ជប៉ុន

Tepco ៖ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ទី​ពីរ​និង​ទី៣​ ក៏​បាន​​រលាយ​ដោយ​អន្លើ​ដែរ

នៅ​​ថ្ងៃ​ទី​​១៧​​ឧសភា​ ​ឥន្ទនៈ​​នៃ​ម៉ាស៊ីន​ប្រតិកម្ម​ទី​៤​តែ​មួយ​គត់​នៅ ​ Fukushima នៅ​មិន​ទាន់​រលាយ។
នៅ​​ថ្ងៃ​ទី​​១៧​​ឧសភា​ ​ឥន្ទនៈ​​នៃ​ម៉ាស៊ីន​ប្រតិកម្ម​ទី​៤​តែ​មួយ​គត់​នៅ ​ Fukushima នៅ​មិន​ទាន់​រលាយ។ Reuters/Tepco

ក្រុម​ហ៊ុនអគ្គិសនី​​តិប​កូ អ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ទើប​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ ថាបន្ថែម​ពី​បញ្ហា​នៅ​ម៉ាស៊ីនប្រតិកម្ម​ទី​មួយ ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ទី​ពីរ​ និង​ទីបី ទំនង​ជា​ មាន​ការ​រលាយ​ចូល​គ្នាដែរ។

ផ្សាយពាណិជ្ជកម្ម

 

ស្នូល​ម៉ាស៊ីន​ប្រតិកម្ម ទី១ នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ Fukushima ​បាន​​រលាយ​ចូល​គ្នា​ទាំង​ស្រុង។ ឥន្ធនៈ​ដែល​កំពុង​រលាយ បាន​ធ្លាក់​ទៅ​ដល់​បាត​ ដែល​ធ្លុះធ្លាយ ព្រោះតែ​សម្ពាធ​ខ្លាំង​ពេក​។ នេះ ជាការទទួលស្គាល់​របស់ក្រុមហ៊ុនតិបកូ ពីរ​ខែក្រោយ​​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​​នៅ​ Fukushima។

ក្រុមហ៊ុន តិបកូ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ទី​២ និង​ទី​៣ ក៏​បាន​រលាយ​ដោយ​ អន្លើ​​ដែរ។ ឥន្ធនៈ​ដែល​រលាយ ​​បានប្រែក្លាយ​ទៅ​ជា​គំនរ​ជាតិ រាវ​ពុះ​ខ្លាំង និង​ដែល​គេ​មិន​​អាច​ដឹង​ជា​មុន​បាន។

លោក​នាយករដ្ឋមន្រ្តីជប៉ុន ណាតូកាន បាន​​ចោទ​ប្រកាន់ ក្រុមហ៊ុន តិបកូ ថា  បាន ​ផ្តល់​ព័ត៌មាន មិន​ពិត​ប្រាកដ ​ជូន​លោក ស្តីពី​​សភាពការណ៍​ដ៏​ធ្ងន់ធ្ងរ​នៅ​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរនេះ។ ក៏ប៉ុន្តែ ក្រុមហ៊ុន តិបកូ​ បាន​ចោទ​ប្រកាន់បកទៅ​វិញ ថា​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ រុញច្រាន​​ស្ថានការណ៍​នៅ​រោងចក្រ​នេះ ឲ្យ​រឹតតែ​មាន​កំរិត ​ធ្ងន់ធ្ងរ​ថែម​ទៀត ដោយ​លោក​បាន​បញ្ជា មិន​ឲ្យគេ​បង្ហូរ​ទឹក​សំរាប់បញ្ចុះសីតុណ្ហភាព​ម៉ាស៊ីន​ប្រតិកម្ម​​ អស់​រយៈពេល មួយ​ម៉ោង។ យោង​តាម​តិបកូ បម្រាម​របស់នាយករដ្ឋមន្រ្តី បានបង្ក  ឲ្យ ​ឥន្ទនៈ​រលាយ​ រឹតតែ លឿន​រហ័សជាងមុនទៅទៀត។

ទាំង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​និង​ក្រុមហ៊ុន​តិបកូ  បាន​ទម្លាក់​ការ​ទទួលខុ​ស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​Fukushima។ ក៏ប៉ុន្តែ បើតាម​ការ​គូស​បញ្ជាក់​​​របស់ កាសែត សេដ្ឋកិច្ច Nikkei​ វិញ  ​ពុំមែន ប្រមុខ​រដ្ឋាភិបាល​ជប៉ុនទេដែល​  ​ជាអ្នកត្រូវ​ដោះស្រាយ​បញ្ហា​ គ្រោះថ្នាក់​​​​នុយក្លេរអ៊ែរ​នៅ ​Fukushima ​​។ គ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ​ ជា​​ប្រវត្តិសាស្រ្ត​បន្ទាប់​ពី​គ្រោះថ្នាក់​​​នៅឈែរណូប៊ីល( Tchernobil)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI