មនុស្សស្លាប់១០នាក់នៅប៉េកាំងនៅចុងសប្តាហ៍នេះដោយព្យុះភ្លៀង
ចុះផ្សាយនៅថ្ងៃ៖
ទីក្រុងប៉េកាំង បានរងគ្រោះធម្មជាតិដ៏ខ្លាំងក្លាបំផុតពុំធ្លាប់មានឡើយនៅអំឡុង៦១ឆ្នាំចុងក្រោយនេះដោយព្យុះភ្លៀងបានធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរនៅថ្ងៃសៅរ៍ម្សិលមិញ។គ្រោះថ្នាក់ធម្មជាតិនេះ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច១០នាក់និងរថយន្តមួយចំនួនធំត្រូវលិចក្នុងទឹក។ ប្រជាជនប្រមាណជា៣ម៉ឺននាក់ បានជម្លៀសចេញពីទីក្រុងប៉េកាំង -នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃអាទិត្យនេះ ដែលបានបញ្ជាក់ទៀតថា” ភាគឥសាននិងភាគនិរតីនៃប្រទេសក៏ត្រូវទទួលរងគ្រោះដោយព្យុះភ្លៀងនៅថ្ងៃនេះនិងនៅថ្ងៃចន្ទស្អែក។
នៅយប់ថ្ងៃសៅរ៍២១កក្កដាម្សិលមិញ ដើមឈើធំៗជាច្រើននៅទីក្រុងប៉េកាំង បានបាក់ដួលរលំ រំលើងឬសគល់គ្មានសល់ ដោយសារព្យុះភ្លៀង បានបោកបក់វាយលុកយ៉ាងខ្លាំងក្លាឥតត្រាប្រណីពេញមួយថ្ងៃ។ នៅប៉ែកខាងកើតនៃរដ្ឋធានីចិនវិញ នៅស្រុក Tongzhou ជនពីរនាក់ បានស្លាប់ដោយត្រូវដំបូលផ្ទះ ធ្លាក់សង្កត់។ ជនទី៣ បានបាត់បង់ជីវិត ដោយរន្ទះបាញ់ រីឯអ្នកទី៤វិញដែលជាស្ត្រីភេទ បានស្លាប់ដោយឆក់ខ្សែភ្លើងដែលធ្លាក់រាយប៉ាយនៅលើដី-នេះជាការរៀបរាប់របស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន Xunhua។
ចំណែក កាសែត Beijing News វិញ បានបញ្ជាក់ប្រាប់ថា “នៅជិតកណ្តាលទីក្រុងប៉េកាំងបុរសម្នាក់ត្រូវស្លាប់ដោយជាប់កុនក្នុងរថយន្តរបស់ខ្លួនដែលទឹកហូរចូលពេញ”។
នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលចិន បានរំលឹកប្រាប់ប្រជាជនខ្លួនជាមុនថា នឹងមានព្យុះភ្លៀងផ្សេងទៀត នៅភាគឥសាន្តប្រទេសនៅអំឡុង២៤ម៉ោងខាងមុខនេះ។ ការព្រមានខាងលើនេះ ត្រូវធ្វើឡើងដែរនៅតាមក្រុងជាប់មាត់សមុទ្រ Tianjin ប៉ែកខាងកើតទីក្រុងប៉េកាំង,នៅតំបន់ Mongoli ខាងក្នុង នៅប៉ែកខាងជើង នៅខេត្ត Sichuan និង Yunnan នៅប៉ែកនិរតី ក៏ព្រមទាំងនៅខេត្ត Guangdong និងHainan ប៉ែកអគ្នេយ៍នៃប្រទេសចិន។
នៅរដូវក្តៅម្តងៗព្យុះភ្លៀងរដូវ បានបង្កជាគ្រោះទឹកជំនន់គួរឲ្យព្រួយបារម្ភនិងបានបណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់នៅប្រទេសចិន។ ទោះជាយ៉ាងណាក្តី ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានវាយប្រហារនៅទីក្រុងប៉េកាំងបច្ចុប្បន្ននេះ កម្រសូវមានណាស់។
នៅឯព្រលានយន្តហោះទីក្រុងប៉េកាំងវិញ ជើងហោះហើរក្នុងប្រទសចំនួន២២៩ និងជើងហោះហើរក្រៅប្រទេសចំនួន១៤ ត្រូវ លុបចោល-នេះជាការជូនដំណឹងរបស់អាជ្ញាធរនៅព្រលានយន្តហោះ។ យោងតាម Beijing News វិញ អ្នកដំណើរ ប្រមាណជា៨ម៉ឺននាក់ ត្រូវជាប់កុននៅព្រលានយន្តហោះ កាលពីម្សិលមិញ។
ចំណែកប្រជាជនចំនួន ១ម៉ឺន៤៥០០នាក់ដែលរស់នៅក្នុងសង្កាត់ផ្សេងៗនៃទីក្រុងប៉េកាំង ត្រូវបានជម្លៀសចេញដែរ-នេះជាការជូនដំណឹងរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ