លោកថាក់ស៊ីននឹងទទួលបានលិខិតឆ្លងដែនវិញនាពេលឆាប់ៗខាងមុខ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃសុក្រ ទី០២ ធ្នូនេះ លោករដ្ឋមន្រ្តីការបរទេសថៃបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ដែលជាប្អូនស្រីរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន នឹងផ្តល់លិខិតឆ្លងដែនទៅឲ្យលោក ថាក់ស៊ីនវិញនាពេលឆាប់ៗខាងមុខ។ សេចក្តីសម្រេចនេះត្រូវបានគេមើលឃើញថា នឹងបង្កឲ្យក្រុមគណបក្សប្រឆំាងផ្ទុះកំហឹងជាមិនខាន។
« ខ្ញុំនៅមិនទាន់បានផ្តល់លិខិតឆ្លងដែនទៅឲ្យលោក ថាន់ស៊ីនវិញទេ។ យើងនឹងអាចផ្តល់ឲ្យគាត់នាពេលឆាប់ៗខាងមុខ តែមុនដំបូង យើងត្រូវពិនិត្យមើលបញ្ហានេះដោយលម្អិតសិន » នេះជាការថ្លែងរបស់លោកប្រមុខការទូតថៃ Surapong Tovichakchaikul នៅចំពោះមុខអ្នកកាសែតក្នុងថ្ងៃសុក្រ ទី២ ធ្នូនេះ។
សូមជម្រាបជូនថា បច្ចុប្បន្ន និងតំាងពីក្រោយរដ្ឋប្រហារយោធាទម្លាក់លោកថាក់ស៊ីនក្នុងឆ្នំា ២០០៥ មក លោកថាក់ស៊ីនកំពុងភៀសខ្លួនរស់នៅបរទេសដើម្បីគេចខ្លួនពីការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នំា ពីបទប្រព្រឹត្តអំពើពុករលួយ។ ក្រោយមកក្នុងឆ្នំា ២០០៩ រដ្ឋាភិបាលរបស់លោក អាភីស៊ីតបានសម្រេចដកហូតយកលិខិតឆ្លងដែនពីលោកថាក់ស៊ីន។ តែយ៉ាងណាក៏ដោយ លោកថាក់ស៊ីននៅតែអាចធ្វើដំណើរបាន ពីព្រោះលោកថាក់ស៊ីនបានទទួលសញ្ជាតិជាជនជាតិម៉ុងតេណេហ្រ្កូ។
លោក Surapong បានគូសបញ្ជាក់ថា ការដែលរដ្ឋាភិបាលគ្រោងនឹងផ្តល់លិខិតឆ្លងដែនទៅឲ្យលោកថាក់ស៊ីនវិញនាពេលនេះ មកពីរដ្ឋាភិបាលមុនបានសម្រេចតែម្នាក់ឯង ដោយគ្មានការបញ្ជាពីតុលាការ ឬមួយពីក្រសួងមហាផ្ទៃ។ លោក Surapong បានបន្ថែមថា លោកនឹងប្រើសិទ្ធិអំណាចរបស់លោកដើម្បីកែតម្រូវអ្វីដែលរដ្ឋាភិបាលមុនបានអនុវត្តខុសនឹងច្បាប់របស់ក្រសួងការបរទេស។ យោងតាមលោក Surapong លិខិតឆ្លងដែនដែលគ្រោងនឹងប្រគល់ទៅឲ្យលោកថាក់ស៊ីនវិញ ជាលិខិតឆ្លងដែនធម្មតា មិនមែនជាលិខិតឆ្លងដែនការទូតទេ និងដែលនេះ អាចជាកាដូសម្រាប់ឆ្នំាថ្មី ២០១២។
គម្រោងចង់ប្រគល់លិខិតឆ្លងដែនទៅឲ្យលោកថាក់ស៊ីនវិញនេះបានកើតមានឡើង បន្ទាប់ពីមានព័ត៌មានលេចឮនៅលើទំព័រសារព័ត៌មានក្នុងខែវិច្ឆិកាកន្លងទៅថា រដ្ឋាភិបាលរបស់ប្អូនស្រីលោក ថាក់ស៊ីន មានគម្រោងលើកលែងទោសឲ្យបងប្រុសខ្លួន ដើម្បីអនុញ្ញាតឲ្យ លោកថាក់ស៊ីនអាចវិលចូលស្រុកវិញបាន។ ក៏ប៉ុន្តែ រដ្ឋាភិបាល បានច្រានចោលនូវព័ត៌មានទំាងនេះ។
យ៉ាងណាក៏ដោយ ក៏គេនៅមិនអាចរំងាប់កំហឹងរបស់ក្រុមគណបក្សប្រឆំាងបានទេ ពិសេស ចលនារាជានិយម និងក្រុមប្រឆំាងលោកថាក់ស៊ីនដែលគេស្គាល់ថា ជាក្រុមអាវលឿង។ លោក Parnthep Puapongpan អ្នកនំាពាក្យនៃគណបក្សសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានធ្វើអត្ថាធិប្បាយថា ទង្វើរបស់លោកប្រមុខការទូតដែលចង់ផ្តល់លិខិតឆ្លងដែនទៅឲ្យលោកថាក់ស៊ីន គឺជាបទឧក្រិដ្ឋ។
ចំណែកគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆំាងនាំមុខគេវិញបានបញ្ជាក់ថា ខ្លួនមិនបានភ្ញាក់ផ្អើលនឹងទង្វើរបស់លោក Surapong Tovichakchaikul ទេ និងថា លោក Surapong ត្រូវបានគេតែងតំាងឲ្យធ្វើជារដ្ឋមន្រ្តីការបរទេសដើម្បីជួយស្រោចស្រង់លោកថាក់ស៊ីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ