ស៊ីរី

រថក្រោះ​របស់​ទាហាន​រដ្ឋាភិបាល​បើក​ចូល​ទៅទីក្រុងមួយទៀត​​ដែល​ជា​សម្បុក​របស់​ក្រុម​អ្នកប្រឆាំង​

​រថក្រោះ​របស់​រដ្ឋាភិបាល​ដែល​បើក​​ពី​​ទីក្រុង​ដេរ៉ា និង​បែរសំដៅ​ទីក្រុង​របស់Baniyas
​រថក្រោះ​របស់​រដ្ឋាភិបាល​ដែល​បើក​​ពី​​ទីក្រុង​ដេរ៉ា និង​បែរសំដៅ​ទីក្រុង​របស់Baniyas ©reuters

ចាប់តាំងពី​ព្រឹកថ្ងៃ​សៅរ៍ ទី ៧ ឧសភា គេ​ឃើញ​រថក្រោះ និង​នាវា​ដឹក​ទាហាន​ជើងទឹក ជាច្រើន​គ្រឿង​របស់​រដ្ឋាភិបាល ស៊ីរី​បើក​សំដៅ​ទីក្រុង​Baniyas ដែល​ស្ថិត​នៅភាគខាង​ពាយ័ព្យ​ស៊ីរី។ នៅក្នុង​ទីក្រុង​Baniyas ប្រជាជន​បាន​រួម​គ្នា​ធ្វើ​ជា​ខែល​មនុស្ស​ដើម្បី​បង្អាក់​កុំ​ឲ្យ​រថក្រោះ​បើក​ចូលទៅក្នុង​សង្កាត់​ដែល​សំបូរ​ ពួក​ក្រុមប្រឆាំង រស់នៅ។

ផ្សាយពាណិជ្ជកម្ម

 

ប្រជាជន​ស៊ីរី​ហាក់​បាន​ស្ងប់ចិត្ត​បន្តិច បន្ទាប់ពី​រដ្ឋាភិបាល​ស៊ីរី​បាន​ដក​រថក្រោះ​ចេញ​ពីទីក្រុង​Dera កាលពីថ្ងៃ​ព្រហស្បតិ៍។ ទីក្រុង​Dera ដែល​មាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​មុនគេ ក្នុង​ប្រទេស​ស៊ីរី។ ប៉ុន្តែ នៅព្រឹកថ្ងៃ​សៅរ៍​នេះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅស៊ីរី​បាន​រៀបរាប់​ថា រថក្រោះ​ជាច្រើន​គ្រឿង​របស់​ទាហាន​ស៊ីរី​កំពុង​បើក​សំដៅ ទីក្រុង​របស់​​ក្រុមប្រឆាំង​មួយទៀត។ នៅពេល​រថក្រោះ កាន់តែ​បរ កៀកចូលទីក្រុង ​Baniyas ​ភ្លើង និង​ប្រព័ន្ធ​ទូរស័ព្ទ​ត្រូវ​បាន​កាត់ផ្តាច់​ចោល​ទាំងសុ្រង។

គេមិនអាច​ដឹង​ព័ត៌មាន​លម្អិត​ក្រៅពី​ការរៀបរាប់​របស់​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បានទេ ព្រោះ​ចាប់តាំង​ពី​មាន​ការងើបបះបោរ​របស់​ប្រជាជន រដ្ឋាភិបាល​ស៊ីរី​បាន​ហាម​ដាច់ខាត​មិន​ឲ្យ​អ្នកកាសែត​បរទេស​ចូល​ទៅយក​ព័ត៌មាន​ទេ។

ចាប់តាំង​ពី​មាន​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល កាលពីពាក់​កណ្តាល​ខែ​មីនា មនុស្ស​ច្រើនជាង ៥០០​នាក់​បាន​ស្លាប់ នៅក្នុង​ការបង្រ្កាប​របស់​ទាហាន​រដ្ឋាភិបាល។ សេតវិមាន​បាន​ព្រមាន នៅថ្ងៃ​សុក្រ​ម្សិលមិញ ថា នឹង​ចាត់វិធានការ បន្ថែមទៀត ដើម្បី​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​ស៊ីរី ប្រសិនបើ​រដ្ឋាភិបាល​នេះ​មិន​ព្រម​បញ្ឈប់​បង្ហូរ​ឈាម​ប្រជាជន។

អាមេរិក​បាន​ស្វាគម​ដែល​អឺរ៉ុប​​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្រ្តី​រដ្ឋាភិបាល​ស៊ីរី ១៣រូប នៅថ្ងៃ​សុក្រ​ម្សិលមិញ។ សហភាពអឺរ៉ុប​បាន​ចោទ​ប្រកាន់​មន្រ្តីរដ្ឋាភិបាល​ស៊ីរី ថា ជា​អ្នកទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិមនុស្ស នៅស៊ីរី។ ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី ៩ ឧសភា គេ​នឹង​ពិភាក្សា​គ្នាទៀត​ថា តើ​គេ​គួរ​ដាក់​ទណ្ឌកម្ម​ទៅលើ​លោក​Bachar El Assad មួយទៀត ដែរឬទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI