យុទ្ធនាការឃោសនាបោះឆ្នោតផ្តើមហើយនៅថៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃព្រហស្បតិ៍ទី១៩ឧសភានេះ ជាថ្ងៃផ្តើមឡើងជាផ្លូវការនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅប្រទេសថៃ។ យុទ្ធនាការបោះឆ្នោតនេះប្រព្រឹត្តទៅជួនចំថ្ងៃខួបគម្រប់មួយឆ្នាំគត់នៃប្រតិបត្តិការវាយបង្ក្រាបទៅលើពួកអាវក្រហមនៅទីក្រុងបាងកក។ ការបោះឆ្នោតនាពេលខាងមុខនេះ គឺជាការប្រជែងជើងគ្នារវាងគណបក្សលោកនាយករដ្ឋមន្រ្តីអាភីស៊ីត(Abhisit) និងគណបក្សរបស់ក្រុមលោកអតីតនាយករដ្ឋមន្ត្រី ថាក់ ស៊ីន(Thaksin)។
ការបោះឆ្នោតនៅថ្ងៃទី៣កក្កដាខាងមុខ គឺជាការប្រកួតប្រជែងគ្នារវាងបក្សប្រជាធិបតេយ្យរបស់បច្ចុប្បន្ននាយករដ្ឋមន្ត្រីអាភីស៊ីតនិងបក្សភឿថៃនៃក្រុមរបស់លោកថាក់ ស៊ីនដែលរស់នៅបរទេស តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
ទោះបីជាបក្សភឿថៃបានតែងតាំងប្អូនស្រីរបស់លោកថាក់ស៊ីន ឈ្មោះយីង ឡាក់ (Yingluck)ឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីក្តី ក៏យុទ្ធនាការបោះឆ្នោតដែលផ្តើមឡើងនៅថ្ងៃនេះ គឺជាការប្រឈមមុខដាក់គ្នារវាងលោកអាភីស៊ីតនិងលោកថាក់ ស៊ីន។ ជាក់ស្តែង បក្សប្រជាធិបតេយ្យបានចាត់ទុកលោកស្រីយីង ឡាក់ថា ជាអាយ៉ងរបស់លោកថាក់ ស៊ីនរួចស្រេចបាត់ទៅហើយ។ មិនតែប៉ុណ្ណោះ ទោះជាគ្មានវត្តមាននៅក្នុងប្រទេសក្តី ក៏លោកថាក់ ស៊ីននៅតែមានប្រជាប្រិយភាពខ្ពស់ នៅតាមជនបទនិងនៅក្នុងមជ្ឈដ្ឋានអ្នកក្រីក្រ។ ម្ល៉ោះហើយ បានជាក្រុមអ្នកសង្កេតការណ៍អះអាងពីឥឡូវទៅហើយថា សន្លឹកឆ្នោតដែលគេបោះឲ្យប្អូនស្រីថាក់ ស៊ីន គឺជាសន្លឹកឆ្នោតសម្រាប់ថាក់ ស៊ីនផ្ទាល់តែម្តង។
ចំពោះលោកអាភីស៊ីតវិញ ការបោះឆ្នោតលើកនេះ គឺជាឱកាសមួយសម្រាប់កសាងកេរ្តិ៍ឈ្មោះ ពីព្រោះអាភីស៊ីតបានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០៨ មិនមែនដោយសារតែការឈ្នះឆ្នោតទេ គឺដោយសារតែការចងសម្ព័ន្ធភាពរវាងពួកអ្នកតំណាងរាស្ត្រនៅក្នុងសភាទេតើ។ ម្ល៉ោះហើយ មហិច្ឆតារបស់លោកអាភីស៊ីត គឺដឹកនាំបក្សប្រជាធិបតេយ្យដែលមិនធ្លាប់ឈ្នះឆ្នោត២០ឆ្នាំកន្លងមកហើយ ទៅរកជ័យជំនះជាលើកទីមួយ។ ក៏ប៉ុន្តែ មកទល់ពេលនេះ លោកអាភីស៊ីតនៅតែគ្មានលទ្ធភាពកេណ្ឌប្រមូលប្រជាពលរដ្ឋម្ចាស់ឆ្នោត ដ្បិតអ្នកក្រនិងអ្នកស្រុកស្រែចំការនៅតែចាត់ទុកអាភីស៊ីតថាជាអ្នកបម្រើតែប្រយោជន៍អ្នកមានអ្នកមានអំណាចនៅបាងកកនិងកងទ័ព។
អ៊ីចឹងហើយ បានជាលោកអាភីស៊ីត ខ្នះខ្នែងផ្ចាញ់ផ្ចាលលោកស្រីយីង ឡាក់ នៅលើវិស័យនយោបាយ ដោយបានប្រកាសថា«អ្នកណាក៏ដោយដែលចង់ក្លាយជានាយករដ្ឋមន្ត្រី ត្រូវតែលាតត្រដាងនូវចក្ខុនិមិត្តនយោបាយរបស់ខ្លួន សម្រាប់ប្រទេសជាតិ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ