ជប៉ុន

ជប៉ុន​​ចាត់​​វិធានការ​មិនអោយ​ប្រើទូរសព្ទ​Sumsung​ Galaxy​ Note 7​ ​ក្នុងយន្តហោះ​

រូបភាព​ទូរសព្ទម៉ូដែល ​​Sumsung Galaxy Note 7
រូបភាព​ទូរសព្ទម៉ូដែល ​​Sumsung Galaxy Note 7 法新社/JUNG YEON-JE/Getty

ថ្ងៃសុក្រ៩សីហា​​នេះ អាជ្ញាធរ​ជប៉ុន​បានចាត់វិធានការ​ មិនអោយ​​​​អ្នកដំណើរ​​​​​​បើកប្រើ​​​​ទូរសព្ទ​Sumsung ប្រភេទ ​Galaxy Note 7 ក្នុង​យន្តហោះ ចៀសវាង​ការផ្ទុះថ្ម ជាយថាហេតុ​ណាមូួយ។ អាជ្ញាធរជប៉ុន​ទូន្មាន​អោយបិទទូរសព្ទ​ប្រភេទនេះទុក​​​ក្នុង​វ៉ាលីសធំតែម្តង។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​អាមេរិក​ក៏បាន​ចាត់​វិធានការ​ដូចគ្នា​នេះដែរ។ ​សប្តាហ៍​មុន ក្រុមហ៊ុន Sumsung ​​បាន​ប្រកាស​ព្យួរ​ការលក់​ទូរសព្ទ​ប្រភេទ​នេះ ​ក្រោយ​​​មានការ​​ផ្ទុះ​​​ថ្មទូរសព្ទ​ ជាច្រើន​​​​កើតឡើង។ ​ 

ផ្សាយពាណិជ្ជកម្ម

វិធានការ​​​​របស់​ជប៉ុន ​មិនអោយ​បើកប្រើទូរសព្ទ​ Sumsung ប្រភេទ ​Galaxy Note 7 ក្នុង​យន្តហោះ មានទិសដៅ​​ចៀសវាង​ការផ្ទុះថ្ម​​​ជាយថាហេតុណាមួយ ដែល​អាច​​បង្កគ្រោះថ្នាក់​ដល់​ការធ្វើដំណើរ។ ក្រសួងដឹកជញ្ជូន​ជប៉ុន​បាន​សុំអោយ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រាប់​អ្នក​ដំណើរ ពីវិធានការ​នេះ។ ចំណាត់ការ​នេះ​​​ត្រូវអនុវត្ត រហូត​ដល់​មាន​វិធានការ​​​សន្តិសុខ​ពី​​ក្រុមហ៊ុន​កូរ៉េ Sumsung។

Sumsung ​Galaxy Note 7 ជាទូរសព្ទ​ម៉ូដែល​​ថ្មីចេញក្រោយគេ​​​ របស់​ក្រុមហ៊ុនSumsung។ ទូរសព្ទនេះ​មិន​មាន​​ចេញលក់​នៅ​ជប៉ុនទេ តែ​ជប៉ុនបាន​លើកឡើង​ពី​ហេតុការណ៍​ផ្ទុះផ្សេងៗ នៅ​បរទេស កន្លងមក ​​ដែលអាច​បង្កឡើង ដោយ​ទូរសព្ទ​ Sumsung។

កន្លងមក ​មាន​ការផ្ទុះ កើតឡើង នៅ​កូរ៉េខាងត្បូង និង​អាមេរិក ​ដែលអាច​បណ្តាលមកពី​​ទូរសព្ទ​Galaxy Note 7។ ជាក់ស្តែង នៅ​រដ្ឋផ្លរីត សហអាមេរិក ​មានរថយន្ត​ហ្ស៊ីប មួយគ្រឿង ​បាន​ឆេះឡើង។ ម្ចាស់​រថយន្ត​មិនបាន​នៅក្នុង​នោះទេ ប៉ុន្តែគាត់បាន​ទុក​ទូរសព្ទ​ Sumsung ប្រភេទ ​Galaxy Note 7 ចោល​ក្នុង​​រថយន្ត។

អាជ្ញាធរ​អាកាសចរ​អាមេរិក​ក៏ទើបតែ​បាន​ចាត់វិធានការ​ហាមបើកប្រើ​ទូរសព្ទ​នេះ ក្នុង​យន្តហោះ​ដូចគ្នា។ ​កាលពីថ្ងៃព្រហស្បតិ៍​ ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី​ចំនួន២​ ​ក៏​បាន​សុំអោយ​អ្នកដំណើរ​ចៀសវាង​បើកប្រើ​​ រឺ​ដោតថ្ម​ទូរសព្ទ​ប្រភេទនេះ ក្នុង​យន្តហោះ​ដែរ។

ក្រុមហ៊ុន​ Sumsung បានរៀបចំ​ប្រមែប្រមូល​យកមកវិញ នូវ​​​ទូរសព្ទ ​​Galaxy Note 7 ប្រមាណ​២លាន៥សែនគ្រឿង ដែល​​បាន​លក់​ចេញ​ទៅហើយ។ Sumsung ជា​ស្មាតហ្វូន លំដាប់ទី១ នាំមុខ​អាបផល របស់​អាមេរិក៕    

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI