កម្ពុជា​

តុលាការ​កំពូល តម្កល់​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​លោក សម រង្ស៊ី

លោក​សម រង្ស៊ី និង​កសិករ​ក្នុង​ខេត្តស្វាយរៀង នៅ​​ព្រំដែន​ កម្ពុជា-វៀតណាម
លោក​សម រង្ស៊ី និង​កសិករ​ក្នុង​ខេត្តស្វាយរៀង នៅ​​ព្រំដែន​ កម្ពុជា-វៀតណាម ©វណ្ណារ៉ា

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល ដែល​មាន​ចៅក្រម ៥ រូប បាន​ប្រកាស​សេចក្តី​សម្រេច តម្កល់​សាលដីកា ​របស់​សាលាឧទ្ធរណ៍ ទុក​ជា​បាន​ការ ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ ១៨៥ នៅ​ខេត្ត​ស្វាយរៀង។ ជា​សេចក្តី​សម្រេច បិទ​ផ្លូវ​តវ៉ា ដែល​ជា​ការផ្តន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ លើ​មេ​បក្ស​ប្រឆាំង លោក សមរង្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ក្នុង​ពេល​ប្រកាស​សាលដីកា​នៅ​ព្រឹក​មិញ លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​លើកឡើង​ថា លោក​ សម​រង្ស៊ី ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​ចេតនា និង​ដក​បំផ្លាញ​បង្គោល​តម្រុយ​ព្រំដែន លេខ ១៨៥ ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ កាលពី​ថ្ងៃទី​២៥​តុលា ឆ្នាំ២០០៩។ លោក​ សម ​រង្ស៊ី ក៏​បាន​ប្រើ​ពាក្យ​ញុះញង់ និង​អុជ​អាល ជំរុញ​ឲ្យ​មហាជន​កម្ពុជា មាន​ការរើសអើង​ចំពោះ​ជាតិ​សាសន៍​វៀតណាម លើ​សំណុំ​រឿង​បោះ​បង្គោល​ព្រំដែន។

ទី​បំផុត​ទៅ លោក​ចៅក្រម ឃឹម ប៉ុណ្ណ បាន​សម្រេច​តម្កល់​សាលដីកា របស់​តុលាការ​សាលាឧទ្ធរណ៍ ទុក​ជា​បាន​ការ។ នោះ​គឺ​សាលាឧទ្ធរណ៍ កាលពី​ខែ​តុលា បានសម្រេច ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​លើ​លោក​ សម​ រង្ស៊ី។ ចំណែក​កសិករ អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា ដែល​ជាប់ចោទ​ក្នុង​រឿង​នេះ ត្រូវ​រួមគ្នា​ជាមួយ​លោក​ សម​ រង្ស៊ី ដើម្បី​បង់​ប្រាក់​សំណង​សរុប ៦៣ លាន​រៀល។
ចំពោះ​សេចក្តី​សម្រេច​នេះ ត្រូវបាន​លោក​មេធាវី ច័ន្ទ សុខ​យាង ការពារ​ដើម​បណ្តឹង ជា​អភិបាល​ស្រុក​ចន្ទ្រា បាន​ចាត់ទុក​ជា​ការត្រឹមត្រូវ និង​បាន​ផ្តល់​យុត្តិធម៌​ដល់​អាជ្ញាធរ​រដ្ឋាភិបាល។

ចំណែក​លោក​មេធាវី ជួង ជូងី ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី និង​កសិករ អ្នកស្រី មាស ​ស្រី និង​លោក​ព្រំ​ជា បាន​ចាត់ទុកថា ការសម្រេច​របស់​តុលាការ​កំពូល ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ ហើយ​ជា​រឿង​អយុត្តិធម៌ សម្រាប់​មេ​បក្ស​ប្រឆាំង និង​កសិករទាំង​ពីរ​រូប។​

​ជាមួយគ្នា​នោះ លោក ហូរ វ៉ាន់ អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​បាន​ចូលរួម​ស្តាប់​ការប្រកាស​សាលដីកា​តុលាការ​កំពូល​នៅ​ព្រឹក​មិញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា រឿង​ដក​បង្គោល​ព្រំដែន ជា​បញ្ហា​នយោបាយ គួរ​ដោះស្រាយ​បញ្ហា តាម​ផ្លូវ​នយោបាយ តាមរយៈ​ការចរចា និង​លើកលែង​ទោស ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​ប្រទេស​ជាតិ ក៏​ដូច​ជា​ផលប្រយោជន៍​នៃ​ការការពារ​បូរណភាព​ទឹកដី ទាំង​ខាងកើត និង​ទាំង​ខាងលិច។

ជា​ការកត់​សម្គាល់ លោក​ សម​ រង្ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១០ ត្រូវបាន​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦៥ លាន​រៀល ក្នុង​សំណុំរឿង​ផែនទី​ក្លែងក្លាយ។ សំណុំរឿង​ថ្មី​នោះ កំពុងស្ថិត​នៅ​តុលាការ​សាលាឧទ្ធរណ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI