អានតួអត្ថបទ
ថៃ

តាអំពុង ជាប់​ទោស​ក្នុង​​បទ​ជេរ​ប្រមាថ​របប​រាជានិយម​ស្លាប់​ក្នុង​ពន្ធនាគារ

តា​អំពុង​ពេល​គេ​នាំ​ទៅ​តុលាការ​ក្រុង​បាងកក
តា​អំពុង​ពេល​គេ​នាំ​ទៅ​តុលាការ​ក្រុង​បាងកក Reuters
ដោយ៖ អៀង សុខម៉ិញ
1 នាទី

តា​អំពុង ឬ តា​ SMS ដែល​តុលាការ​ក្រុង​បាងកក​ បាន​កាត់​ទោស​ឱ្យ​ជាប់​​ពន្ធនាគារ​២០​ឆ្នាំ​ ពី​បទ​បាន​ជេរ​ប្រមាថ​របប​រាជានិយម​ កាលពី​ឆ្នាំ​ទៅ និង​ដែល​បន្ទាប់​មក​​​បាន​ក្លាយ​ជា​តំណាង​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ បាន​ទទួល​មរណភាព​នៅ​ក្នុង​ពន្ធនាគារ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​មេធាវី​ នៅ​ថ្ងៃ​អង្គារ​ទី ៨​ឧសភា២០១២នេះ។

ផ្សាយពាណិជ្ជកម្ម

 

សាកសព​តាអំពុង បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​របស់​ពន្ធនាគារ​ហើយ ប៉ុន្តែ​​​គ្រូពេទ្យ​ មិន​បាន​ដឹង និង​មិន​បាន​បញ្ជាក់​​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​តាអំពុង​ទេ។ ក្រុម​គ្រូពេទ្យ​​គ្រាន់​តែ​ដឹង​ថា ក្នុង​សំណុំ​ឯកសារ​ពេទ្យ តាអំពុង​ធ្លាប់​មាន​ជំងឺ​មហារីក​មាត់ ហើយ​ថ្មីៗ​នេះ​តា​​មាន​បញ្ហា​ក្រពះ។

មាន​អាយុ​៦២​ឆ្នាំ ឈ្មោះ​ពេញ អំពុង តង់ណុបប៉ាគុល (Ampon Tangnoppakul) ឬ​ហៅ តា SMS បាន​ត្រូវ​តុលាការ​ថៃ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ ពី​បទ​បាន​ផ្ញើ​សារមាន​លក្ខណៈ​​ប្រមាថ​របប​រាជានិយម​តាម​ទូរស័ព្ទ​ ទៅ​កាន់​នាយក​រដ្ឋមន្ត្រី លោក អាភិស៊ីត វេចាជីវ៉ា ចំនួន​បួន។ ការ​ចោទ​ប្រកាន់​ដែល​តា​អំពុង​បាន​ច្រាន​ចោល​​​ទាំង​ស្រុង ដោយ​ពន្យល់​ថា​ ​គាត់​មិន​ចេះ​ទាំង​ប្រើ​ទូរស័ព្ទ​ផង ប៉ុន្តែ​លោក​តា​មិន​បាន​ធ្វើ​ឧទ្ធរណ៍​ទេ សុខ​ចិត្ត​រង់​ចាំ​ការ​សន្តោស​ប្រណី​ពី​ព្រះ​មហាក្សត្រ។​ ក្រុម​គ្រួសារ​ ​ធ្លាប់​បាន​តវ៉ា​ ​ឱ្យមាន​ដោះលែង​តាអំពុង​ ព្រោះ​បញ្ហា​​សុខភាព ប៉ុន្តែ​មិន​បាន​សម្រេច។

ករណី​តា​អំពុង​នេះ បាន​បង្ក​បង្កើត​ឱ្យ​មាន​ចលនា​តវ៉ា និង​បាតុកម្ម​កណ្តាល​ក្រុង ជា​លើក​ទី​មួយ កាលពី​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ឆ្នាំ​២០១១ ​ប្រឆាំង​នឹងច្បាប់​ការពារ​រាជវង្ស និង​រាជានិយម​។ ច្បាប់​ដែល​មាន​លក្ខណៈ​​​តឹង​តែង​​បំផុត​ជាង​គេ​នៅ​លើ​ពិភពលោក។ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​បាន​ធ្លាប់​​​បរិហារ​ ថា ការ​​​កាត់​ទោស​តាអំពុង​ បង្ហាញ​ពី​ភាព​អយុត្តិធម៌នៃ​ច្បាប់​ការពារ​រាជវង្ស។​

សូម​បញ្ជាក់​ថា​ តាំង​ពី​ឆ្នាំ​២០០៦ ពោល​គឺ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់​ មកការ​កាត់​ក្តី​ និង​អង្កេត​ ជុំ​វិញ​បទ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ និង​គ្រួសារ​រាជវង្ស​ កើន​ឡើង​យ៉ាង​សន្ធឹកសន្ធាប់។ លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់ ដែលទើប​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី កាលពី​ឆ្នាំ​ទៅ​ បាន​សម្តែង​ចេតនា​ចង់​ឱ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​ការពារ​ព្រះ​មហាក្សត្រ​នេះ​ឱ្យ​បាន​សម​ស្រប ប៉ុន្តែ​រដ្ឋាភិបាល​លោកស្រី​មិន​បាន​កែប្រែ​អ្វី​ទេ ព្រោះ​ស្ថានភាព​នយោបាយ​មិន​អំណោយ​ផល។ នេះ​បើ​តាម​អ្នកវិភាគ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ