អ៊ូហ្កន់ដា

គ្រោះថ្នាក់​នៃ​ការ​ដែល​ពួក​ភេរវជន​អាច​ប្រើ​virus​(មេរោគ​វិសាណូ)​ជា​អាវុធ​ប្រល័យ​រង្គាល

ក្រុម​ប្រតិភូ​អាមេរិក ដឹក​នាំ​ដោយ​សមាជិក​ព្រឹទ្ធ​សភា Dick Lugar  កំពុង​ទស្សនា​ទី​ពិសោធ​​ក្រសួង​កសិកម្ម​អ៊ូហ្កង់ដា ថ្ងៃ​ទី ១០ វិច្ឆិកា ២០១០
ក្រុម​ប្រតិភូ​អាមេរិក ដឹក​នាំ​ដោយ​សមាជិក​ព្រឹទ្ធ​សភា Dick Lugar កំពុង​ទស្សនា​ទី​ពិសោធ​​ក្រសួង​កសិកម្ម​អ៊ូហ្កង់ដា ថ្ងៃ​ទី ១០ វិច្ឆិកា ២០១០ www.facebook.com/senatorlugar

គណៈប្រតិភូ​មួយ​នៃ​កងទ័ព​អាមេរិកាំង​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ Dick​ Lugar​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​កើត​ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​ អ៊ូហ្កន់ដា។ ជា​តំបន់​មួយ​ដែលត្រូវ​មន្ទីរ​បញ្ចកោណ​Pentagone ​គឺ​ក្រសួង​​ការពារ​ជាតិ​អាមេរិកាំង​ចាត់​ទុក​ថា​អាច​មាន​លក្ខណៈ​ផុយ​ស្រួយ​ ដ្បិត​អាច​មាន​ការគំរាម​ជា​យថាហេតុ​ពីពួកភេរវជន​ដែល​ប្រើ​virus​ទុក​ជា​ អាវុធ​ប្រល័យ​រង្គាល។ សំរាប់​គណៈប្រតិភូ​ ​ គេ​ត្រូវ​តែ​ពង្រឹង​សន្តិសុខ​ជា​បន្ថែម​ទៀត​ឱ្យ​បាន​ឆាប់​រហ័ស​ជុំវិញ​ ទីពិសោធ​virus​ នៅ​ក្នុង​តំបន់​នេះ​ ដើម្បី​បញ្ចៀស​រាល់​គ្រោះ​ថ្នាក់​នៃ​ជីវ​ភេរវនិយម​ នៅ​ក្នុង​តំបន់​នេះ​ជា​ទី​ដែល​អាល់​-កៃដា​ជ្រាប​ចូល​កាន់​តែ​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

នៅ​ប្រទេស​អ៊ូហ្កន់ដា​ ​ គណៈប្រតិភូ​នៃ​សមាជិក​ព្រឹទ្ធ​សភា​Dick​ Lugar​ បាន​ទស្សនា​ទី​ពិសោធ​នៃ​ក្រសួង​កសិកម្ម​ ​ នៅ​ទី​ក្រុង​Entebbe។នៅ​ក្នុង​អគារ​ចាស់​ទ្រុឌ​ទ្រោម​រខេករខាក​ប្រកប​ដោយ​កញ្ចក់​បាក់​បែក​ ​ គេបាន​រក​ឃើញ​ថា​ ប្រភព​នៃ​virus​ Anthrax​ប្រកប​ដោយ​គ្រោះ​ថ្នាក់​សំរាប់​មនុស្ស​ត្រូវ​រក្សា​ទុក​ នៅ​ក្នុង​ទូទឹក​កក​ដែល​គេ​អាច​បើក​យក​បាន​ដោយ​សេរី។

នៅ​ទី​ក្រុង​Kampala​ ​ នៅ​ទី​កន្លែង​ទំនើប​បំផុត​និង​ទទួល​ប្រាក់​កាស​ផ្តល់​ដោយ​ស.រ.អា.​នៃ​វិជ្ជាឋាន​ស្រាវ​ជ្រាវ​អំពី​virus​ ​ គណៈប្រតិភូ​ដដែល​នេះ​បាន​កត់​សំគាល់​ឃើញ​ថា​ ប្រភព​ពីរ​នៃ​virus​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ ជាអាទិ៍​ virus​ Ebola​ ត្រូវ​រក្សា​ទុក​ នៅ​ក្នុង​ទូទឹក​កក​ធម្មតា​ នៅ​ក្នុង​បន្ទប់​មួយ​ទទេ​ នៅ​ទី​ចុង​បំផុត​នៃ​របៀង​មួយ​ដែល​មាន​ពាក្យ​ថា​ “ហាម​មិន​ឱ្យ​ចូល”​ ប្រហែល​ជា​គ្មាន​ត្រូវ​នរណា​គោរព​តាម​ទេ​ -យោង​តាម​សំដី​របស់​អ្នក​កាសែត​ New​ York​ Times​ ម្នាក់។

គណៈប្រតិភូ​អាមេរិកាំង​នេះ​ក្រៅ​ពី​ប្រទេស​អ៊ូហ្កន់ដា​ ​ ក៏​ត្រូវ​ទៅ​ទស្សនា​ប្រទេស​Burundi​និង​Kenya​ផង​ដែរ។នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ​ ​ គណៈប្រតិភូ​ខំប្រឹង​ធ្វើ​ឱ្យ​សំរេច​ដល់​ការពង្រឹង​សន្តិសុខ​នៃ​ទី​ពិសោធ​សាធារណៈ។ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ប្រភព​នៃ​virus​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ទាំង​នេះ​ធ្លាក់​ក្នុង​ដៃ​នៃ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្នុង​ចំណោម​ក្រុម​ប្រដាប់​អាវុធ​ដ៏​ច្រើន​អនេក​ដែល​វិវឌ្ឍ​ នៅ​ក្នុង​តំបន់​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI