កូរ៉េ

សហគមន៍​អន្តរជាតិ​នៅ​បារម្ភ​ពី​ប្រតិកម្ម​របស់​កូរ៉េ​ខាង​ជើង​

លោក គីម​ជុងអ៊ុន​អគ្គមគ្គទេសក៏​ថ្មី​កូរ៉េខាងជើង
លោក គីម​ជុងអ៊ុន​អគ្គមគ្គទេសក៏​ថ្មី​កូរ៉េខាងជើង REUTERS

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកាំង កំពុង​ឋិត​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​ ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង​ គ្រោង​នឹង​ទៅ​បំពេញ​​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន​ដែរ​​នៅ​​សប្តាហ៍​​ក្រោយ។​ ទន្ទឹម​នេះ ​កងទ័ព​នៃ​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​ គឺ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​​ព្រមព្រៀង​​​មួយ​ ដើម្បី​រៀប​ផែនការ​យោធា​រួម​គ្នា​មួយ​ ទុក​សម្រាប់​ឆ្លើយ​តប​​​​​ទៅ​នឹង​​ការ​​បង្ក​​​រឿង​​ហេតុ​​​ពី​សំណាក់​កូរ៉េ​ខាង​ជើង។​​តើ​កូរ៉េ​ខាង​ត្បូង​គួរ​​បារម្ភ​​ពីការ​គំរាម​កំហែង​​ពី​សំណាក់​កូរ៉េ​​ខាង​​ជើង​​ដែរ​ឬ​ទេ?​ ការ​គំរាម​កំហែង​អាច​នឹង​​កើត​ឡើង​ បើសិន​ជា​អន្តរកាល​​នយោបាយ​​មិន​​ប្រព្រឹត្ត​​ទៅ​​រលូន​ល្អ។​

ផ្សាយពាណិជ្ជកម្ម

តាំងពីថ្ងៃអង្គារទី៣មករាមក សកម្មភាពទូតបាននិងកំពុងបន្តកើនសន្ទុះ ជុំវិញ​សំណុំរឿង​ប្រទេស​កូរ៉េ​ខាង​ជើង ជាទីដែលលោកគីម ជុងអ៊ុន ទើបតែក្លាយជាអគ្គមគ្គទេសក៍ថ្មី ក្រោយ​មរណភាព កាលពីថ្ងៃទី១៧ធ្នូកន្លងទៅថ្មីៗនេះរបស់លោកគីម ជុងអ៊ីល។ ជាក់ស្តែង លោក​គឺត កំបែល(Kurt Campbell) អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកាំង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​​បូព៌ា​និងប៉ាស៊ីហ្វិក បានទៅដល់ទីក្រុងប៉េកាំង និងបានផ្តើមជួបប្រាស្រ័យជាមួយថ្នាក់​ដឹក​នាំ​ចិន​ ដើម្បីពិភាក្សាពីស្ថានភាពនៅកូរ៉េខាងជើង។ ដោយឡែក ព័ត៌មានមកពីទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ពុធទី៤មករានេះបានឲ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់​នឹង​ទៅ​បំពេញ​​ទស្សនកិច្ចនៅប្រទេសចិន នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សា​ពី​ស្ថានភាព​នៅ​កូរ៉េ​ខាង​ជើងដែរ។

ទាំងនេះ គឺមកពីកូរ៉េខាងជើងកំពុងឋិតក្នុងអន្តរកាលនយោបាយ ដ្បិតគីម ជុងអ៊ុន​ដែលមិន​ទាន់​​​មានអាយុ៣០ឆ្នាំល្អផង ទើបតែបានក្លាយជាអ្នកដឹកនាំថ្មីនៃប្រទេសអាស៊ីមួយនេះ ដែល​សឹង​តែគ្មានទំនាក់ទំនងទាល់តែសោះជាមួយសហគមន៍អន្តរជាតិ។ គឺមានតែចិនទេ ដែល​អាច​​មាន​ឥទ្ធិពលបន្តិចបន្តួចទៅលើកូរ៉េខាងជើង ពីព្រោះជាច្រើនឆ្នាំកន្លងមកហើយ ដែល​របប​ទីក្រុង​ព្យុងយ៉ាងពឹងពាក់ខ្លាំងទៅលើជំនួយរបស់ចិន។ មិនតែប៉ុណ្ណោះ នៅលើវិស័យ​ការទូត​​អន្តរជាតិ កូរ៉េខាងជើងក៏ពឹងពាក់ខ្លាំងដែរទៅលើប្រទេសចិន ដើម្បីទប់ទល់​នឹងសម្ពាធ​អាមេរិកាំង​ ជាពិសេសនៅក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ម្ល៉ោះហើយនៅ​ក្នុងអន្តរកាល​មួយមិន​ជាក់លាក់ ពោលគឺនៅក្នុងពេលមួយដែលគេមិនអាចមើល​ធ្លុះចិត្តគំនិត​ប្រតិកម្មនិងទង្វើ​ផ្សេងៗ​​របស់អគ្គមគ្គទេសក៍ថ្មីនិងដ៏ក្មេងខ្ចីនៃកូរ៉េខាងជើង គឺជាការធម្មតាទេដែលអាមេរិក ឬកូរ៉េខាងត្បូង ឬក៏ជប៉ុននៅពេលខាងមុខ ត្រូវតែទៅស្ទង់មើលស្ថានការណ៍​តាមរយៈការ​ជួប​ជជែក​ពិភាក្សាជាមួយថ្នាក់ដឹកនាំចិន។

អន្តរកាល​មិនទាន់​ចប់ទេ ទើបតែបានផ្តើមឡើងប៉ុណ្ណោះ
 

ជាការពិត​ណាស់​ដែលថា គីម ជុងអ៊ុនបានយកមកកាន់កាប់រួចហើយ តំណែង​អគ្គ​មេ​បញ្ជាការ​កងទ័ព និង​តំណែងអគ្គលេខាធិការបក្ស ហើយថែមទាំងកំពុងត្រូវបានឳពុកមាដ៏មានឥទ្ធិពល ឈ្មោះ​ចាង សុងថែក គាំទ្រ ណែនាំនិងជួយតម្រែតម្រង់ទៀតផង។ មើលតែ​មួយ​ភ្លែត​គឺ​ដូច​ជា​គ្មាន​ទេឧបសគ្គដែលអាចមក​រារាំងអភិក្រមនៃការស្នងតំណែង​នៅក្នុងរបបកុម្មុយនិស្ត​បន្តពូជ​តែ​មួយគត់នេះនៅក្នុង​លោក។ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះមធ្យោបាយឃោសនា​មហាជន​កូរ៉េ​ខាងជើងបាននិងកំពុងបន្តប្រកូកប្រកាស​អំពាវនាវឲ្យប្រជាពលរដ្ឋហ៊ានពលីជីវិត​ដើម្បី​ការពារ​​អគ្គមគ្គទេសក៍ថ្មី អំពាវនាវឲ្យប្រជាពលរដ្ឋសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទប់ទល់​នឹង​សត្រូវ​​ឈ្លានពាន។ គឺសុទ្ធសឹងជាពាក្យឃោសនាដែលដៅទៅរកការពង្រឹងអំណាចរបស់គីម ជុងអ៊ុន នៅក្នុងប្រទេស គឺសុទ្ធសឹងជាពាក្យឃោសនាដែលមាន​គោលដៅដាក់​សម្ពាធ​ទៅ​លើ​បណ្តា​ប្រទេសសត្រូវឲ្យមានជំនឿថា គីម ជុងអ៊ុន មិនមែនជាអ្នកដឹកនាំទន់ជា្រយទេ។

និយាយរួម អន្តរកាលនយោបាយនៅកូរ៉េ​ខាង​ជើង​​ មិន​ទាន់ចប់ទេ ទើបតែបាន​ផ្តើម​ឡើង​ប៉ុណ្ណោះ។

នៅថ្ងៃពុធទី៤មករានេះ ព័ត៌មានលេចឮឲ្យដឹងថា កងទ័ពអាមេរិកាំងនិងកងទ័ព​កូរ៉េខាងត្បូង​នឹង​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីសហប្រតិបត្តិការយោធា ដើម្បីត្រៀមលក្ខណៈ​ឆ្លើយ​តបទៅនឹងការបង្ករឿងហេតុពីសំណាក់កូរ៉េខាងជើង។ ប៉ុន្តែ តាមមើលទៅ ក្នុងរយៈកាល​ខ្លី​ កូរ៉េខាងជើង​នឹងមិនបង្ករឿងហេតុខ្លាំង ដូចកាលពីឆ្នាំ២០១០ទេ។ ចូរកុំភ្លេចថា កាលណោះ​កង​ទ័ព​កូរ៉េខាងជើង​បានបាញ់ពន្លិចនាវា​ចម្បាំង​មួយគ្រឿង​របស់​កូរ៉េ​ខាងត្បូង​និង​បាន​បាញ់​ផ្លោងទៅលើកោះមួយរបស់កូរ៉េខាងត្បូង។

យ៉ាងណាមិញ កូរ៉េខាងជើងអាច​ឡូឡាសម្លុតកំញើញតាមរយៈពាក្យសំដីទៅលើ​ជប៉ុនឬទៅ​លើ​កូរ៉េ​​ខាងត្បូង។ ជាក់ស្តែងកាលពីម្សិលមិញ របបព្យុងយ៉ាងបានដំឡើង​សំឡេង​ស្តីបន្ទោស​ជប៉ុន​ថា បានមាក់ងាយការឈឺចាប់របស់ប្រជារាស្រ្តកូរ៉េខាងជើង ពីព្រោះកាលពីសប្តាហ៍​មុន​បណ្តា​អ្នកការទូតរបស់ជប៉ុន កូរ៉េខាងត្បូង អាមេរិកនិងអឺរ៉ុប​បានងើបដើរ​ចេញពី​អង្គ​ប្រជុំ​វិសាមញ្ញ​​អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក នៅពេលដែលអង្គប្រជុំបាន​ក្រោកឈរ​ស្មឹង​ស្មាធិ៍​គោរពវិញ្ញាណក្ខន្ធរបស់លោកគីម ជុងអ៊ីល ចំនួនមួយនាទី។

ក៏ប៉ុន្តែ ការវាយប្រហារតាមរយៈពាក្យសំដីពីសំណាក់របបព្យុងយ៉ាងនេះទៀតសោត គឺអាច​ជា​សារ​ទៅកាន់​ប្រជារាស្ត្រកូរ៉េខាងជើង ជាងទៅកាន់សត្រូវនៅក្រៅប្រទេស។ ពីព្រោះ​គួរ​​ជ្រាបថា ប្រជារាស្រ្តកូរ៉េខាងជើង រស់នៅដូចកង្កែបក្នុងអណ្តូងជាយូរឆ្នាំកន្លងមកហើយ មាន​ជំនឿ​ជឿ​ជាក់​ថា ទុក្ខវេទនារបស់ពួកគេ គឺមិនមែនមកពីអ្នកដឹកនាំទេ តែបណ្តាល​មក​ពី​សត្រូវ​បរទេស ដូចជាអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនជាដើម។ ម្ល៉ោះហើយរាល់ពាក្យ​ឃោសនា​​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន គឺសុទ្ធសឹងជាសារនយោបាយដែលដាស់តឿន​អង្រួន​អារម្មណ៍​ប្រជា​ពលរដ្ឋ​ឲ្យរួបរួមគ្នា ឲ្យទុកចិត្តនិងស្រឡាញ់អគ្គមគ្គទេសក៍នៃប្រទេសកាន់តែខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI