧៦.០០គមឬ​ពីរដង​ធំជាង​ស្រុកខ្មែរ​បាន​ព្រមព្រៀង​នឹង​គ្នា​ថា ដរាបណា​ដែល​មិនទាន់​អនុម័ត​យក លក្ខន្តិកៈ​គតិយុត្ត​ថ្មី របស់​សមុទ្ទ​នេះ គឺ​គេ​នៅ​បន្ត​ប្រកាន់​យក​សន្ធិសញ្ញា​សូវៀត-អៀរ៉ង់ ចុះឆ្នាំ ១៩២១ និង​១៩៤០។ មាត្រា​មួយ​នៃ​ឯកសារនេះ​ចែងថា រដ្ឋនីមួយៗ​នៅតាម​មាត់​សមុទ្ទ​នោះ​មាន​សិទ្ធិ​នេសាទ​ត្រី នៅតាម​ដែនទឹក ទទឹង​ប្រវែង ១០ Miles នៅតាម​បណ្តោយ​ឆ្នេរ​របស់ខ្លួន។ នេសាទ​នេះ គឺ​ដោយ​កប៉ាល់​ក្រោ​មទង់ជាតិ​សមស្រប​របស់គេ។

សំរាប់​ជា​ការ​កត់សំគាល់ ពិត​ជា​សេក្តី​ថ្លែងការណ៍​រួម​ចេញ​ដោយ ជំនួបកំពូល នៅក្រុង​Teheran ឆ្នាំ ២០០៧ ដែល​ចងជា​កាតព្វកិច្ច ទៅ​លើ​៥​រដ្ឋ នៅតាម​ឆ្នេរ​សមុទ្ទCaspienne កុំ​ឲ្យ​ផ្ដល់​ដែនដី​ខ្លួន ទៅ​ប្រទេស​ទីបី សំរាប់​ប្រព្រឹត្ត​អំពើ​ឈ្លានពាន និង​សំខាន់​បំផុត​ គឺ​ទទួលស្គាល់​ សិទ្ធិ​របស់​៥​ប្រទេស​នោះ អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ​របស់​ខ្លួន ប៉ុន្តែ ក្នុង​ល័ក្ខខ័ណ្ឌ នៃ​ការគោរព​តាម “របប​អន្តរជាតិ​ដែល​ហាមប្រាម​ការសាយភាយ​អាវុធ​បរមាណូ“។ ដូច្នេះ គឺ​ទទួល​ស្គាល់​សិទ្ធិ​របស់​អៀរ៉ង់​ធ្វើការ​ស្រាវជ្រាវ​នុយក្លេអ៊ែរ សំរាប់​បម្រើ​គោលដៅ​ស៊ីវិល។

ពិតជា​កម្មវិធី​នុយក្លេអ៊ែរ​របស់​អៀរ៉ង់​ដែល​នឹង​ក្លាយជា​សាច់រឿង​ធំចំបង​នៃ​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក នៅថ្ងៃនេះ រវាងលោក​ប្រធានាធិបតី​រុស្ស៊ី Medvedev និង​លោក​ប្រធានាធិបតី​អៀរ៉ង់ Ahmadinejad ​ដែលជាជំនួប​លើក​ទី១ ក្រោយ​ពី​លោក Medvedev ដោយ​សាមគ្គី​ជាមួយ​បស្ចិមលោក កាល​ពី​ថ្ងៃ ២២កញ្ញា បាន​ចេញ​ក្រិត្យ តម្រូវ​ឲ្យ​ទីក្រុង​ម៉ូស្គូ គោរពតាម​សេចក្តីសំរេច របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​ដាក់​ទណ្ឌកម្ម​អៀរ៉ង់ ចំពោះ ឥរិយាបថ​រឹងរូស​របស់​ Teheran ដែល​នៅតែបន្ត ធ្វើការ​ចំរើនធាតុ​Uranium សំដៅ​ផលិត​ជា​អាវុធ​បរមាណូ​តែម្តង។

ស្រប​នឹង​ក្រិត្យនេះ ភាគីរុស្ស៊ី​ប្រកែក​មិនលក់​ទៅ​ឲ្យ​អៀរ៉ង់​ឡើយ នូវ​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែន​អាកាស ធុន​S-300 ចំនួន ៥​ប្រព័ន្ធ​តម្លៃសរុប ៨០០​លាន​ដុល្លារ​អាមេរិក ទោះបី​កុងត្រា​ស្តីអំពី​ការលក់​នេះ​ត្រូវបាន​ចុះ តាំងពីឆ្នាំ​២០០៧ក្តី។ ចំពោះ​ការប្រកែក​លក់​នេះ រុស្ស៊ី ត្រូវ​សង​ទៅ​អៀរ៉ង់​វិញ​នូវ​ប្រាក់កក់ ទំហំ ១៦៦​លាន ៨សែន​ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ