ថៃ

មេដឹកនាំ​ក្រុមអាវក្រហម​ពីរនាក់​ទៀត​ចូលគុក​ដោយ​រឿងជេរ​ប្រមាថ​ព្រះរាជវង្ស​ថៃ

លោក​ចាទុផន​មេដឹកនាំ​ចេញមុខ​គេ​របស់​ចលនា​ក្រុមអាវក្រហម​ត្រូវ​តុលាការ​សម្រេច​ចាប់​ដាក់​គុក​ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១២ ឧសភា ដោយ​ចោទ​ពី​បទ​និយាយ​ប្រមាថ​ដល់​ព្រះរាជបល្ល័ង្ក​ថៃ​
លោក​ចាទុផន​មេដឹកនាំ​ចេញមុខ​គេ​របស់​ចលនា​ក្រុមអាវក្រហម​ត្រូវ​តុលាការ​សម្រេច​ចាប់​ដាក់​គុក​ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១២ ឧសភា ដោយ​ចោទ​ពី​បទ​និយាយ​ប្រមាថ​ដល់​ព្រះរាជបល្ល័ង្ក​ថៃ​ ©Reuters

ក្នុង​​រឿងជម្លោះ​​នយោបាយ​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ភឿថៃម្នាក់​រង​ការបាញ់​ប្រហារ កាលពី​ថ្ងៃ​អង្គារ។ ចំណែក​ ថ្នាក់ដឹកនាំ​សំខាន់​របស់​ក្រុមអាវក្រហម​ពីររូប គឺ​លោក​ចាទុផន ព្រំផាន់ និង​លោក​នីស៊ីត ស៊ីនធុប្រៃ ត្រូវ​តុលាការ​ឧក្រិដ្ឋ​សម្រេច​ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១២ ឧសភា នេះ ឲ្យគេ​ចាប់​បញ្ចូល​ទៅ​ឃុំខ្លួន ក្នុង​បទចោទប្រកាន់​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ នៅក្នុង​ឱកាស​ថ្លែង​រំលឹកខួប​មហាបាតុកម្ម ក្នុង​ក្រុងបាងកក កាលពី​ថ្ងៃ​ទី ១០​ខែ​មេសា​មុននេះ។

ផ្សាយពាណិជ្ជកម្ម

លោក​ចាទុផន ព្រំផាន់ ជា​មេដឹកនាំ​ក្រុមអាវក្រហម​ដែល​ចេញមុខ ចេញមាត់​ជាងគេ នៅក្នុង​មហាបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល កាលពី​ខែ​មីនា និង​មេសា ឆ្នាំ មុន។ នៅក្រោយ​ការបង្រ្កាប​របស់​ទាហាន​បាន​សម្រេច ទៅ​លើ​បាតុករ លោក​ ចាទុផន ព្រំផាន់ និង​ថ្នាក់​ដឹកនាំ​ក្រុមអាវក្រហម​៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋថៃ​​ចោទ​ប្រកាន់​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម។ ប៉ុន្តែ លោក​ចាទុផន និង​លោក​នីស៊ីត ត្រូវ​ដាក់​ឲ្យ​ស្ថិតនៅក្រៅឃុំ​បណ្តោះអាសន្ន មកពី​លោក​ទាំងពីរ​នាក់ មាន​អភ័យឯក​សិទ្ធិ​សភា។

ប៉ុន្តែ គ្រាន់តែ​លោក​ចាទុផន និង​លោក​នីស៊ីត​បាត់បង់​អភ័យឯកសិទ្ធិ​សភា ដោយសារ​ការប្រកាស​រំលាយ​សភា​ថៃ នៅថ្ងៃ​អង្គារ ព្រះរាជអាជ្ញា​ថៃ​បាន​សុំ​ភ្លាម ទៅ​តុលាការ​ឲ្យ​ផ្តន្ទាទោស​មេដឹកនាំ​ក្រុម​អាវក្រហម​ទាំងពីរ។ តុលាការ​រកឃើញ​ថា នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ក្រុមអាវក្រហម នៅថ្ងៃ​រំលឹកខួប នៅខែ​មុននេះ លោក​ចាទុផន​បាន​ជេរប្រមាថ​ព្រះអង្គម្ចាស់ក្សត្រី​មួយអង្គ ដោយ​និយាយ​ថា ខ្លួន​លោក​ផ្ទាល់​ចង់​ឲ្យ​ពិធីករ ​ទូរទស្សន៍​ដដែល សម្ភាសន៍​ដូច​ព្រះអង្គម្ចាស់ក្សត្រីរូបនោះ។ តុលាការ​បាន​បង្ហាញ​ថា លោក​ចាទុផន​បាន​រំលោភ​លក្ខខណ្ឌ​នៃ​ការដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន ដោយ​និយាយ​ប៉ះពាល់​ដល់​ព្រះរាជវង្ស។ ចៅក្រម​របស់​តុលាការ​ឧក្រិដ្ឋ​ចាត់​ទុក​របៀប​និយាយ​ចំអក​របស់​លោក​ចាទុផន​ថា អាច​បង្ក​ឲ្យ​មានការយល់​ច្រឡំ ក្នុង​ចំណោម​ប្រជាជន និង​បង្ក​ជា​ចលាចល​ក្នុង​សង្គមថៃ។​

 
លោក​ចាទុផន​ជា​បេក្ខជន​ឈរឈ្មោះ​សំខាន់​របស់​គណបក្ស​ភឿថៃ សម្រាប់​ការបោះឆ្នោត នៅខែកក្កដា​ខាងមុខ។ គណបក្ស​ភឿថៃ ជាគណបក្ស​ដែល​ស្និទ្ធ​ទៅ នឹង​លោក​ថាក់ស៊ីន។ គណបក្ស​នេះ​ចូលរួម​បាន​ដឹកនាំ​ចលនា​ក្រុមអាវក្រហម ដែល​តំណាង​ឲ្យ​ប្រជាជន​ជនបទ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

នៅចំពោះ​មុខ​អ្នកគាំទ្រ​របស់លោកជាង ២០០​នាក់ និង​អ្នកកាសែត លោក​ចាទុផន​បាន​និយាយ​ទុក​ហើយ​ថា បើ​លោក​មិន​អាចត្រូវ​​គេ​ដោះលែង​នៅក្រៅឃុំ​បណ្តោះអាសន្ន នៅសាលា​ឧទ្ធរណ៍ទេ លោក​នឹង​ព្យាយាម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត តាំងពី​ក្នុង​ពន្ធនាគារទៅ។

ការចាប់​ បញ្ចូល​ មេដឹកនាំ​ក្រុមអាវក្រហម​ទៅក្នុង​គុកបាងកក ធ្វើឡើង បន្ទាប់​ពី ប្រមុខ​ដឹកនាំ​យោធា​ថៃអះអាង​ថា ខ្លួន​សម្រេច​​ប្តឹង​មេដឹកនាំ​ក្រុមអាវក្រហម ពី​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ។ ក្រុមប្រឆាំង​ថៃ ចោទថា ទាហាន​ថៃ​ដែល​មាន​អំណាច​បារមី ដោយ​ព្រះរាជបល្ល័ង្ក បាន​​ប្រើច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ ដើម្បី​បង្រ្កាប​ចលនា​ប្រឆាំង។

អ្នកវិភាគ​នយោបាយ​ថៃ​មួយចំនួន​មើលឃើញ​ថា ការចាប់ឃុំ​អ្នកទោសនយោបាយ នៅ​ជិត​ពីរខែ មុន​ការបោះឆ្នោត ជា​វិធានការ​កណ្តាប់ដៃដែក​របស់​ទាហាន។ ទាហាន​ដែល​មិន​ចង់​ឃើញ​ក្រុមប្រឆាំង ជា​ពិសេស​ក្រុមអាវក្រហម​គំាំទ្រ​លោក​ថាក់ស៊ីន ដែល​ខ្លួន​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពីតំណែង នៅឆ្នាំ ២០០៦ ចូលមក​ប្រកួតប្រជែង​ស្មើមុខមាត់ ឬ​អាចឈ្នះឆ្នោត លើ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាភីស៊ីត នៅថ្ងៃ​ទី ៣ កក្កដា​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI