ឱសានវាទថ្មីចំពោះស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅពេលដែលអំពើហិង្សា ចេះតែបន្តទៅទៀតនៅប្រទេសស៊ីរី នៅថ្ងៃសៅរ៍៣ធ្នូម្សិលមិញ សម័យ ប្រជុំមួយនៃសម្ព័ន្ធអារ៉ាប បានប្រព្រឹត្តទៅនៅទីក្រុង Doha នៃប្រទេស Qatar។ គោល ដៅនៃសម័យប្រជុំនេះ គឺយល់ព្រមព្រៀងគ្នាស្តីពីការអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចដែលបក្សសម្ព័ន្ធ បានអនុម័តចំពោះប្រទេសស៊ីរីនៅសប្តាហ៍មុន ដើម្បីប៉ុនប៉ងជាថ្មីម្តងទៀត កាច់បំបាក់គោលជំហររឹងរូសរបស់លោក Bachar el-Assad។
បក្សសម្ព័ន្ធអារ៉ាប ផ្តល់កាលបរិច្ឆេទថ្មី ឲ្យពួកអ្នកទទួលខុសត្រូវស៊ីរី គឺគេមានពេលរហូតដល់ថ្ងៃអាទិត្យ៤ ធ្នូនេះ ដើម្បីទទួលក្រុមអ្នកសង្កេតការណ៍នៅក្នុងប្រទេស ដើម្បី »ចៀសវាងទ័ណ្ឌកម្មជាបន្ថែមទៀត »ស្របតាមពាក្យសំដីរបស់លោកនាយករដ្ឋមន្ត្រី Qatar Cheikh ben Jabr al-Thani ដែលធ្វើជាអធិបតីនៃសម័យប្រជុំនៅទីក្រុង Dohar នៅថ្ងៃម្សិលមិញ៣ធ្នូ។ បណ្តារដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប បានទាក់ទងរដ្ឋាភិបាលក្រុង Damas នៅពេលធ្វើសម័យប្រជុំនេះ និងឥឡូវ កំពុង រង់ចាំចម្លើយតបវិញពី Damas ។
ក្នុងពេលរង់ចាំនេះ ទ័ណ្ឌកម្ម ត្រូវបានអនុម័តគឺឥស្សរជនស៊ីរី ១៩នាក់ជាអ្នកជិតដិតនឹងរដ្ឋការលោកប្រធានាធិបតី Bachar el-Assad បានទទួលការហាមប្រាមមិនឲ្យធ្វើដំណើរនៅបណ្តាប្រទេសអារ៉ាបហើយធនធានរបស់គេ ត្រូវផ្អាប់ទុកនៅក្នុងប្រទេសទាំងនេះ។ ក្នុងចំណោមអ្នកទាំងនេះ មានរដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ីរី ក៏ព្រមទាំង businessman Rami Makhlouf ជាបងប្អូនជីដូនមួយរបស់លោកប្រធានាធិបតី។ បញ្ជីឈ្មោះ businessman ស៊ីរី មួយក៏នឹងត្រូវបង្ហើបឲ្យដឹងដែរ។ ភារកិច្ចជនមួយក្រុមនេះ ត្រូវគេមន្ទិលសង្ស័យថា បានផ្គត់ផ្គង់ ប្រាក់កាសឲ្យសំរាប់ធ្វើការបង្ក្រាបគាបត្បៀត។
ម្យ៉ាងទៀត កាលបរិច្ឆេទមួយត្រូវបានកំណត់គឺថ្ងៃ១៥ធ្នូ។ នៅថ្ងៃនោះ ជើងហោះហើរនៃយន្តហោះមកពី និងសំដៅទៅកាន់ប្រទេសស៊ីរី នឹងត្រូវកាត់បន្ថយចំនួនពាក់កណ្តាល។ ហើយនៅទីបំផុត គណៈកម្មាធិការនៃបក្សសម្ព័ន្ធអារ៉ាប បានសុំឲ្យអង្គការក្រៅរដ្ឋាភិបាលឈ្មោះ អឌ្ឍចន្ទក្រហមនៅក្នុងតំបន់បង្កើតផែនការមនុស្សធម៌ជាបន្ទាន់មួយសំរាប់បណ្តាជនស៊ីវិល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ