កម្ពុជា

ថៃ​ដង្ហែ​អង្គកឋិន​ពី​បាងកក​មក​ភ្នំពេញ

មហាវិទ្យាល័យថៃ ចុឡាឡុងកន រួម​ជាមួយ​អង្គការ​មនុស្សធម៌​មួយ​បាន​ផ្តួចផ្តើម​ដង្ហែ​អង្គ​កឋិនទាន​មួយ​មកកាន់​វត្ត​ពោធិយារាម នៅ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ប្ញស្សីកែវ
មហាវិទ្យាល័យថៃ ចុឡាឡុងកន រួម​ជាមួយ​អង្គការ​មនុស្សធម៌​មួយ​បាន​ផ្តួចផ្តើម​ដង្ហែ​អង្គ​កឋិនទាន​មួយ​មកកាន់​វត្ត​ពោធិយារាម នៅ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ប្ញស្សីកែវ © អ៊ឹម ណាវិន

មហាវិទ្យាល័យ​ថៃ​មួយ នៅ​ទីក្រុង​បាងកក​ឈ្មោះ​ ចុឡាឡុងកន​រាជវិទ្យាល័យ ​រួមជា​មួយ​មូលនិធិ​មនុស្សធម៌​មួយ​បាន​ផ្តួចផ្តើម​ដង្ហែ​អង្គ​កឋិនទាន​មួយ មក​កាន់​វត្ត​​ពោធិយារាម​ ហៅ​វត្ត​ចាស់ ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ខណ្ឌ​ប្ញស្សីកែវ រាជធានី​​ភ្នំពេញ។ អង្គ​កឋិនទាន​បាន​ចាប់ផ្តើម​ដង្ហែ​ចេញ​ពី​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ និង​បាន​ចាប់ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​ជាផ្លូវការ នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​ទំនង​ជា​ចំណែក​មួយ​នៃ​ការខិតខំ​ស្តារ​ឡើង​វិញ​នៃ​ទំនាក់ទំនង ការទូត​ខ្មែរ និង​ថៃ​ដែល​បាន​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង ចាប់តាំង​ពី​មាន​ជម្លោះ​ព្រំដែន នៅ​ព្រះវិហារ​មក។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ថៃ​សរុប​ប្រមាណ​ជាង​៦០​នាក់​បាន​ដង្ហែ​អង្គ​កឋិនទាន​មួយ​ចេញ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ឆ្ពោះ​មក​កាន់​វត្ត​ពោធិយារាម​ ហៅ​វត្តចាស់​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ​រាជធានី​ភ្នំពេញនៅព្រឹកថ្ងៃអាទិត្យនេះ។

អង្គកឋិនទាន​នេះ​ផ្តួចផ្តើម​ដោយ​មហាវិទ្យាល័យ​ ចុឡាឡុងកន​រាជវិទ្យាល័យ រួម​ជាមួយ​មូលនិធិ​មនុស្សធម៌ ​OICT​ ដែល​មាន​មូលដ្ឋាន នៅ​ក្នុង​ក្រុងបាងកក។ ​យោងតាម​លិខិត​មួយច្បាប់​របស់​សម្តេច​មហាសង្ឃរាជ ទេព វង្ស ​អង្គ​កឋិនទាន​នេះ​បាន​ដង្ហែ​ពី​បាងកក តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​មួយផ្នែក និង​មួយ​ផ្នែក​ទៀត​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ក្រុមអ្នកផ្តើម​កឋិន​ជាតិថៃ​ទាំង​នោះ​បាន​ជួបជុំ​គ្នា នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​វត្ត​ឧណ្ណាលោម ដើម្បី​ប្រគេន​គ្រឿង​បរិក្ខារ​កឋិន ថ្វាយ​សម្តេច​មហាសង្ឃរាជ ​ទេព វង្ស​​មុន​នឹង​ដង្ហែ​ទៅ​កាន់​វត្ត​ពោធិយារាម ហៅ​វត្តចាស់​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ប្ញស្សីកែវ។ ការដង្ហែ​កឋិន​ពីប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ធ្វើជា​ហូរហែ​រួច​មក​ហើយ នៅ​តាម​បណ្តា​ខេត្ត​ជាយដែន។ ​ប៉ុន្តែ ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គ​កឋិន​ទាន​ថៃ​បាន​ដង្ហែ​មក​ដល់​ភ្នំពេញ បេះដូង​នៃ​ប្រទេស​កម្ពុជា​តែម្តង។

មាន​ការកត់​សម្គាល់​ថា ​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង ខណៈ​ពេល​ដែល​​មេដឹកនាំ​ប្រទេស​ទាំងពីរ​កំពុង​ស្វែងរក​ការ​ផ្សះផ្សា​មុខ​របួស​ការទូត​ដែល​បាន​ធ្លាក់ចុះ ដុនដាប​យ៉ាង​ខ្លាំង ចាប់​ពី​ពេល​ដែល​ទាហាន​ថៃ​ចូល​ឈ្លានពាន​ទឹកដី​ព្រះវិហារ កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨​មក។

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ក្នុង​នាម​រដ្ឋាភិបាល​បាន​​ផ្តួចផ្តើម​បុណ្យ​កឋិនទាន​មួយ​ដង្ហែ​ទៅ​កាន់​វត្ត​ស្វាយជ្រំ ស្ថិត​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​​ព្រះវិហារ។ អង្គ​កឋិនទាន​នេះ​បាន​នាំយក​នូវ​បច្ច័យ​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ​សម្រាប់​​កសាង​វត្ត​នៅ​តំបន់​ជាយដែន​មួយ​នេះ។ តំបន់​ព្រះវិហារ​បាន​ទទួល​ការយកចិត្ត​​ទុកដាក់​ពី​រដ្ឋាភិបាល​ក៏ដូច​ជា​ពី​សំណាក់​មហាជន​ខ្មែរ​ជាទូទៅ​ដែរ ចាប់​តាំង​ពី​មាន​​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​មក។ ​ជម្លោះ​នេះ​បាន​បង្ក​អរិភាព​យ៉ាង​ខ្លាំង​រវាង​ប្រទេស​​ជិតខាង​ទាំង​ពីរ។

យ៉ាង​ណាក៏ដោយ ឆ្លងតាម​ជំនួប​៣​លើក​ចុងក្រោយ​រវាង​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​​ថៃ ​រដ្ឋាភិបាល​ទាំងពីរ​បាន​ខិតខំ​ស្តារ​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា​ឡើង​វិញ តាមរយៈ​​ការបង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ ក្នុង​នោះ​អង្គ​កឋិនទាន​ក៏​ទំនង​ជា​​មធ្យោបាយ​មួយ​ដែរ​សម្រាប់​ការផ្សះផ្សា​មុខ​របួស​ការទូត​រវាង​ខ្មែរ និង​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI