អានតួអត្ថបទ
កម្ពុជា

លោក​សូប៊ែ​ឌី ជំ​រុញឱ្យ​អ្នកនយោបាយ​ចូល​តុ​ចរចា និង​អត់ធ្មត់​ចំពោះ​អំពើហិង្សា

លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​របស់​អ.ស.បទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​
លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​របស់​អ.ស.បទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ RFI/Ly Meng Hour
ដោយ៖ ស៊ុន មេសា
១៥ នាទី

ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ កំពុងតែបន្ត​ផ្ទុះ​ឡើងជា​រៀងរាល់​ថ្ងៃនោះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា លោក សូរិយា ប្រាសាទសូ​ប៊ែ​ឌី បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នយោបាយ​នៅ​កម្ពុជា វិល​ចូល​តុ​ចរចា​សាឡើងវិញ ​និង​បន្ត​ភាព​អត់ធ្មត់​ដាក់គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ផ្សាយពាណិជ្ជកម្ម

លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​អំពាវនាវ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​តុ​ចរចា​ឡើងវិញ​ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា រូបនេះ បាន​បញ្ជាក់ថា ដើម្បី​ទម្លុះ​ជម្លោះ​នយោបាយ​ដែល​កំពុង​បន្ត​កើតឡើង​នេះ គឺ​ត្រូវការ​យន្តការ​ដ៏​គួរឱ្យ​ជឿជាក់​មួយ​ដែល​បក្ស​គណបក្ស​ទាំងពីរ​អាច​ទទួលយក​បាន​ទាំងអស់គ្នា។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​បានធ្វើបាតុកម្ម​ជាច្រើន​ថ្ងៃ ហើយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅតែ​បន្ត​បែរ​​ខ្នង​ដាក់គ្នា ​ចំពោះ​ជម្លោះ​នយោបាយ​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី៥នេះ ហើយ​ចុង​ក្រោយនេះ​ទៀត មានការ​ងើបឡើង​ធ្វើបាតុកម្ម​របស់​កម្មក​រ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​លោក ស៊ូ​ប៊ែ​ឌី អះអាងថា លោក​មាន​សេចក្តី​រីករាយ​ដោយ​ឃើញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​លូតលាស់ ដោយ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើនឡើង​អាចធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​ដោយ​គ្មាន​ការភ័យខ្លាច។

យ៉ាងណាក៏ដោយ លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បន្ត​ការអត់ធ្មត់​ចំពោះ​ក្រុមបាតុករ ហើយ​ក្រុមបាតុករ​ខ្លួនឯង​រួមទាំង​កម្មករ​រោងចក្រ​ផង​នោះ​ក៏ត្រូវ​ឲ្យ​ចៀសវាង អំពើហិង្សា​ផងដែរ។ ទាក់ទង​នឹង​បាតុកម្ម​ទាមទារ​របស់​ក្រុមកម្មករ​ពី​ប្រាក់ខែ​គោល​នោះ អ្នករាយការណ៍​ពិសេស​រូបនេះ ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បើក​កិច្ចពិភាក្សា​ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ផងដែរ។

ក្រៅពី​ជម្លោះ​នយោបាយ និង​បាតុកម្ម​របស់​កម្មករ អ្នករាយការណ៍​ពិសេស​លោក សូ​ប៊ែ​ឌី បានលើកឡើង​អំពី​កាបោះឆ្នោត​ក្នុង​អាណត្តិ​ទី៥កន្លងទៅនេះ​ថា គឺជា​របត់​ថ្មី​មួយ​ស្តីពី​ការលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ ​បញ្ហា​កំណែទម្រង់សង្គម​មួយចំនួន ដូចជា ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី វិស័យ​ការងារ វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ជាដើម​នោះ ត្រូវបាន​អ្នក​រាយការណ៍​​ពិសេស​អង្គការសហប្រជាជាតិ លោក ស៊ូ​ប៊ែ​ឌី មាន​សុទិដ្ឋិនិយម​ថា ជា​ចំនុច​ដ៏​សំខាន់​​ដើម្បី​ដោះស្រាយ​ជម្លោះ​នាពេល​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ អ្នករាយការណ៍​ពិសេស​​រូបនេះ សង្ឃឹមថា អនុសាសន៍​ទាំងឡាយ​របស់លោក​នឹង​ក្លាយជា​ជំនួយស្មារតី​ដ៏​សំខាន់​មួយ​សម្រាប់​កំណែទម្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ