ស៊ីរី

ក្រុមប្រឹក្សាជាតិ​ស៊ីរី​គ្មាន​ជំនឿ​លើ​បេសកកម្ម​របស់​សម្ព័ន្ធ​អារ៉ាប់

លោក Burhan Ghalioun ប្រធាន​ក្រុមប្រឹក្សាជាតិ​ស៊ីរី
លោក Burhan Ghalioun ប្រធាន​ក្រុមប្រឹក្សាជាតិ​ស៊ីរី REUTERS/Zoubeir Souissi

ក្រុម​អ្នកសង្កេតការណ៍​នៃ​សម្ព័ន្ធ​អារ៉ាប់​គ្រោង​នឹង​ទៅ​ដល់​ទីក្រុង​ដាម៉ាស់​នា​យប់​ថ្ងៃ​ច័ន្ទ ទី២៦ ធ្នូ​នេះ ដើម្បី​បំពេញ​បេសកកម្ម​សង្កេតការណ៍​អំពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ទៅ​ដល់​របស់​ក្រុម​អ្នកសង្កេតការណ៍​នៃ​សម្ព័ន្ធ​អារ៉ាប់ កងកម្លំាង​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​បើក​ការ​វាយប្រហារ​ដណ្តើម​កាន់កាប់​តំបន់ Barba Amro ក្នុង​ទីក្រុង Homs ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១៥នាក់។ ទីក្រុង Homs ដែល​បច្ចុប្បន្ន​កំពុង​កាន់កាប់​ដោយ​ក្រុម​អ្នកប្រឆំាង​នឹង​រដ្ឋាភិបាល​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នកសង្កេតការណ៍​នៃ​សម្ព័ន្ធ​អារ៉ាប់​លើកទីមួយ​មាន​គ្នា​ប្រមាណ​ជា ៥០នាក់ ដែល​មាន​ជំនាញ​ខុស​គ្នា រួម​មាន​ផ្នែក​ស៊ីវិល នយោបាយ យោធា និង​សិទ្ធិមនុស្ស។ បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ​អារ៉ាប់​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​បិទបញ្ចប់​វិបត្តិ​ស៊ីរី​ដែល​ទើប​បាន​ចុះ​ហត្ថលេខា​រវាង​ទីក្រុង​ដាម៉ាស់ និង​សម្ព័ន្ធ​អារ៉ាប់។ វិបត្តិ​នៅ​ស៊ីរី​ដែល​បាន​បណ្តាល​ឲ្យ​​ស្លាប់​មនុស្ស​រាប់ពាន់នាក់​គិត​តំាង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក។

អ្វី​ជា​ការ​កត់​សម្គាល់ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ទៅ​ដល់​របស់​ក្រុម​អ្នកសង្កេតការណ៍​នៃ​សម្ព័ន្ធ​អារ៉ាប់ កងកម្លំាង​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ដណ្តើម​កាន់កាប់​តំបន់ Barba Amro ក្នុង​ទីក្រុង Homs ដែល​ជា​ជង្រុក​របស់​ក្រុម​អ្នកប្រឆំាង​រដ្ឋាភិបាល។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ខណៈ​នេះ អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​នៅ​ស៊ីរី​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ឡុងដ៍ និង​ក្រុមប្រឹក្សាជាតិ​ស៊ីរី​បាន​អំពាវនាវ​ឲ្យ​​ក្រុម​អ្នកសង្កេតការណ៍​នៃ​សម្ព័ន្ធ​អារ៉ាប់​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Barba Amro ជា​បន្ទាន់ ដើម្បី​ធ្វើ​ជា​សាក្សី​ដែល​បញ្ជាក់​ពី​បទឧក្រិដ្ឋ​របស់​ទីក្រុង​ដាម៉ាស់ និង​ក៏​ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​ដាម៉ាស់​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​ជនស៊ីវិល​ស្លូតត្រង់។

គួរ​រម្លឹក​ជូន​ថា ផែនការ​បិទបញ្ចប់​វិបត្តិ​នៅ​ស៊ីរី​ដែល​ចុះ​ហត្ថលេខា​ដោយ​ទីក្រុង​ដាម៉ាស់ និង​សម្ព័ន្ធអារ៉ាប់ បាន​ចែង​ពី​គម្រោង​បិទបញ្ចប់​អំពើ​ហិង្សា ការ​ដោះលែង​អ្នកទោស ការ​ដក​កម្លំាងទ័ព​រដ្ឋាភិបាល​ចេញ​ពី​ទីក្រុង​មួយ​ចំនួន និង​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៅ​ទូទំាង​ប្រទេស​ស៊ីរី​របស់​ក្រុម​អ្នកសង្កេតការណ៍​នៃ​សម្ព័ន្ធ​អារ៉ាប់។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុមប្រឹក្សាជាតិ​ស៊ីរី និង​អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​នៅ​ស៊ីរី​ហាក់​ដូច​ជា​មាន​ជំនឿ​តិចតួច ឬ​ក៏​ថា​គ្មាន​ជំនឿ​បន្តិច​ណា​សោះ​លើ​ឆន្ទៈ​របស់​ទីក្រុង​ដាម៉ាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI