អានតួអត្ថបទ
ថៃ

ថៃ​ប្រហែល​នឹង​កាត់​បន្ថយ​កងទ័ព​នៅ​តំបន់​បះបោរ​ភាគ​ខាងត្បូង​

ទាហាន​ថៃ​ដើរល្បាត​តាម​បណ្តោយ​ផ្លូវរថភ្លើង នៅ​ក្នុង​ខេត្ត​យ៉ាឡា ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ
ទាហាន​ថៃ​ដើរល្បាត​តាម​បណ្តោយ​ផ្លូវរថភ្លើង នៅ​ក្នុង​ខេត្ត​យ៉ាឡា ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ REUTERS/Surapan Boonthanom
ដោយ៖ ព្រំ សឿន សូលីណា
1 នាទី

ឧបនាយករដ្ឋមន្ត្រី​ថៃ​ លោក​ Pracha Promnog បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ថៃ​​មាន​​បំណង​នឹង​កាត់​បន្ថយ​កងទ័ព​នៅ​តំបន់បះបោរ​ដែល​ស្ថិត​នៅ​ចុង​ភាគ​ខាងត្បូង​ប្រទេស ប្រសិន​បើ​​​ភាព​ស្ងប់ស្ងាត់​​និង​អហិង្សា​អាច​នៅតែ​បន្ត​​ក្នុង​តំបន់នេះ។ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ​ធ្វើឡើង​បន្ទាប់​ពី​ភាគី​ថៃ​​និង​​ក្រុម​ឧទ្ទាមអ៊ីស្លាម​​ “រណសិរ្ស​បដិវត្ត​​ជាតិ​” បាន​សំរេច​​​កិច្ច​ព្រមព្រៀងរួមគ្នា នាពេល​ថ្មីៗ​នេះ ​ថា​នឹង​បន្ថយ​អំពើ​ហិង្សា​ក្នុងឧកាស​បុណ្យសាសនា​រ៉ាម៉ាដង់។

ផ្សាយពាណិជ្ជកម្ម

យោងតាម​ឧប​នាយករដ្ឋមន្ត្រី​ថៃ ថៃ​មិន​ដក​ទ័ព​ចេញពី​តំបន់បះបោរ​ភាគខាង​ត្បូង​ប្រទេស​​នោះទេ។ ប៉ុន្តែ​ ថៃ​អាច​នឹង​បន្ថយ​ចំនួន​ទ័ព​នៅ​ទីនោះ។ ទ័ពថៃ​ដែល​ដាក់ពង្រាយ​ការពារ​សន្តិសុខ​ក្នុង​តំបន់​នេះ មាន​​ប្រមាណ​​៦​ម៉ឺន​នាក់។ រដ្ឋាភិបាល​ថៃ​​​បន្ថែម​ថា ខ្លួន​ផ្តោតគំនិត​​ទៅលើ​ការ​​អភិវឌ្ឍន៍​តំបន់​នេះ ជាជាង​​ទៅលើ​​ការ​ប្រយុទ្ធ។

ថៃ​​និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​មួយនៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ​ឈ្មោះ​ថា​ “រណសិរ្ស​បដិវត្ត​​ជាតិ​” ទើប​តែ​បាន​ព្រមព្រៀង​គ្នា​ ក្នុង​ពេល​ថ្មីៗ​នេះ​ថា នឹង​បន្ថយ​អំពើ​ហិង្សា​​ នា​ឧកាស​បុណ្យ​​សាសនា​រ៉ាម៉ាដង់​​​ ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​១០​កក្កដា រហូត​​ដល់​ថ្ងៃ​១៨​សីហា។ តាំង​ពី​ថ្ងៃ​១០​កក្កដា​មក អំពើ​ហិង្សា​ក្នុង​តំបន់​មាន​ការ​ធ្លាក់​ចុះពិតមែន។ មាន​មនុស្ស​របួស​ ប៉ុន្តែ​គ្មាន​មនុស្ស​ស្លាប់​នោះទេ។ ដោយឡែក​ រហូត​ដល់​ថ្ងៃចាប់​ផ្តើម​ប្រារព្ធ​​បុណ្យសាសនា​រ៉ាម៉ាដង់​ គេ​នៅ​សង្កេត​ឃើញ​មាន​ការវាយប្រហារ​​​នៅឡើយ។ កាល​ពី​ចុង​ខែ​មិថុនា ការ​ផ្ទុះគ្រាប់​បែក​មួយ​បាន​សម្លាប់​ទាហាន​៨​នាក់​។ មេដឹកនាំ​ក្រុម​ឧទ្ទាម​ប្រហែល​ជា​​មានការ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​សកម្មជន​​​​ខ្លួន​នៅ​ក្នុង​តំបន់បះបោរ​​នេះ។ ​

តំបន់​ចុងភាគ​ខាងត្បូង​ កាល​ដើមឡើយ ​ស្ថិត​​​ក្នុង​ទឹកដី​ប្រទេស​ម៉ាឡេស៊ី​រហូត​ដល់​ដើម​សតវត្សរ​ទី២០ មុន​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ប្រទេស​ថៃ។ ក្រុមឧទ្ទាម​​ដែល​បះបោរ​នៅ​ទីនោះ មិន​មែន​ជា​សកម្មជន​ជីហាដ​ពិភព​លោក​នោះទេ។ ពួកគេ​ធ្វើសកម្ម​ភាព​ប្រឆាំង​នឹង​ការ​រើសអើង​របស់​ប្រជាជនថៃ​មក​លើ​ជនជាតិ​ភាគតិច​ម៉ាឡេ ដែល​កាន់​សាសនា​អ៊ីស្លាម។ តាំង​ពី​ឆ្នាំ​២០០៤​មក ការ​បះបោរ​​នានា​ក្នុង​តំបន់​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ៥ ៧០០​​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ