ថៃ

ទឹកជំនន់ ៖ រដ្ឋាភិបាល​ថៃ​ប្រឈម​នឹង​ភាព​ស្លន់ស្លោ​របស់​ប្រជាជន

ថៃ​កំពុង​ជួស​ជុល​ទំនប់​ទឹក​ដែល​ធ្លាយ​ព្រោះ​​ទឹក​ជំនន់​នៅ​ខេត្ត​ ប៉ាទុំថានី
ថៃ​កំពុង​ជួស​ជុល​ទំនប់​ទឹក​ដែល​ធ្លាយ​ព្រោះ​​ទឹក​ជំនន់​នៅ​ខេត្ត​ ប៉ាទុំថានី © Reuters

ក្រុង​បាងកក​នឹង​មិន​អាច​លិច​​លង់​ ព្រោះ​ទឹក​ជំនន់​ឡើយ! នេះ​ជា​ការ​ធានាអះអាង​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ។ អាជ្ញាធរ​ថៃ​កំពុង​ខិត​ខំ​សាកល្បង​​​ គ្រប់​បែប​យ៉ាង នាំ​​​ចិត្ត ​បណ្តា​ជន​ក្រុង​បាងកក​ជាង​១២​លាន​នាក់ កុំ​ឲ្យភ័យ​​ស្លន់​ស្លោ​ ជ្រួល​ច្របល់​នឹង​គ្រោះ​​ទឹក​ជំនន់​ តាម​ដំណឹង​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​ថា​ជាយ​ក្រុង​បាងកក​ អាច​នឹង​លិច​ទឹក​ដល់​ជម្រៅ​មួយ​ម៉ែត្រ។ ​ ទឹក​ជំនន់​​រដូវ​វស្សា​ដែល​ មាន​សភាព​ធ្ងន់ធ្ងរ​​ខ្លាំង​មិន​ធ្លាប់​មាន​នេះ​ បាន​បង្ហិន​បង្ហោច​ គិត​ជា​ទឹក​ប្រាក់​អស់​ប្រមាណជាង ៣ពាន់​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

រវាង​សេចក្តី​ប្រកាស​អាសន្ន​​គ្រោះ​ទឹក​ជំនន់ និង​​សារ​ធានា​អះអាង​​​​គ្រប់​គ្រង​​ស្ថានការណ៍​បាន​របស់​រដ្ឋាភិបាល ប្រជាជន​ក្រុង​បាងកក​លែង​យល់​អ្វី​ទាំង​អស់ តែ​បែរ​ជា​កើត​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង អំពី​ទំហំ​នៃ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​លិច​រាជធានី។ ពួក​គេ​ ផ្អើល​ឆោឡោ​រក​ទិញ​ ទឹក​ មី​កញ្ចប់ មក​ស្តុកទុក​​ ស្ទើរ​អស់​គ្មាន​សល់​មួយ​កញ្ចប់​ ​នៅ​តាម​ទីផ្សារ​។ ចរាចរណ៍​បាន​កក​ស្ទះ​យ៉ាង​ខ្លាំង​នៅ​ពេល​ល្ងាច​ ព្រោះ​ម្នាក់ៗ​សម្រុក​ចេញ​ទៅ​រក​ទី​ទួល។

 
​ម្សិលមិញនេះ​​ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រថៃ​ បាន​ប្រកាស​អាសន្ន​ថា​ សង្កាត់​ជាយ​ក្រុង​បាងកក​ផ្នែក​ខាង​ជើង​ជា​ច្រើន​ អាច​ជួប​នឹង​គ្រោះ​លិច​លង់ ព្រោះ​ធ្លាយ​ទំនប់។ ប៉ុន្តែ​មួយ​ម៉ោង​ក្រោយ​មក​ អាជ្ញាធរ​បាន​កែ​ប្រែ​ព័ត៌មាន​នេះ​ឡើង​វិញ។

 “កម្ពស់​ទឹក​នៅ​នឹង -មិន​បន្ត​ឡើង​ទៀត​ទេ ! សូម​កុំ​ជ្រួល​ច្របល់​ឆោឡោ​អី !” នេះ​ជា​​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីនណាវ៉ាន់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​ថែម​ទាំងពន្យល់​​​អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​គ្រាន់​តែ​ចង់​ផ្តល់​ដំណឹង​ ដើម្បី​កុំ​ឲ្យ​គ្រប់​គ្នា​បារម្ភ ទើប​លើក​ឡើង​អំពី​ស្ថានភាព​ដែល​ក្រុង​បាងកក​អាច​ទទួល​រង​គ្រោះ ប៉ុន្តែ​ហេតុការណ៍​នោះ​ ពុំ​មាន​កើត​ឡើង​ទេ ហើយ​ក៏​នឹង​មិន​កើត​ឡើង​ដែរ។ ស្ថានភាព​ទឹក​ជំនន់​បាន​វិល​មក​រក​ភាព​ធម្មតា​ហើយ។​ ជាយ​ក្រុង​បាងកក​ជាប់​ទំនប់​អាច​នឹង​លិច​លង់​បន្តិច​បន្តួច​ប៉ុណ្ណោះ។

តាំង​ពី​ចុង​ខែ​កក្កដា​មក ទឹក​ភ្លៀង​រដូវ​វស្សា បាន​ធ្លាក់​ខ្ជោកខ្ជាំ​ ច្រើន​ហួស​កំរិត​ធម្មតា ជាហេតុ​ធ្វើ ប្រទេស​ថៃ​មួយ​ភាគ​ធំ​ រង​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​មិន​ធ្លាប់​មាន​ នា​រយៈ​ពេល​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ២៨៩​នាក់​និង​បាត់​ខ្លួន​បួន​នាក់ ស្រូវ​ស្រែ​រាប់​ពាន់​ហិចតារ​ត្រូវ​បំផ្លាញ​ រោងចក្រ​រាប់​រយ​ត្រូវ​ផ្អាក​សកម្មភាព។ ខេត្ត​ភាគ​ខាង​ជើង ខាង​កើត​ និង​ភាគ​កណ្តាល​ប្រទេស​ រងគ្រោះ​ខ្លាំង​ជាង​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI