ប្រធានាធិបតី ថេន សេន ជាប់ឆ្នោតជាប្រធានបក្សកាន់អំណាច
ចុះផ្សាយនៅថ្ងៃ៖
លោក ថេន សេន ជាប្រធានាធិបតីផង និងជាប្រធានបក្សកាន់អំណាច « គណបក្ស សាមគ្គី និងអភិវឌ្ឍសហភាព USDP” ! ជាលទ្ធផលដ៏ភ្ញាក់ផ្អើល ព្រោះនៅមុនពេលបើកសមាជបក្ស អ្នកដែលគេប្រមើលឃើញថាសក្តិសម មានប្រជាប្រិយភាពខ្លាំងអាចនឹងជាប់ឆ្នោតជាប្រធានបក្ស គឺលោក ស្វេ ម៉ាន់ (Shwe Mann)។ ក្រោយសមាជ លោក ស្វេ ម៉ាន់ បានជាប់ឆ្នោតជាអនុប្រធានបក្ស ប៉ុន្តែកាន់តួនាទីជាប្រធានបក្សស្តីទី។
គណបក្សសាមគ្គីនិងអភិវឌ្ឍសហភាព (USDP) ដែលមានអាយុទើបជាងពីរឆ្នាំប៉ុណ្ណោះ ពោលគឺទើបត្រូវបង្កើតឡើង នៅពេលក្រុមអ្នកកាន់អំណាចយោធាបានសម្រេចដោះឯកសណ្ឋានទ័ពចេញ មកដឹកនាំប្រទេសជាលក្ខណៈស៊ីវិល ចាំបាច់ត្រូវធ្វើសមាជជាលើកដំបូងនេះ ដើម្បីផ្តល់កម្លាំង និងរកយុទ្ធសាស្ត្រថ្មីឱ្យបក្សដែលកំពុងបាត់បង់ប្រជាប្រិយភាពជាលំដាប់។
កាលពីសម័យបោះឆ្នោតសភាមួយភាគ នៅខែមេសាឆ្នាំ២០១២កន្លងទៅនេះ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ដែលជាគណបក្សប្រឆាំង បានក្រសោបយកជ័យជំនះស្ទើរតែទាំងស្រុង ដោយដណ្តើមអាសនៈសភាបាន៤៣កៅអីក្នុងចំណោម៤៤កៅអី។ បរាជ័យដ៏ធ្ងន់ធ្ងរនេះ បានធ្វើឱ្យគណបក្សកាន់អំណាច USDP ដែលបាននិងកំពុងជួបវិបត្តិស្រេចទៅហើយនោះ ត្រូវរិះរក និងកែខែរកយុទ្ធសាស្ត្រថ្មីត្រៀមស្តារកិត្តិយសឡើងវិញទៅក្នុងសម័យបោះឆ្នោតជាតិ ឆ្នាំ២០១៥។
ជ្រើសរើសលោកប្រធានាធិបតី ថេន សេន ជាប្រធានបក្ស និង តួនាទីអនុប្រធានគណបក្សដល់ លោក ស្វេ ម៉ាន់ប្រធានរដ្ឋសភា គូប្រជែង ដូច្នេះ បញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរ របស់សមាជិកជាន់ខ្ពស់បក្ស ក្នុងការបន្ធូរបន្ថយសម្ពាធនយោបាយផង និងដើម្បីរក្សាទំនាក់ទំនងល្អរវាងអំណាចប្រតិបត្តិនិងគណបក្ស USDP ផង។
ប្រឈមនឹងប្រជាប្រិយភាពគ្មានប្រៀបរបស់លោកស្រី អ៊ុង សានស៊ូជី នៅពេលបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៥ គណបក្សសាមគ្គីនិងអភិវឌ្ឍសហភាព ត្រូវតែបញ្ចេញទេពកោសល្យនយោបាយ ភាពប៉ិនប្រសប់និងយុទ្ធសាស្ត្រថ្មីពិតៗ ដើម្បីរក្សាអំណាច ដោយមិនងាកទៅប្រើយុទ្ធសាស្ត្រចាស់ ដូចជាចំណាយថវិកា ហិរញ្ញវត្ថុយ៉ាងសម្បើម ឬបង្កបង្កើតភាពមិនប្រក្រតី លួចបន្លំសន្លឹកឆ្នោត ឬប្រើការគំរាមកំហែង ដូចកាលពីពីរឆ្នាំមុនទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ