ថៃ

ប៉ែក​​កណ្តាល​​ទីក្រុង​​បាងកក​​ រួច​​ផុត​​ពី​​ការ​​លិច​ទឹក​ម្តង​ទៀត​

ជន​រងគ្រោះ​ទឹកជំនន់​​ ឡើងលើរថយន្តធំដឹកពួកគេ​ចេញ​ពី​ Bang Phlad , បាងកកនៅថ្ងៃទី៣០តុលា​២០១១។
ជន​រងគ្រោះ​ទឹកជំនន់​​ ឡើងលើរថយន្តធំដឹកពួកគេ​ចេញ​ពី​ Bang Phlad , បាងកកនៅថ្ងៃទី៣០តុលា​២០១១។ REUTERS/Bazuki Muhammad

ទឹក​​ជំនន់​​ដែល​​គំរាម​​ទីក្រុង​​​បាងកក​​នៅ​​ថ្ងៃ​​សៅរ៍​​ម្សិលមិញ​​ ពុំ​​​បាន​​ជោរជន់​លិច​មក​ដល់​​កណ្តាល​​​​​​ទីក្រុង​​ទេ​ ​ហើយ​​​​​ក៏​​អាច​នឹង​​​ចាប់​​ស្រក​​វិញ​​​​នៅ​​​អំឡុង​​ពេល​​​​ ​២​​ ទៅ​​​៣​​ថ្ងៃ​​ទៀត។​​ នេះ​​​ជា​​​សេចក្តី​​​​​ជូ​ន​​ដំណឹង​​​របស់​​​លោកស្រី ​​Yingluck​​ Shinawatra​​ នាយក​​​​រដ្ឋមន្រ្តី​​​ថៃ​​​ នៅ​​​ម្សិលមិញ​នេះ ​ បន្ទាប់​ពី​​​ប្រជាជន​​​​​​ជា​​ច្រើ​ន​​​ម៉ឺន​​​នាក់​​ បាន​​​ជម្លៀស​​​​ជា​​បន្ទាន់​​​ចេញ​​​ពី​​ រ​ដ្ឋ​ធានី​​។​ ជា​​ដំណឹង​​​​ល្អ​​មួយ ​ក៏​ប៉ុន្តែ​​ទឹក​​ជំនន់​​នៅ​​តែ​គំរាម​នៅ​ឡើយ​។​

ផ្សាយពាណិជ្ជកម្ម

ប៉ែក​​​កណ្តាល​​ទីក្រុង​​បាងកក ​​បាន​រួច​ផុត​ពី​ការ​គំរាម​ទឹកជំនន់​ជា​ថ្មី​ទៀត​។ ​លោកស្រី ​Yingluck Shinawatra នាយក​​រដ្ឋមន្រ្តី​ថៃ​ ទើប​បានជួនដំណឹងដ៏​រីករាយ​​នេះ​នៅថ្ងៃសៅរ៍ម្សិលមិញ ដោយ​អះអាង​ថា “កំរិត​ទឹកជំនន់​ ​ចាប់​​ផ្តើម​​​​ស្រក​ចាប់ពី​សប្តាហ៍​​ក្រោយ​ទៅ”។​ “ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​​​នឹង​​ចាប់​ល្អ​​ប្រសើរ​​ឡើងវិញ​ចាប់ពីពេលនេះ ឬ ក៏មួយថ្ងៃទៅពីរថ្ងៃទៀត”។​

ក៏​ប៉ុន្តែ ការវាយតម្លៃរបស់​លោកស្រីនាយក​រដ្ឋមន្ត្រីថៃ​ អំពី​ស្ថានការណ៍​​ទឹក​ជំនន់​​នេះ ពុំ​បាន​ធ្វើ​ឲ្យ​អ្នក​ដ៏ទៃទៀត​យល់ស្របដូចគាត់ឡើយ ពី​ព្រោះ​​ ស្រុក​​​ជា​ច្រើន​ទៀត ​​​នៅ​ប៉ែក​ខាង​ជើង​ទីក្រុង​ នៅតែលិចទឹក​​នៅ​ឡើយ ​​ជា​ពិសេស​នៅ​ Don Mueang  ជាទីដែលព្រលាន​យន្ត​ហោះ​​ទីពីរ ​នៃ​​ទីក្រុង​​ត្រូវបិទ​ផ្អាក​សកម្មភាព​​ហោះហើរ។​ ចំណែកប្រជាជនជាច្រើននៅ​តំបន់​​នោះវិញ​​ ​ក៏​​បាន​ជម្លៀស​​​ចេញ​ដែរ។

នៅលើ​សេចក្តីជូនដំណឹង​របស់លោកស្រីនាយករដ្ឋមន្ត្រីថៃ  ពួកអ្នកជំនាញការវិញ ក្នុងក្តី​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​​បាន​បញ្ចេញ​យោបល់​​អ្វីឡើយ ។​

ជាការពិត នៅ​ប៉ែក​ខាង​លើ បាងកក ទឹកទន្លេ Chao Phraya បាន ចាប់ស្រក ។​ ក៏ប៉ុន្តែ​ទីក្រុង​នេះ ​​ស្ថិតនៅចម្ងាយតែប្រមាណ​ពី ១០​ ទៅ ២០ គមតែ​ ប៉ុណ្ណោះពីទី កន្លែង​ដែល​​ ទឹក​ទន្លេនេះ​ ត្រូវ​ហូរ​ចាក់ទៅក្នុងសមុទ្រ។​

នៅត្រើយ​ខាងលិច​នៃទន្លេ  Chao Phraya វិញ គេនៅតែមានការព្រួយបារម្ភ​ខ្លាំងជានិច្ច ​​ដោយ​សង្កាត់​ខ្លះ​​នៅ​តែ​លិច​ទឹកយ៉ាង​ខ្លាំងដដែល រហូតដល់​កំពស់​​មួយ​ម៉ែត្រ។ នៅ​ទីក្រុង​​ចំណាស់ Thon Buri ​ ដែល​ទឹកលិចខ្លាំងជាងគេ​ ជា​ពិសេស​​នៅ​សង្កាត់​​ចិន​​ ពួក​អ្នកទេសចរ​ ​ដែល​មាន​បំណង​​​ឆ្លៀតឱកាស ​​ដើរកំសាន្តលេង​​ឲ្យបាន​​​សប្បាយអស់​ចិត្ត ដើម្បី​ទស្សនា​ទីកន្លែងពិសេស​នានា ក៏​​ត្រូវ​​ដើរ​លុយក្នុងទឹក ដែរ​​ដែល​មាន​កំពស់​រហូតដល់ត្រឹម​ភ្លៅរបស់គេ។

កាលពីថ្ងៃព្រហស្បតិ៍មុននេះ  អាជ្ញាធរថៃ ​បានប្រកាស​ឲ្យ​ប្រជាជន​ឈប់​សំរាក​​ចំនួន៥ថ្ងៃ​ ដើម្បី​​​រៀបចំទប់ទល់នឹងគ្រោះ​ទឹក​ជំនន់ ក៏ប៉ុន្តែបើ​តាម​មើល​ទៅ ​​ការឈប់សំរាកនេះ អាច​នឹង​​ត្រូវ​បន្តពេលយូរបន្តិចទៀត។

 គួររំលឹកថា​​​​​  ​ក្នុង​អំឡុងពីរខែ​ចុង​ក្រោយ​នេះ​គ្រោះទឹកជំនន់នៅក្នុង​ប្រទេសថៃ បាន​​សម្លាប់​ជីវិត​មនុស្សអស់​យ៉ាងតិច​ចំនួន ៣៨១​ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI