តៃវ៉ាន់

ប្រធានាធិបតី​តៃវ៉ាន់​ បដិសេធ​ការ​រួបរួមគ្នា​ជា​មួយ​ប្រទេស​ចិន​

ប្រធានាធិបតីតៃវ៉ាន់ លោក Ma  Yin-jeou លើកដៃក្តាប់​ហើយ​ស្រែក​ពាក្យ​ស្លោក​នៅ​ឱកាស​ប្រារព្ធបុណ្យ​ជាតិ​នៅមុខ​​ការិយាល័យប្រធានាធិបតីនៅ Taipeiថ្ងៃទី​១០​តុលា​២០១១។​
ប្រធានាធិបតីតៃវ៉ាន់ លោក Ma Yin-jeou លើកដៃក្តាប់​ហើយ​ស្រែក​ពាក្យ​ស្លោក​នៅ​ឱកាស​ប្រារព្ធបុណ្យ​ជាតិ​នៅមុខ​​ការិយាល័យប្រធានាធិបតីនៅ Taipeiថ្ងៃទី​១០​តុលា​២០១១។​ REUTERS/Pichi Chuang

បន្ទាប់ពី​លោក​ប្រធានាធិបតី​ចិន Hu Jintao អំពាវនាវ​ឲ្យ​កោះ​តៃវ៉ាន់ រួបរួមគ្នា​​ជាមួយ​ប្រទេស​ចិន ​នៅថ្ងៃអាទិត្យ​ម្សិលមិញមក  នៅ​ថ្ងៃ​ចន្ទ​១០​តុលា​នេះ ​ប្រធានាធិបតី​តៃវ៉ាន់ ​លោក  Ma Yin-jeou​ បាន​​បញ្ចេញ​​ប្រតិកម្ម​​ប្រឆាំង​​ភ្លាម​​ចំពោះ​​ការ​អំពាវនាវ​​​របស់​​លោក​ Hu Jintao ​នេះ។ លោក​​ Ma Yin-jeou​ បាន​​ឆ្លើយ​តប​​យ៉ាង​ច្បាស់​វិញ​ថា ​ការ​បង្រួបបង្រួម​គ្នា​រវាង​​កោះ​​តៃវ៉ាន់​​និង​​ចិន​ ពុំមែន​​ជា​ប​ច្ចុប្បន្នភាព​​​ទេ​​នៅ​ខណៈនេះ ​ដោយ​​លោក​​ប្រកាស​​សុំ​​ឲ្យ​​រក្សា​ទុក​​​នៅ​​ដដែល​​​ស្ថានភាព​​បច្ចុប្បន្ន​​នៃ​​កោះ​​តៃវ៉ាន់​​ និង​ ទាមទារ​​ឲ្យ​​ចិន​​ធ្វើ​ ប្រជាធិបតេយ្យូបនីយកម្ម​​នៅ​​​ក្នុង​​ប្រទេស​​ខ្លួន​​តាម​​គំរូ​​កោះ​​តៃវ៉ាន់។​

ផ្សាយពាណិជ្ជកម្ម

«​យើង​រក្សាទុក ស្ថានភាព​កោះ​តៃវ៉ាន់​ឲ្យ​ស្ថិត​នៅ​ដដែលក្នុងពេលនេះ គឺ គ្មាន​​ការ​រួបរួមគ្នា
ជា​​មួយចិន​​ទេ ​គ្មាន ​ឯករាជភាព និង ​ក៏ គ្មានការប្រើកម្លាំងអាវុធ​​ដែរ »។ នេះ​ជាសេចក្តីថ្លែង​របស់​លោក​ប្រធានាធិបតីកោះតៃវ៉ាន់Ma Yin-jeou នៅ​​ឱកាស​ខួប​១០០​ឆ្នាំ នៃ​បដិវត្តន៍​ចិន​នៅ​​ថ្ងៃ​ទី​១០​តុលា​ឆ្នាំ​១៩១១ ដែល​បាន​បិទ​បញ្ចប់​របប​រាជាធិរាជ និង​ការបង្កើត​ឡើង​សាធារណរដ្ឋ​ចិន។

លោក​ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​បន្ថែម​ទៀត​ថា«  ​ស្ថានភាព​បច្ចុប្បន្ន​នៃ​កោះ​តៃវ៉ាន់ នេះ បាន​​​​ជួយឲ្យ ភាព​តានតឹង​​រវាង​កោះ​តៃវ៉ាន់​និង​ប្រទេស​ចិនបានធូរស្រាលយ៉ាងច្រើន​​ ហើយ​តៃវ៉ាន់​​ បាន​​ទទួល​ការ​គាំទ្រពីសំណាក់សហគមន៍អន្តរជាតិ​ »។

​កោះ​តៃវ៉ាន់​និង​ចិន​ដី​គោក ​បាន​​បែក​​​​ចេញ​ពី​គ្នា​បន្ទាប់ពី​​សង្គ្រាម​ស៊ីវិល បានផុតរលត់ទៅ​​កាល​ពី​ ​​៦២​ ឆ្នាំ​មុនគឺនៅឆ្នាំ១៩៤៩​ ដោយចិនកុម្មុយនិស្ត បាន​ឈ្នះ​សង្គ្រាម​លើពួកអ្នកជាតិ​និយម​ ហើយ​​បាន​​​ប្រកាស​ជា សាធារណរដ្ឋ​ប្រជាមានិត​ចិននៅឆ្នាំដដែលនោះ។ ចំណែកឯ ពួក​អ្នក​ជាតិ​និយម​​វិញ បាន​​រត់ទៅជ្រកកោន​នៅ​លើកោះតៃវ៉ាន់ ដែលតាំងពីនោះមក កោះ​នេះ​​មាន​​ឈ្មោះ​​ថា « សាធារណរដ្ឋចិន»​​។

ជាថ្មីម្តង​ទៀត លោកប្រធានាធិបតី​តៃវ៉ាន់ Ma Yin-jeou បាន​រំលឹក​ ថា ​« ឥស្សរជន​ដែល​​​ជា​អ្នកបានបង្កើតសាធារណ​រដ្ឋនេះ មាន​សេចក្តី​ប៉ងប្រាថ្នាចង់រៀបចំ តៃវ៉ាន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា ប្រជាជាតិមួយដែលប្រកបទៅដោយ​សេរីភាព​ ប្រជាធិបតេយ្យ​និង ​ការចែកចាយ​​ភាព​សម្បូរ​ធនធាន​​​ដោយស្មើភាពគ្នា​ »។ មិនតែប៉ុណ្ណោះ លោក Ma Yin-jeou បានសង្កត់ធ្ងន់ថា   « ចិនដី​គោក ត្រូវតែមានសេចក្តីក្លាហាន​យកតាមគំរូតៃវ៉ាន់ ដោយដើរ នៅ​លើ​មាគ៌ា​នេះ»​​​​។

ចាប់​តាំងពី​ លោក Ma Yin-jeou​ ដែលជាអ្នក​​ប្រកាន់ជំហរចង់បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជា​មួយ​ចិន បានជាប់ឆ្នោត​ជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ​២០០៨​មក ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់ ជាទូទៅ​មានលក្ខណៈល្អប្រសើរជាងកាលពីជំនាន់មុន។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែចាត់ទុកកោះតៃវ៉ាន់ជាខេត្ត បះបោរ​មួយ​ថាជា របស់​ខ្លួន​​ជា​និច្ច និង ​ក៏​មិន​បដិសេធទេនូវ​ ការ​ប្រើកម្លាំងអាវុធ​របស់ខ្លួន ដើម្បីឲ្យកោះ​តៃ​វ៉ាន់​នេះ​ ​វិលត្រឡប់​មកស្ថិត​​​​នៅ​ក្រោមការកាន់កាប់របស់ខ្លួនវិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI