ស៊ីរី-បារាំង

ទីក្រុងប៉ារីស​​ចង់ពង្រឹង​​ទណ្ឌកម្ម​​ដាក់ទៅ​លើ​​របប​​គ្រប់គ្រង​​ដាម៉ាស​​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស AFP/Eric Piermont

ប្រទេស​បារាំង​ ​ តាមរយៈ​សំឡេង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ខ្លួន​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស​យល់​ឃើញ​ដូច​ការកត់​សម្គាល់​របស់​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៃ​ “សង្គ្រាម​ស៊ីវិល”​ ​នៅ​ប្រទេស​ស៊ីរី។​ ទីក្រុង​ប៉ារីស​ចង់ស្នើ​ទៅ​ប្រទេស​សមាជិក​ដទៃទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ឲ្យ​ ពង្រឹង​ទណ្ឌកម្ម​ដាក់​ទៅលើ​របប​គ្រប់គ្រង​ដាម៉ាស​ ​ ដោយឲ្យ​អនុវត្ត​ជាចាំបាច់​នូវ​ផែនការ​របស់​លោក​កូហ្វី​អាណាន។​ ផែនការ​របស់​លោក​អាណាន​ដែល​បាន​គ្រោង​ឲ្យ​មាន​ “ការឈប់​បាញ់គ្នា”​​ ​ ក៏ប៉ុន្តែ​ “ការឈប់​បាញ់គ្នា”​ ​នេះ​បាន​ត្រូវ​គេ​រំលោភ​ជារៀង​រាល់ថ្ងៃ​ អស់រយៈ​ពីរខែ​មកហើយ។​ នៅក្នុង​ប្រទេស​ស៊ីរី​ អំពើ​ហិង្សា​នៅតែ​កើតមាន​កាន់តែ​ខ្លាំងឡើងៗ​នៅតាម​​តំបន់​ជាច្រើន​ ​ ហើយ​នៅ​ថ្ងៃពុធ​ទី១៣​មិថុនា​ឆ្នាំ២០១២​ម្សិលមិញ​ទៀត​ ​ ក្រុមអ្នក​ប្រឆាំង​ស៊ីរី​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ មាន​មនុស្ស​ស្លាប់​ប្រមាណ​៥០ប្លាយនាក់។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ ​ ប្រទេស​បារាំង​ ​ និង​ប្រទេស​អង់គ្លេស​ខិតខំ​ពង្រឹង​បន្ថែម​សម្ពាធ​ដាក់​ទៅលើ​ប្រទេស​រុស្ស៊ី​ឲ្យ​បញ្ឈប់​បញ្ជូន​សព្វាវុធ​ឲ្យទៅ​របប​គ្រប់គ្រង​ផ្តាច់ការ​ស៊ីរី​បាស្ហារ​អាល-អាស្សាដ។​ ជាពិសេស​សហគ្រាស​សហព័ន្ធ​រុស្ស៊ី​ឈ្មោះ​ Rosoboronexport ​ដែលជា​អ្នក​ចាត់ចែង​បញ្ជូន​ឧបករណ៍​និង​សព្វាវុធ​រុស្ស៊ី​ចេញ​ទៅលក់​ក្រៅ​ប្រទេស។​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស​បាន​ថ្លែង​ទាមទារ​ឲ្យ​ប្រទេស​រុស្ស៊ី​បញ្ឈប់​ទាំង​ស្រុង​ការនាំ​សព្វាវុធ​ចូល​ប្រទេស​ស៊ីរី។

 
គួរ​បញ្ជាក់ថា​ ​ សហគ្រាស​រុស្ស៊ី​ឈ្មោះ​ Rosoboronexport ​ដែលជា​អ្នក​ចាត់ចែង​បញ្ជូន​សព្វាវុធ​រុស្ស៊ី​ចេញ​ទៅលក់​ក្រៅ​ប្រទេស​នេះ​ ​ បាន​ត្រូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ONG​ ដូចជា​អង្គការ​ Amnesty International Oxfam ឬ​ CCFD ​ចោទថា​ ​ ជាអ្នក​បាន​បញ្ជូន​សព្វាវុធ​លក់​ទៅ​ឲ្យ​ប្រទេស​ស៊ីរី។

រីឯ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch ​ ​ បាន​ទាមទារ​ឲ្យ​ប្រទេស​រុស្ស៊ី​បញ្ឈប់​បញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​រដ្ឋាភិបាល​ស៊ីរី​ ​ ដែលគេ​សង្ស័យ​យ៉ាងខ្លាំង​ថា​ ​ បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ចំណែកឯ​ទីក្រុង​ម៉ូស្គូវិញ​ពុំបាន​ប្រកែក​បដិសេធ​ឡើយ​ពីការ​បាន​បញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​ប្រទេស​ស៊ីរី​ ​ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​ថ្លែងប្រាប់ថា​ ​ គេបាន​ប្រព្រឹត្ត​ស្របតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្នុងការ​ផ្តល់​គ្រឿង​អាវុធ​សម្រាប់​ការពារខ្លួន។​ ទាំងនេះ​បានត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោកស្រី​គ្លីនតុន​ថ្លែងថា​ “ពុំពិតឡើយ” ។​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​​ លោក​ឡូរ៉ង់​ហ្វាប៊ីយូស​ក៏​បាន​ថ្លែងថា​ “ពុំពិត”​ដូច​លោកស្រី​គ្លីនតុន​អ៊ីចឹងដែរ។

ភ្លាមភ្លែត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក​ ស៊ែរហ្គេយ​ ឡាវរ៉ូវ​ដែល​ឋិត​នៅ​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃពុធ​ម្សិលមិញ​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ថា​ “ប្រទេស​រុស្ស៊ី​ពុំបាន​ផ្តល់​សព្វាវុធ​អ្វី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​បាតុករដែល​ស្រឡាញ់​សន្តិភាព​ឡើយ”។

ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ថ្លែងប្រាប់ថា​ ​ គេមាន​ភស្តុតាង​បញ្ជាក់​បង្ហាញថា​ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ឲ្យ​ទៅ​ទីក្រុង​ដាម៉ាស​​នៅពេលថ្មីៗនេះ​នូវ​ “ឧទ្ធម្ភាគចក្រ​ចម្បាំង”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI