ថៃ

អាភិស៊ីត​វេចាជីវ៉ា​ឆ្លើយ​​បំភ្លឺ​​អំពី​​​អភិបាលកិច្ច​​​​របស់​​ខ្លួន​​​នៅ​​មុខ​​នគរបាល​​នៅ​​ក្នុង​​វិប​ត្តិ​ឆ្នាំ​​២០១០​​

អតីត​នាយករដ្ឋមន្ត្រីអាភិស៊ីត​វេចាជីវ៉ា​សើចញញឹមរីករាយ​​នៅពេល​លោកធ្វើដំណើរ​មកដល់ទីស្នាក់ការ​នគរបាល​ក្រុង​បាងកក​នៅ​ថ្ងៃ​សុក្រ​ទី​៩​ធ្នូ​២០១១
អតីត​នាយករដ្ឋមន្ត្រីអាភិស៊ីត​វេចាជីវ៉ា​សើចញញឹមរីករាយ​​នៅពេល​លោកធ្វើដំណើរ​មកដល់ទីស្នាក់ការ​នគរបាល​ក្រុង​បាងកក​នៅ​ថ្ងៃ​សុក្រ​ទី​៩​ធ្នូ​២០១១ REUTERS/Chaiwat Subprasom

អតីត​​នាយក​​រដ្ឋមន្រ្តី​​ថៃ​ អាភិស៊ីត​វេចាជីវ៉ា​ នៅ​​ថ្ងៃ​​សុក្រ​​៩​​ធ្នូ ​​២០១១​​នេះ ​បាន​​ចូល​​ខ្លួន​​នៅ​​មុខ​​នគរបាល​​ដើម្បី​​ឆ្លើយ​​បំភ្លឺ​​​​អំពី​​តួនាទី​​របស់​​លោក​​នៅ​​ក្នុង​ “ការ​​វាយ​​បង្ក្រាប​​ហិង្សា​​ទៅ​​លើ​​ពួក​​បាតុករ​​អាវក្រហម​​ចំនួន​ ១០​​ម៉ឺន​​នាក់​​នៅ​​ទីក្រុង​​បាងកក​​​ដែល​​បាន​​កាន់កាប់​​អស់​​រយៈ​ពេល​​២​​ខែ​ ដើម្បី​​ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​​លោក​​អាភិស៊ីត ​ចុះ​ចេញ​​ពី​​មុខ​​តំណែង​​នៅ​​និទាឃរដូវ​​ឆ្នាំ​​មុន​​នេះ”។​ ​​នេះ​​ជា​​ការ​​កត់​​សម្គាល់​​របស់​​អ្នក​កាសែត​​ម្នាក់​​នៃ​​ទីភ្នាក់ងារ​​ព័ត៌មាន​​បារាំង​ AFP ។​ 

ផ្សាយពាណិជ្ជកម្ម

លោក​ អាភិស៊ីតវេចាជីវ៉ា ​ដែលបាន​ទទួលបរាជ័យ​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១០​​និង​​ឥឡូវ​នេះ​​ ក្លាយ​​ជា​​មេ​​ដឹកនាំ​​នៃ​​គណបក្ស​​ប្រឆាំង​​​​វិញ​ ​នៅ​​ពេល​ធ្វើ​ដំណើរ​មក​ដល់​ទីស្នាក់ការ​នគរបាល​ក្រុង​​បាងកក​ មាន​​ទឹក​​មុខ​​សើច​​រីករាយ​ជាធម្មតា​ តែ​លោក​ពុំ​បាន​​ធ្វើ​អត្ថាធិប្បាយ​​អ្វី​ទេ ​​ទៅ​​កាន់​​ពួក​អ្នក​​កាសែត​​​​​ជា​ច្រើន​នាក់​ដែល​កំពុង​រង់ចាំ​លោក។​

នៅ​ទី​ស្នាក់ការ​​នគរបាល​​ លោក​​អាភិស៊ីត​​ក្នុង​​នាម​​ជា​​សាក្សី​​ ត្រូវ​​ជូន​​ព័ត៌​មាន​ ​​បំភ្លឺអំពី​​ចំណាត់​ការ​​​របស់​​លោក​​នៅ​​ក្នុង​​ការ​​គ្រប់​គ្រង​​វិបត្តិ​​​​ដ៏​​ហិង្សា​​មួយ​​​ដែល​បណ្តាល​​ឲ្យ​​មាន​​មនុស្ស​​ស្លាប់​៩០​​នាក់​​និង​​ត្រូវ​​របួស​​ជិត​​​១៩០០​​នាក់ ​ក្នុង​​​​ចំណោម​នោះមួយ​ភាគ​ធំ​គឺ​ជាជនស៊ីវិល។

 នៅខាងក្រៅទីស្នាក់ការនគរបាលវិញ​ គេ​ឃើញប្រជាជន​ស៊ីវិល​ចំនួន​​​ជាង​១០​​នាក់​ ដែល​​ជាក្រុម​អ្នក​​ប្រឆាំង​​នឹង​លោក​អភិស៊ីត បាន​លើកបដាមាន​សរសេរ​ថា “ឃាតករ” និង​ថា “ បើ​អ្នកណាបញ្ជាឲ្យសម្លាប់​គេ អ្នក​នោះ​​ត្រូវ​តែ​ទទួល​​កម្មពៀរ​វេរាជាមិនខាន"។

នៅថ្ងៃព្រហស្បតិ៍៨ធ្នូម្សិលមិញ អតីត​ឧប​នាយក​រដ្ឋមន្រ្តី​ថៃ​លោក Suthep Thaugsuban ដែលទទួលបន្ទុក​ផ្នែក​សន្តិសុខ​ជាតិ​​ នៅខណៈ​​មានចលនា​បាតុកម្ម​​របស់ពួកអាវក្រហមនោះ ក៏ត្រូវ​បាន​នគរបាល​កោះ​​ហៅ​​មក​សាក​សួរ​ចម្លើយ​ដូចលោកអាភិស៊ីតដែរ។

គួររំលឹកថា កាលពីខែ “វិច្ឆិកាមុននេះ មន្ត្រីជាន់ខ្ពស់ម្នាក់​ផ្នែក កង​អង្គភាព​កម្ចាត់​ឧក្រិដ្ឋកម្ម​” លោក​​ឧត្តមសេនីយទោ Vina Thongsong ធ្លាប់បាន​បញ្ជាក់​ប្រាប់​ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែរថា “​ក្រុម​អ្នក​ស៊ើប​​អង្កេត​​របស់​លោក​ បាន​កោះអញ្ជើញលោក អាភិស៊ីត​និង​លោក ស៊ូថេប ​ឲ្យ​ចូលមកធ្វើជាសាក្សី​ដើម្បី​ជូនព័ត៌មាន​​ឲ្យបានជ្រៅជ្រះនៅ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ​ស្តី​​ពី​មរណភាព​របស់​ជន​ចំនួន​ ១៣ នាក់នៅ​ឱកាស​បាតុកម្ម «កាល​ពី​ឆ្នាំ​២០១០ »​ ​​​​​ដែល​ជា​នីតិវិធី​មួយនៃការស៊ើបអង្កេតរបស់នគរបាល ។

គឺជាលើកដំបូងហើយ ដែល​សមាជិកកំពូល​នៃរដ្ឋាភិបាលជំនាន់មុន ត្រូវ​បាន​ ​​នគរបាល​កោះហៅដើម្បី​មកឆ្លើយបញ្ជាក់​ ពីតួនាទីរបស់ពួកគេ នៅក្នុង​ ​វិបត្តិ មួយ​ដែលបាន​​បិទ​បញ្ចប់​ដោយ​​ការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​បំផុត​របស់​ពួក​​ទាហានថៃ​​ទៅលើពួកបាតុករ​នៅចំកណ្តាល​ទីក្រុង​បាងកក ​ដែល​មាន​ប្រជាជន ​១២​ លាន​នាក់រស់នៅ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI