រុស្ស៊ី

វេទិកា​អន្តរជាតិ ខាង​អភិរក្ស និង ស្តារ​ឡើងវិញ ចំនួន​សត្វខ្លា​លើ​ផែនដី

កូន​ខ្លា​សអាយុ​ ៩​ខែ​ នៅ​ក្នុង​សួន​សត្វ Royev Ruchey ក្រុង​ Krasnoïarsk
កូន​ខ្លា​សអាយុ​ ៩​ខែ​ នៅ​ក្នុង​សួន​សត្វ Royev Ruchey ក្រុង​ Krasnoïarsk Reuters/Ilya Naymushin

វេទិកា​នេះ ប្រព្រឹត្ត​ទៅ​នៅ​ក្រុង Saint-Petersbourg របស់​រុស្ស៊ី ដោយ​បាន​ចាប់​ផ្តើម​តាំងពី​ម្សិលមិញ​មក​ ហើយ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ស្អែក ដោយ​ការ​អនុម័ត​យក ៖ “កម្មវិធី​សកល​ខាង​អភិរក្ស និង​ ស្តារ​ឡើង​វិញ​ចំនួន​សត្វ​ខ្លា​លើ​ផែនដី”។ ចូលរួម​ គឺ បណ្តា​តំណាង​នៃ ១៣​ប្រទេស​ ជាទី​ដែល​មាន​សត្វ​ខ្លា​ ខ្លាធំ​ ខ្លា​ដំបង រស់​នៅ​ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

១៣​ប្រទេស​ជា​ទី ​ដែល​នៅ​មាន​សត្វខ្លា រស់​នៅ គឺ បង់ក្លាដែស ភូតង់​ កម្ពុជា ចិន​ដី​គោក ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា នេប៉ាល់ រុស្ស៊ី ថៃ វៀតណាម។ គេ​ចូលរួម​នោះ ដោយ​តំណាង​របស់​គេ ក្នុង​ជាន់​ថ្នាក់​ខុសៗ​គ្នា។ យ៉ាងណាមិញ ប្រទេស​រុស្ស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ ​តំណាង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី Poutine និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ។

តំណាង​ដល់​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល ក៏​ទាំង​មហា​ប្រទេស​ចិន និង​ ប្រទេស​ឡាវ។ តាមពិត ទាំង​ប្រទេស​ថៃ ក៏​គ្រោង​ចូលរួម​ដោយ​លោក​នាយក​រដ្ឋមន្ត្រី អាភិស៊ីត​ដែរ ប៉ុន្តែ ក្រោយពី រដ្ឋាភិបាល​ថៃ បាន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​រុស្ស៊ី ឈ្មោះ Viktor Bout ទៅ​ឲ្យ​ស.រ.អា.​ទៅ លោក​ អាភិស៊ីត ក៏​រអៀស​ខ្លួន​លុប​ទៅ​វិញ​ទៅ​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​នោះ​មក​កាន់​ប្រទេស​រុស្ស៊ី ហើយ​ក៏​បញ្ជូន​ត្រឹម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឲ្យ​មក​ចូលរួម​ជំនួស​គាត់។ ប្រទេស​ឯ​ទៀត តំណាង​ដោយ​រដ្ឋមន្ត្រី ឬ​មួយ​ក្រសួង​បរិស្ថាន ឬ​មួយ​ក្រសួង​រុក្ខានិង​ប្រមាញ់ ឬ​មួយ​ក្រសួង​កសិកម្ម។ ទាក់ទង​នឹង​កម្ពុជា ប្រភព​នៅ​រុស្ស៊ី​ មិន​លំអិត​ឲ្យ​ដឹង​ឡើយ តើ​ការ​ចូលរួម​នោះ​មាន​កំរិត​ដល់​ជាន់​ថ្នាក់​ណា។

វេទិកា​អន្តរជាតិ​ នៅក្រុង Saint-Petersbourg ខាង​ អភិរក្ស និង​ ស្តារ​ឡើង​វិញ​ចំនួន​សត្វខ្លា​ ប្រព្រឹត្ត​ទៅ គឺ​តាម​គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី និង ធនាគារ​ពិភពលោក។ គុណូបការៈ​​របស់​រុស្ស៊ី តាម​ប្រសាសន៍​លោក James Leep ដែល​ជា​ប្រធាន​ “មូលនិធិ​ពិភពលោក ​ខាង​អភិរក្ស​ធម្មជាតិ​ព្រៃ” WWF គឺ​នៅ​ត្រង់​រុស្ស៊ី ជា​ប្រទេស​ទី​១​លើ​ផែនដី ដែល​តាំង​ពី​ក្នុង​ឆ្នាំ​១៩៤៧​ម៉្លេះ បាន​ហាម​​មិន​ឲ្យ​បរ​បាញ់​សត្វខ្លា និង​ហាម​មិន​ឲ្យ​ជួញ​​រាល់​តែ​ចំណែក​នៃ​សរីរាង្គកាយ​វា។

ថ្លែង​​ពី​លើ​វេទិកា​អន្តរជាតិ​ក្រុង Saint-Petersbourg អនុប្រធាន​ធនាគារ​ពិភពលោក លោក James Adams ចង្អុល​ឲ្យ​ឃើញ​ថា​ ក្នុង​៥​ឆ្នាំ​ចំពោះ​មុខ បណ្តា​ប្រទេស​ដែល​មាន​សត្វ​ខ្លា​រស់​នៅ ​ត្រូវ​ចំណាយ​សរុប​ទៅ ៣៣១​លាន​ដុល្លារ​អាមេរិក ​សំរាប់​យក​ទៅ​ស្តារ​ឡើង​វិញ​ចំនួន​សត្វ​ខ្លា​នៅ​លើ​ផែនដី។ ពីក្នុង​ទឹកប្រាក់​នេះ ​រុស្ស៊ី​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចំណាយ​ដល់ ៤៥​លាន​ដុល្លារ​ ឥណ្ឌា​ពី​៦០​ដល់ ៨០​លាន​ដុល្លារ ម៉ាឡេស៊ី ៤០​លាន​ដុល្លារ នេប៉ាល់ ៩​លាន។ល។

ស្រប​នឹង​តួលេខ​ចេញ​ដោយ “មូលនិធិ​ពិភពលោក​ខាង​អភិរក្ស​ធម្មជាតិ​ព្រៃ” WWF ក្នុង​១ សតវត្ស​កន្លង​ទៅ ៖
-ចំនួន​សត្វ​ខ្លា​លើ​ផែនដី បាន​ថយ​ចុះ​អស់​ជាង​៣០​ដង គឺ​ពី​១០០.០០០ក្បាល មក​នៅ​ត្រឹម​ ៣.២០០​ក្បាល។
-ចំនួន​ប្រទេស ដែល​មាន​ខ្លា​រស់​នៅ បាន​ថយ​ចុះ​អស់​សឹង​ពាក់​កណ្តាល ពី ២៦​ប្រទេស​មក​នៅ​ត្រឹម ១៣​ប្រទេស។
- សត្វ​ខ្លា បាន​ផុត​ពូជ​អស់​៣​ប្រភេទ គឺ​ពី​៨​ប្រភេទ មក​នៅ​ត្រឹម ៥​ប្រភេទ។

ភារកិច្ច​ដែល​ចោទ គឺ​ថា ទៅ​ទល់​ឆ្នាំ ២០២២ បង្កើន​ចំនួន​សត្វខ្លា​លើ​ផែនដី ឲ្យ​បាន​សឹង​២​ដង ពី​៣​ពាន់​២​រយ​ក្បាល​សព្វ​ថ្ងៃ លុះ​ដល់​៦​ពាន់​ក្បាល។

ខ្លាដំបង​ឈ្មោល ដែល​ធំ​ជាង​គេ រស់​នៅ​គឺ​ក្នុង​ខេត្ត Amour តំបន់​Siberie រុស្ស៊ី និង​នៅ​តំបន់ Bengale ប្រទេស​ឥណ្ឌា។ តួ​ខ្លួន​វា មាន​ប្រវែង​ដល់​២​ម៉ែត្រ​៦​តឹក ឬ​២​ម៉ែត្រ​៨​តឹក ដោយ មិន​រាប់​កន្ទុយ​របស់​វា​ទេ ហើយ​​មាន​ទម្ងន់​ដល់ ២៧៥​គីឡូក្រាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI