ភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០១២ ត្រូវបានពិភាក្សា
កិច្ចពិភាក្សាដោយបិទទ្វារ ស្តីពី ភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០១២ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ធ្នូ រវាងអគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។ បន្ទាប់ពីកិច្ចប្រជុំ លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការគាំទ្រ និងប្រឹងប្រែងជួយដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំក្រោយ ដើម្បីឈានទៅរកការកសាងសហគមន៍អាស៊ាន នៅឆ្នាំ២០១៥។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីកិច្ចប្រជុំ ដែលមិនអនុញ្ញាតឲ្យអ្នកកាសែតចូលយកព័ត៌មាន នៅក្រសួងការបរទេសកម្ពុជា ព្រឹកមិញ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានមានប្រសាសន៍យ៉ាងខ្លី ទៅកាន់ក្រុមអ្នកកាសែតថា លោក និងលោកអគ្គលេខាធិការអាស៊ាន បាននិយាយតែពីបញ្ហាអាស៊ាន។ នោះគឺធ្វើយ៉ាងណា ដើម្បីធ្វើសមាហរ័ណកម្មអាស៊ានឲ្យបាន និងដើម្បីកសាងសហគមន៍អាស៊ាននៅឆ្នាំ២០១៥។
តាមលោកប្រមុខការទូត កិច្ចប្រជុំនោះ ក៏បានលើកឡើងពីការតភ្ជាប់ប្រទេសទាំង១០ ជាសមាជិកអាស៊ាន លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងស្ថាប័ន និងទាំងការផ្លាស់ប្តូរប្រជាជនឲ្យជោគជ័យ ដើម្បីឈានទៅកសាងសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥។
ចំណែកលោក ស៊ូរិន ពិតសុវណ្ណ ( Surin Pitsuwan ) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា លោកមកកម្ពុជារយៈពេល ៣ថ្ងៃនេះ ចាប់ពីថ្ងៃ២១ធ្នូ ដើម្បីសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ព្រមទាំងពិភាក្សា ដើម្បីធ្វើយ៉ាងណាឲ្យឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន បានទទួលនូវជោគជ័យដ៏ធំធេងបំផុត។
លោកអគ្គលេខាធិការអាស៊ាន បានបន្តថា មានការរំពឹងទុកយ៉ាងខ្ពស់បំផុត ពីសហគមន៍អន្តរជាតិ ចំពោះកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន ដើម្បីឈានទៅសម្រេចឲ្យបាននូវការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ ដូច្នេះតាមលោកអគ្គលេខាធិការ អាស៊ានត្រូវតែខិតខំធ្វើការដោយជិតស្និទ្ធបំផុត ដើម្បីឈានទៅសម្រេចនូវការបង្កើតសហគមន៍អាស៊ាន ឲ្យបានជោគជ័យ ដូចការគ្រោងទុក នៅពេល ៣ ឆ្នាំខាងមុខ។
លោក ស៊ូរិន ពិតសុវណ្ណ ដែលជាជនជាតិថៃ បានបញ្ជាក់ថា សមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងខិតខំប្រឹងប្រែងជួយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២។
ក្រៅពីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោកអគ្គលេខាធិការអាស៊ាន ក៏ត្រូវចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងជួបលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
កាលពីឆ្នាំ២០០២ កម្ពុជាបានធ្វើជាប្រធានអាស៊ានផ្លាស់វេន បន្ទាប់ពីក្លាយខ្លួនជាសមាជិកសមាគមសហប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅឆ្នាំ១៩៩៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ