កម្ពុជា

នាយក​រដ្ឋមន្ត្រី​កម្ពុជា-ថៃ​ពិភាក្សា​ពី​ការដក​កងទ័ព​តាម​ព្រំដែន

នាយក​រដ្ឋមន្រ្តី​ថៃ(ឆ្វេង) ចាប់ដៃ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា (ស្តាំ)ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​ថៃ​ឡាវ ភូមា និង​វៀតណាម
នាយក​រដ្ឋមន្រ្តី​ថៃ(ឆ្វេង) ចាប់ដៃ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា (ស្តាំ)ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​ថៃ​ឡាវ ភូមា និង​វៀតណាម ©សុវណ្ណារ៉ា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ីត​បាន​ព្រមព្រៀង​គ្នា​ជាថ្មី​ម្តងទៀត​ថា នឹង​បន្ត​យន្តការ​ដោះស្រាយ​ទំនាស់​តាម​ព្រំដែន ព្រមទាំង​ពិភាក្សា​ពី​ការបន្ធូរ​បន្ថយ​ភាពតានតឹង ជាពិសេស គឺ​ការដក​កងទ័ព​ចេញពី​តំបន់​ព្រំដែន។ នាយក​រដ្ឋមន្ត្រី​កម្ពុជា ថៃ បាន​ជួប​ពិភាក្សា ជា​លើក​ទី​៤ កាលពី​ព្រលប់ ថ្ងៃទី​១៧​វិច្ឆិកា ម្សិលមិញ នៅ​ក្រោយ​ការបិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល រវាង​ថ្នាក់ដឹកនាំ​កម្ពុជា ឡាវ ភូមា និង​វៀតណាម។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ីត ជា​លើកទី​៤ កាលពី​ព្រលប់​ថ្ងៃ​១៧​វិច្ឆិកា​ម្សិលមិញ បាន​ធ្វើឡើង ក្រោយ​ពី​កម្ពុជា និង​ថៃ​បាន​បង្កើន​ទំនាក់​ទំនង​ការទូត ថ្នាក់​ឯក​អគ្គរាជទូត​ឡើង​វិញ កាលពី​ខែ​សីហា ឆ្នាំ​២០១០។

លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា-ថៃ បាន​ជួប​ពិភាក្សាគ្នា​​លើ​ការងារ​មួយចំនួន ដោយ​សម្រេច​ថា នឹង​បន្ត​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ដូចជា គណៈកម្មការ​ព្រំដែន​ចម្រុះ JBC ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស និង​គណៈកម្មការ​ព្រំដែន​ទូទៅ GBC ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

​លោក កុយ គួង បាន​បន្ថែមថា នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​សម្រេច​ឲ្យមាន​កិច្ចប្រជុំដទៃៗ​ទៀត ជា​ទៀងទាត់​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​-​ថៃ ក៏​បាន​ពិភាក្សា​អំពី​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅតាម​ព្រំដែន ជាពិសេស​ការបន្ធូរបន្ថយ​កុំឲ្យ​មាន​ការប្រឈមមុ​ខ​ដាក់​គ្នា​ផ្នែក​យោធា​ ក្នុងនោះ ក៏បាន​លើកឡើង​អំពី​ការដក​កងទ័ព​ពី​ព្រំដែន​ផងដែរ​។

ក៏ប៉ុន្តែ មិន​មាន​ការកំណត់​ពេលវេលា​ច្បាស់លាស់​លើ​ការដក​កងទ័ព ចេញពី​តំបន់​ជម្លោះ​កម្ពុជា-ថៃ​នោះឡើយ។ កម្ពុជា-ថៃ កើត​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ដោយសារ​តែ​ថៃ​បាន​លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា និង​មាន​ការបាញ់​ប្រយុទ្ធ​គ្នា​ជាច្រើនលើក នៅ​ចំណុច​ព្រំដែន​ប្រាសាទ​ព្រះវិហារ ហើយ​បាន​អូសបន្លាយ រហូតដល់​ពេល​នេះ។

យ៉ាងណា​ក៏ដោយ លោក កុយ គួង បាន​គូសបញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា-ថៃ សង្ឃឹម​ថា គណៈកម្មការ​ចម្រុះ​សភា​ថៃ នឹង​អនុម័ត​លើ​ឯកសារ​ទាំងបី នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ព្រំដែន​ចម្រុះ JBC ព្រមទាំង​ឧបសម្ព័ន្ធ​នៃ​ឯកសារ​កំណត់ហេតុ​កិច្ចប្រជុំ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ដែល​ធ្វើឡើង កាលពី​ចុងឆ្នាំ​២០០៨ និង​ដើមឆ្នាំ​២០០៩ ទាក់ទង​នឹង​ដំណោះស្រាយ​លើ​បញ្ហា​ជម្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

ក្រៅ​ពី​បញ្ហា​ព្រំដែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា-ថៃ ក៏​បាន​លើកឡើង​ពី​ស្ថានភាព​ពលករ​កម្ពុជា ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-ថៃ ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកកាន់​លិខិត​ឆ្លងដែន​ធម្មតា របស់​ប្រជាពលរដ្ឋ​ទូទៅ​នៃ​ប្រទេស​ទាំង​ពីរ។ កិច្ចព្រមព្រៀង​នោះ នឹង​ចូល​ជា​ធរមាន រយៈពេល ៣០ ថ្ងៃ ក្រោយពី​ថ្ងៃ​ចុះហត្ថលេខា។ ដូច្នេះ ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ ដែល​មាន​លិខិតឆ្លងដែន​ធម្មតា អាច​ចេញចូល​ទៅ​វិញ​ទៅ​មក ដោយ​ស្នាក់នៅ រយៈពេល ១៤ ថ្ងៃ យ៉ាងយូរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI