លោកថាក់ស៊ីនច្រានចោលមហិច្ឆតាចង់ធ្វើនាយករដ្ឋមន្ត្រី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងនិរទេសខ្លួននៅបរទេសបានប្រកាសបដិសេធនៅល្ងាចថ្ងៃចន្ទម្សិលមិញ ថាគ្មានចេតនាវិលត្រឡប់មកកាន់អំណាចជានាយករដ្ឋមន្ត្រីថៃវិញឡើយ ហើយបានធានាអះអាងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រឆាំងភឿថៃ សម្រាប់ការបោះឆ្នោតសភា ខែកក្កដាខាងមុខនេះ មិនមែនជាអាយ៉ងរបស់លោកឡើយ។
“ខ្ញុំអាចមានឥទ្ធិពលលើប្អូន ក្នុងផ្នែកគំនិត-យោបល់ ព្រោះខ្ញុំចាស់ និងមានបទពិសោធន៍ជាងប្អូន។ ខ្ញុំចង់ឃើញប្អូនបានទទួលជោគជ័យ!” នេះជាការអះអាងទទួលស្គាល់ឥទ្ធិពលរបស់លោក ថាក់ស៊ីន ចំពោះប្អូនស្រី ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ តាមរយៈបទសម្ភាសន៍មួយរបស់ទូរទស្សន៍អូស្រ្តាលី ពីទីក្រុង ឌូបៃ ចាក់ផ្សាយនៅយប់ថ្ងៃចន្ទទី ៣០ ឧសភានេះ។ ប៉ុន្តែលោក បានបដិសេធថា មិនបានប្រើប្រាស់ប្អូនស្រី ជាឈ្នាន់សម្រាប់វិលមកកាន់អំណាចនៅក្នុងប្រទេសវិញទេ !
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលកំពុងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត និងដែលមានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងការស្ទង់មតិ ត្រូវបានបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី អាភីស៊ីត ចាត់ទុកថាគ្មានបទពិសោធន៍ផ្នែកនយោបាយ និងដឹកនាំទេ។ ហេតុដូច្នេះហើយបានជាលោក ថាក់ស៊ីន ឆ្លៀតអះអាងបញ្ជាក់ថា ប្អូនស្រី យីងឡាក់ បានចូលរួមចំណែកយ៉ាងសកម្មជាមួយលោកតាំងពីដើមរៀងមក។ លោក បានអប់រំ បំពាក់បំប៉ន និងបង្រៀនឲ្យចេះធ្វើការ ចេះចាត់ចែង-គិតគូរ និងឲ្យមានឥរិយាបថដូចបងប្រុស។
លោកមានទំនុកទុកចិត្តយ៉ាងខ្លាំងទៅលើប្អូនស្រី ក្នុងការបោះឆ្នោតលើកនេះ ប៉ុន្តែលោកបានច្រានចោលគំនិតដែលថា នឹងមានការលើកលែងទោសដល់លោក ក្នុងករណីគណបក្សភឿថៃរបស់ប្អូនស្រីឈ្នះឆ្នោត។ អាទិភាពចំបងរបស់លោក និងបក្ស គឺការផ្សះផ្សាជាតិ មិនមែនការលើកលែងទោសទេ។ លោករីករាយនឹងបន្តរស់នៅបរទេស។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការស្រោចស្រង់ជាតិឲ្យរួបរួមគ្នាឡើងវិញ អាចជាបច្ច័យមួយដ៏ល្អសម្រាប់លោកថាក់ស៊ីន។ លោកថាក់ស៊ីនដែលមានចេតនាចង់ត្រឡប់មកប្រទេសកំណើតក្នុងឱកាសខួបកំណើត ៨៤ឆ្នាំ របស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេ នៅដំណាច់ឆ្នាំនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ