កម្ពុជា

ដី​​សម្បទាន​​​​​សេដ្ឋកិច្ច​ត្រូវ​​បង់​​ពន្ធ​​ថ្លៃ​​ឈ្នួល​​ដី

ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​នៅស្រុករវៀង​ខេត្តព្រះវិហារ​
ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​នៅស្រុករវៀង​ខេត្តព្រះវិហារ​ © RFI-NAvin-Im-អ៊ឹម​ ណាវិន

នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គនៅ​​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រីកាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ដែល​ទទួល​បាន​ដី​សម្ប​ទាន​​សេដ្ឋកិច្ចត្រូវ​បង់​ពន្ធ​ថ្លៃ​ឈ្នួល​ដី​ចំនួន ៥ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតារ ចាប់​ពី​ឆ្នាំ​ទី៦ នៃ​ការ​វិនិ​យោគ។ ប៉ុន្តែ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នោះលោក ហ៊ុន សែន ពុំ​​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ នៃ​ការ​អនុវត្ត​ប្រមូល​ពន្ធ​នៅ​ពេល​ណា​​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

 

លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ដែល​ទទួល​បាន​ដី​សម្បទាន​​​​សេដ្ឋកិច្ចត្រូវ​បង់​ពន្ធ​ថ្លៃ​ឈ្នួល​ដី​ចំនួន ៥ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតារ ចាប់​ពី​ឆ្នាំ​ទី៦ នៃ​ការ​វិនិយោគ ដោយ​មិនមាន​​រើស​អើង​​បែង​​ចែក​ប្រភេទ​ដី​ដែល​ត្រូវ​ធ្វើ​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្មឡើយ។

ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ដែល​តម្រូវ​​​ឲ្យ​ក្រុមហ៊ុន​វិនិយោគដែល​ទទួល​បាន​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​ត្រូវ​បង់​ថ្លៃ​ឈ្នួល​ដី​ចំនួន ៥ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតា​នោះ​​បានធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា។
សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រីបង្ហាញថា ថ្លៃ​ឈ្នួល​ដី​ចំនួន ៥ដុល្លារ​សហរដ្ឋ​អាមេរិកក្នុង​១​ហិក​តារ​​នេះ នឹង​ត្រូវ​កើន​ឡើង ១% ជា​រៀង​រាល់​ឆ្នាំ។ ទោះ​បី​ជា​មាន​កា​រ​កំណត់​ឲ្យ​ក្រុម​ហ៊ុវិនិយោគ​ត្រូវ​បង់​ពន្ធ​៥​ដុល្លារ​ក្នុង​មួយ​ហិកតា​ក៍​ដោយ​ក៍​នៅ​ក្នុង​កិច្ច​ប្រជុំ គណៈ​រដ្ឋ​មន្ត្រី​​នោះ លោកហ៊ុន សែន មិន​បាន​បញ្ជាក់ច្បាស់​​ពី​កាល​បរិច្ឆេទ នៃ​ការ​អនុវត្តន៍​ប្រមូល​ពន្ធ​នៅ​ពេល​ណា​នោះ​ទេ។

ទាក់​ទិន​ទៅ​និង​ការ​កំណត់​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ត្រូវ​បង់​ពន្ធនោះ​លោក​អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ពារ​សិទ្ធិមនុស្ស​លី​កាដូ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ច្បាប់​គឺ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋា​ភិបាល​ត្រូវ​បង់​ពន្ធ តែ​ពេល​កន្លង​មក​រដ្ឋា​ភិបាល​​ចេះ​តែ​អនុគ្រោះ​។ ​លោក​បារម្ភ​ថា​វា​អាច​នឹង​មិន​​មាន​តម្លា​ភាព​ចំពោះ​​ការ​បង់​ពន្ធនោះ​ ​ដូច្នេះ​វានឹង​ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​រដ្ឋ​ដ៍ធ្ងន់​ធ្ងរ​។ ​

តាម​ស្ថិតិ​ពី​គេ​ហទំព័រ​របស់​ក្រសួង​កសិកម្ម​​រុក្ខា​ប្រ​មាញ​និង​នេសាទ​បាន​បង្ហាញ​​ថា​ ក្រុម​ហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រ​មាញ់​និង​នេសា គិត​ត្រឹម​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១២​ មាន​ក្រុមហ៊ុន​ចំនួន​១១៧ វិនិយោគ​លើ​ផ្ទៃ​ដី​ចំនួន ១.១៨១.៥២២​ហិកតា។

ប៉ុន្តែ​នៅ​ក្នុង​​របាយ​ការណ៍​របស់​អង្គការសិទ្ធិ​មនុស្ស​អាដហុក​បាន​បង្ហាញ​​ថា​ ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិ​បា​ល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សរុប​ប្រមាណ ២.២៧៦.៣៤៩ ហិកតាឲ្យ​ទៅក្រុម​ហ៊ុន​ឯកជន​ចំនួន​២២៥ក្រុមហ៊ុនតាម​រយៈ​​ក្រសួង​កសិកម្ម​និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដីសម្ប​ទាន​​​​សេដ្ឋ​កិច្ច។​ ហើយ​ផ្ទៃ​ដី ២ ភាគ ៣ បាន​កាត់​ចេញពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​ជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI