ថៃ

រដ្ឋាភិបាល​ បាន​ប្រគល់​លិខិត​ឆ្លងដែន​ជូន​លោក ​ថាក់ស៊ីន​

លោក​ថាក់ស៊ីន ស៊ីណាវ៉ាត​(រូបឆ្វេង)​ជូនភួយ​ដល់​ប្រជាជន​​នៅ​វត្តថៃមួយ​​នាឱកាស​ទស្សនកិច្ច​ផ្ទាល់ខ្លួន​មួយរបស់លោកនៅLumbini​ ,ប្រទេស​ណេប៉ាល់​ទីកន្លែង​ដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ឌិ
លោក​ថាក់ស៊ីន ស៊ីណាវ៉ាត​(រូបឆ្វេង)​ជូនភួយ​ដល់​ប្រជាជន​​នៅ​វត្តថៃមួយ​​នាឱកាស​ទស្សនកិច្ច​ផ្ទាល់ខ្លួន​មួយរបស់លោកនៅLumbini​ ,ប្រទេស​ណេប៉ាល់​ទីកន្លែង​ដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ឌិ REUTERS/Mukesh Pokheral

រដ្ឋាភិបាល​ថៃ ​បាន​​ប្រគល់​​លិខិត​​ឆ្លងដែន​​ជូន​​ដល់​​អតីត​​នាយក​​រដ្ឋមន្ត្រី​​ថៃ​ លោក​​ ថាក់ស៊ីន​​ស៊ីណាវ៉ាត​​វិញ​​ហើយ។​ លោក​​ ថាក់ស៊ីន​ដែល​​ជា​​ឥស្សរជន​​​​ទទួលរង​​ការ​​ប្រកែក​តវ៉ា​​ នៅ​ក្នុង​ជីវិត​​នយោបាយ​​នៃ​​រាជាណាចក្រ​ថៃ។​ នេះ​​ជា​​​ការ​​គូស​​បញ្ជាក់​​របស់​​ក្រសួង​​ការបរទេស​​ថៃ​​នៅ​​ថ្ងៃ​​សុក្រ​​ទី​ ​​១៦​​ធ្នូ​​ម្សិលមិញ​។​ លោក​ថាក់ស៊ីន​ដែល​ត្រូវ​​ពួក​​យោធា​​ថៃ​ធ្វើ​​រដ្ឋ​ប្រហារ​​ទម្លាក់​​ចេញ​​ពី​​តំណែង​​នាយក​​រដ្ឋមន្ត្រី​​នៅ​​ឆ្នាំ​​២០០៦ ​បាន​​ទទួល​​លិខិត​សំរាប់​ធ្វើដំណើរ​​របស់​​លោក​​ នៅ​ខែ​តុលា​កន្លង​ផុត​ទៅ​នេះ​​នៅ​​ស្ថានទូត​​ថៃ​ប្រចាំ​នៅ​ទីក្រុង​ Abou Dhabi។​

ផ្សាយពាណិជ្ជកម្ម

ជាលិខិតឆ្លងដែនធម្មតា​ គ្មាន​ជាប់ទាក់ទងអ្វីទៅនឹងលទ្ធភាព​អាច​ចាប់​ខ្លួន​គាត់​បញ្ជូន​មក​ប្រទេស​​វិញ ទោះ​ជាគាត់​ជាប់ពិរុទ្ធឬគ្មានទោស​ពៃរ៍​អ្វីសោះក្តី   ប៉ុន្តែការប្រគល់លិខិត​ឆ្លង​ដែន​នេះ​ គឺដោយសារលោកថាក់ស៊ីន​ មាន​សញ្ជាតិ​ថៃប៉ុណ្ណោះ។​ នេះជាការគូសបញ្ជាក់​​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​​ការបរទេសថៃ លោក  Thani Thongphakdi ដែលអះអាងទៀតថា “ ការ​ចេញ​​​លិខិត​ឆ្លង​ដែន​ថ្មី​​​មួយនេះ​ ពុំមាន​ការជំទាស់​ពី​ទីភ្នាក់ងារណាមួយ​របស់​រដ្ឋាភិបាល​ថៃ​ ឬ ក៏ ​ប៉ូលិសទេ។

 
គួររំលឹកថា លោក​ថាក់ស៊ីនដែល​សព្វ​ថ្ងៃ ​រស់​នៅ​បរទេស ដើម្បី​គេច​ខ្លួន​ឲ្យ​ផុត​​ ពីការ​ផ្តន្ទាទោស​កំបាំងមុខឲ្យជាប់គុគ២ឆ្នាំ ពីបទ គៃបន្លំប្រាក់ដោយ​​តុលាការថៃ​ និងត្រូវ​បាន​​រដ្ឋាភិបាលមុន​​ជំនាន់​​​​លោក​អាភីស៊ីត ​ដកហូត​​លិខិតឆ្លងដែន​របស់គាត់​ នៅឆ្នាំ ២០០៩។

ទោះបី​ជាអវត្តមានដ៏យូរនៅក្នុងប្រទេសថៃក្តី លោកថាក់ស៊ីនស្ថិតនៅ​ជា​ឥស្សរជន​ នយោបាយ​មួយរូប ដែលមានទាំងអ្នកស្រឡាញ់គាំទ្រច្រើនផង​និង​​​ក៏មានទាំង​អ្នកស្អប់គាត់​ខ្លាំងផងដែរ ក៏​មិន​តិចទេ ​នៅក្នុង​ប្រទេសថៃ។​

ស្របតាមបណ្តាញសារព័ត៌មានក្នុងស្រុក​កាលពីពាក់កណ្តាលខែវិច្ឆិកា​កន្លង​ផុត​ទៅនេះ រដា្ឋភិបាលលោកស្រី យីងឡាក់ ដែលជាប្អូនស្រីពៅរបស់​លោក​ថាក់​ស៊ីន មានគម្រោង​លុប​ចោល​ ការផ្តន្ទាទោសលោកថាក់ស៊ីន តាមរយៈ​ក្រឹត្យ​លើកលែងទោសមួយ​ ដើម្បីអនុញ្ញាត​ឲ្យលោកថាក់ស៊ីន​បានវិល​ត្រឡប់​ចូល​ក្នុងប្រទេសវិញ។

ពាក្យចចាមអារ៉ាមនេះ បានជំរុញ​ឲ្យ​បក្ស​ប្រឆាំងមាន​កំហឹងជាខ្លាំង រីឯរដ្ឋាភិបាល​លោកស្រី​យីង​ឡាក់វិញ បន្ទាប់មក​ក៏​បាន​បដិសេធ​​​ ការលើកលែងទោសនេះ​។ ចំណែក លោកថាក់ស៊ីន ខ្លួនឯង ផ្ទាល់​វិញ ក៏បានអះអាង​ដែរថា លោក​នឹងវិលត្រឡប់​ចូលមក​ប្រទេសជាតិវិញ លុះណា​តែ​​ប្រទេសគាត់សំរេច​បាន ការ​រួប​រួមជាធ្លុងមួយ និងផ្សះផ្សា គ្នា​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI