អាមេរិក-ស៊ីរី

ចារបុរសជាតិ​ស៊ីរី​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់

ជនជាតិ​អាមេរិកំាង ដើមកំណើត​ស៊ីរី Mohamad Anas Haitham Soueid ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកិច្ច
ជនជាតិ​អាមេរិកំាង ដើមកំណើត​ស៊ីរី Mohamad Anas Haitham Soueid ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកិច្ច ©REUTERS/William Hennessy

ជនជាតិ​អាមេរិកំាង​កើត​ក្នុង​ប្រទេស​ស៊ីរី​ឈ្មោះ Mohamad Anas Haitham Soueid ត្រូវ​បាន​តុលាការ​អាមេរិក​ចោទ​ប្រកាន់​ពី​បទ​បាន​ធ្វើ​ចារកិច្ច​បម្រើ​ឲ្យ​ផលប្រយោជន៍​ទីក្រុង​ដាម៉ាស់​នៃ​ប្រទេស​ស៊ីរី។ យោង​តាម​បទចោទប្រកាន់ បុរស​មាន​អាយុ ៤៧ឆ្នំា​រូប​នេះ​បាន​ស៊ើប​យក​ព័ត៌មាន​ពី​ក្រុម​អ្នក​ប្រឆំាង​រដ្ឋាភិបាល​ស៊ីរី ព្រម​ទំាង​​ថត​យក​សំឡេង​របស់​ក្រុម​បាតុករ រួច​ហើយ​បញ្ជូន​ព័ត៌មាន​ទំាង​អស់​ទៅ​ឲ្យ​ក្រសួង​ស៊ើបការសម្ងាត់​ស៊ីរី។ តែ​បុរស​រូប​នោះ និង​ស្ថានទូត​ស៊ីរី​ប្រចំា​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​អាមេរិកំាង។ សវនាការ​បឋម​ត្រូវ​បាន​រៀបចំ​ឡើង​នា​ថ្ងៃ​ម្សិលមិញ​នៅ​ជាយ​ទីក្រុង​វ៉ាស៊ីនតោន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សំលៀកបំពាក់​មួយ​ឈុត​ពណ៌​បែតង ជា​អ្នកទោស Mohamad Soueid បាន​បង្ហាញ​មុខ​តែ​ប៉ុន្មាន​នាទី​​ប៉ុណ្ណោះ​នៅ​ពី​មុខ​តុលាការ Alexandria ក្នុង​រដ្ឋ Virginie។ គឺ​ជា​ពេល​វេលា​ដែល​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​ឆ្លើយ​បដិសេធ​លើ​បទចោទ​ប្រកាន់​លើ​ខ្លួន និង​អនុញ្ញាត​ឲ្យ​ចៅក្រម​សម្រេច​បន្ត​ឃុំ​ខ្លួន​រូប​គេ​ជា​បណ្តោះអាសន្ន​រហូត​ដល់​ថ្ងៃ​បើក​សវនាការ​នៅ​ថ្ងៃទី ៥ មីនា ឆ្នំា ២០១២។

សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចៅក្រម​បាន​ស្តាប់​ពី​ការ​លើក​ឡើង​របស់​ភាគី​ទំាង​ពីរ។ មេធាវី​របស់​ជន​ Mohamad Soueid បាន​បញ្ជាក់​ថា គ្មាន​មូលហេតុ​ណា​មួយ​ដែល​កូនក្តី​របស់​គាត់​ត្រូវ​រត់​ចេញ​ពី​ទឹកដី​អាមេរិកំាង​នោះ​ទេ ព្រោះ​ថា រូប​គេ​មាន​ផ្ទះសម្បែង​នៅ​រដ្ឋ Virginie និង​ថា ការ​ចោទ​ប្រកាន់​ទំាង​អស់​លើ​កូន​ក្តី​របស់​គាត់ គឺ​ជា​រឿង​មិន​ពិត។ តែ​យ៉ាង​ណា​ក៏​ដោយ មហាអយ្យការ​មិន​បាន​ជឿ​លើ​ការ​អះអាង​របស់​មេធាវី​ឡើយ និង​យល់​ឃើញ​ថា ជនជាប់ចោទ​មាន​ហេតុផល​ជា​ច្រើន និង​មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​ចាកចេញ​ពី​ទឹកដី​អាមេរិកំាង។

យោង​តាម​បទចោទ​ប្រកាន់ Mohamad Soueid ប្រហែល​ជា​បាន​លួច​ថត​សំឡេង និង​រូបភាព​នៃ​ក្រុមអ្នកប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​ទឹកដី​អាមេរិកំាង និង​នៅ​ស៊ីរី។ បន្ទាប់​មក រូប​គេ​បាន​បញ្ជូន​ព័ត៌មាន​ទំាង​អស់​ទៅ​ឲ្យ​ក្រសួង​ស៊ើបការសម្ងាត់​ស៊ីរី​នា​និទាឃរដូវ​កន្លង​ទៅ។

យោង​តាម​មហាអយ្យការ​ដដែល ជន Mohamad Soueid បាន​ធ្វើ​ដំណើរ​ទៅ​ស៊ីរី​កាល​ពី​ខែ​កក្កដា និង​ដែល​ស្ថានទូត​ស៊ីរី​ប្រចំា​ទីក្រុង​វ៉ាស៊ីនតោន​ជា​អ្នក​ចេញ​លុយ​ឲ្យ។ នៅ​ពេល​ត្រឡប់​ពី​ស៊ីរី​វិញ Mohamad Soueid បាន​សន្យា​បន្ត​សកម្មភាព​ស៊ើបអង្កេត​របស់​ខ្លួន ឬ​មួយ​ក៏​ពេល​ខ្លះ បាន​ប្រើ​សកម្មភាព​ហិង្សា​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI