ទឹកជន់លិចក្រុងបាងកកកភាគខាងជើង
ដោយមិនប្រាកដថា អាចទប់ឈ្នះកម្លាំងទឹកជំនន់ និងការពាររាជធានីទាំងមូលពីគ្រោះមហន្តរាយបាន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលថៃបានបញ្ហាឲ្យបើកទ្វារទំនប់ទឹកទាំង ២០០ ដើម្បីបង្ហូរទឹកទៅសមុទ្ទបានលឿន ប៉ុន្តែធ្វើរបៀបនេះ សង្កាត់ខ្លះអាចនឹងត្រូវលិចលង់។ ប្រជាជនរស់នៅក្នុងសង្កាត់ភាគខាងជើងក្រុងបាងកក បានទទួលសេចក្តីណែនាំឲ្យជញ្ជូនទ្រព្យសម្បត្តិដាក់ទីទួលសុវត្ថិភាព និងត្រូវបានជម្លៀសចេញជាបន្ទាន់ ដោយរថយន្តយោធា។ ប៉ុន្តែចំណាត់ការនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជាច្រើនសប្តាហ៍មកហើយ ដែលអ្នកជំនាញ បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលថៃ ឲ្យបើកទ្វារទំនប់ទឹក ដើម្បីកុំឲ្យសម្ពាធ និងកម្ពស់ទឹកឡើងខ្លាំង បុកទៅលើទំនប់ការពារក្រុងបាងកកពេក។ ប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ រារែក មិនព្រមសម្រេចចិត្តភ្លាមៗទេ។ បទបញ្ជាឲ្យបើកបង្ហូរទឹករាប់ពាន់ម៉ឺនម៉ែត្រគូប តាមទន្លេចៅប្រាយ៉ា និងប្រឡាយជីកកាត់ក្រុង ទើបតែត្រូវអនុម័ត នៅថ្ងៃព្រហស្បតិ៍ម្សិលមិញប៉ុណ្ណោះ។
ជាហេតុធ្វើឲ្យប្រជាជនថៃជិត៩០% បាត់បង់ទំនុកលើរដ្ឋាភិបាល របស់លោកស្រី ក្នុងការចាត់ចែងដំណោះស្រាយប្រឈមនឹងគ្រោះទឹកជំនន់នេះ។ ប៉ុន្តែអ្នកនាំពាក្យមជ្ឈមណ្ឌលសង្គ្រោះ ចាត់ទុកការរិះគន់របស់ពលរដ្ឋថា ធ្វើឡើងដោយគ្មានឈរលើមូលដ្ឋានច្បាស់លាស់។ តាមការពិត បើតាមអ្នកនាំពាក្យរូបនេះ “លោកស្រី យីងឡាក់ មានសមត្ថភាព និងយល់ដឹងគ្រប់គ្រាន់ អំពីមធ្យោបាយទប់ទល់នឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរប្រចាំកន្លះសតវត្សនេះ និងធ្វើសេចក្តីសម្រេចចិត្តទៅតាមស្ថានភាពជាក់ស្តែង ពីមួយថ្ងៃទៅមួយថ្ងៃ ល្អជាងចំណាត់ការរបស់អតីតនាយករដ្ឋមន្ត្រីអាភិស៊ីតទៅទៀត"។
ទ្វារទឹកបើក -ទឹករាប់ពាន់ម៉ែត្រគូប នឹងបុកហូរចុះ ទៅសមុទ្ទ តាមទន្លេចៅប្រាយ៉ា កាត់ត្រង់កណ្តាលរាជធានី ដែលនេះអាចបង្កឲ្យសង្កាត់មួយចំនួនត្រូវលិចលង់។ ព្រឹកថ្ងៃសុក្រទី ២១តុលានេះ ទឹកបានលិចសង្កាត់ឡាក់ស៊ី និងដនមឿន ក្នុងកម្ពស់កន្លះម៉ែត្រ។ អ្នកជំនាញជនជាតិហូឡង់ កំពុងសហការជាមួយនឹងរដ្ឋាភិបាលថៃ ដើម្បីវាយតម្លៃកម្លាំង ទឹកជន់ជោរលិចក្រុង ដែលកើតឡើងជាយថាហេតុ។ ប៉ុន្តែនៅក្រៅផ្លូវការវិញ អាជ្ញាធរថៃបានសារភាពថា គេមិនអាចបាន់ប្រមាណ អំពីទំហំនៃការខូចខាត ដោយទឹកជំនន់នៅក្នុងក្រុងបាងកកបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ