តុលាការអេស្ប៉ាញយល់ព្រមស៊ើបបណ្តឹងប្រឆាំងអតីតប្រធានាធិបតីចិន ហ៊ូ ជីនតាវ
សារព័ត៌មានបារាំងបានចុះផ្សាយនៅថ្ងៃសុក្រម្សិលមិញថា តុលាការអេស្ប៉ាញ ទទួលបន្ទុកឧក្រិដ្ឋកម្មសំលាប់រង្គាល បានសំរេចយល់ព្រមស៊ើបអង្កេតអតីតប្រធានាធិបតីចិន ហ៊ូ ជីនតាវ ពីបទឧក្រិដ្ឋនៅទីបេ ក្នុងទស្សវត្សរឆ្នាំ ១៩៨០-១៩៩០។ ការស៊ើបអង្កេតនេះ នឹងធ្វើឡើងស្របតាមក្រមខណ្ឌនៃនីតិវិធី ដែលធ្លាប់ធ្វើរួចមកហើយ កាលពីឆ្នាំ២០០៦។ តុលាការអេស្ប៉ាញយល់ថា លោក ហ៊ូ ជីនតាវ មានសមត្ថភាពនិងសិទ្ធិអំណាចគ្រប់គ្រាន់ ដើម្បីសំរេចអោយមានយុទ្ធនាការធ្វើទុក្ខបុកម្នេញជនជាតិទីបេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការគាំទ្រទីបេ ធ្លាប់បានស្នើទៅតុលាការអេស្ប៉ាញ អោយពង្រីកការចោទប្រកាន់អោយមានរហូតទៅដល់អតីតប្រធានាធិបតីចិន ហ៊ូ ជីនតាវ ចំពោះបណ្តឹងទាក់ទងឧក្រិដ្ឋកម្មនៅទីបេ ក្នុងទស្សវត្សរឆ្នាំ ១៩៨០-១៩៩០។ យោងតាមការសំរេចមួយចេញផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ តុលាការអេស្ប៉ាញទទួលបន្ទុកឧក្រិដ្ឋកម្មសំលាប់រង្គាល បានសំរេចទទួលយកសំណើនេះ។ ដូច្នេះ តុលាការអេស្ប៉ាញ នឹងធ្វើការស៊ើបអង្កេតលើអតីប្រធានាធិបតីចិន ហ៊ូ ជីនតាវ។
លោក ហ៊ូ ជីនតាវ ដែលបានចេញពីតំណែងនៅខែវិច្ឆិកា ឆ្នាំ២០១២ លែងទទួលបានអភ័យឯកសិទ្ធិប្រធានាធិបតីចិនទៀតហើយ។ អតីតអ្នកដឹកនាំចិន៧រូបផ្សេងទៀត ដូចជា អតីតប្រធានាធិបតី Jiang Zemin និងអតីតនាយករដ្ឋមន្ត្រី Li Peng ក៏មានជាប់ឈ្មោះក្នុងបណ្តឹងនោះដែរ។ ពួកគេជាប់ចោទពីបទឧក្រិដ្ឋ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្ម និងភេរវកម្ម ប្រឆាំងជនជាតិទីបេ ក្នុងទស្សវត្សរឆ្នាំ ១៩៨០-១៩៩០។
កាលពីខែមិថុនា កន្លងទៅ ចៅក្រម អ៊ីស្មាអែល ម៉ូរេណូ បានបដិសេធពង្រីកការចោទប្រកាន់អោយមានរហូតដល់អតីតប្រធានាធិបតី ហ៊ូ ជីនតាវ។ ប៉ុន្តែ តុលាការអេស្ប៉ាញ បានសំរេចផ្តល់ហេតុផល ទៅគណៈកម្មាធិការគាំទ្រទីបេវិញ ដើម្បីស៊ើបអង្កេតលោក ហ៊ូ ជីនតាវ។ ដូចជាបណ្តាជនជាដើមបណ្តឹងដែរ តុលាការអេស្ប៉ាញយល់ថា លោក ហ៊ូ ជីនតាវ មានសមត្ថភាពនិងសិទ្ធិអំណាចគ្រប់គ្រាន់ ដើម្បីសំរេចអោយមានយុទ្ធនាការធ្វើទុក្ខបុកម្នេញជនជាតិទីបេ។ ហើយចន្លោះពីឆ្នាំ១៩៨៨ ទៅឆ្នាំ១៩៩២ទៀតសោត លោកហ៊ូ ជីនតាវ ជាលេខាបក្សកុម្មុយនិស្តចិន នៅតំបន់ទីបេ។
យោងតាមតុលាការអេស្ប៉ាញ អង្គការសហប្រជាជាតិក៏មានសេចក្តីសំរេចជាច្រើន ទទួលស្គាល់ថា អាជ្ញាធរចិនបានសំរេចអោយមានសកម្មភាពកំចាត់មិនអោយមានប្រទេសទីបេ ដោយដាក់ច្បាប់សឹក ឈានទៅដល់ការសំអាត ការដាក់ទណ្ឌកម្មលើបណ្តាអ្នកប្រឆាំងនៅទីបេ។
ដោយតុលាការចិននៅមិនទាន់បានបើកការស៊ើបអង្កេតរឿងនេះនៅឡើយ ហើយក្នុងចំណោមអ្នកប្តឹង ក៏មានជនជាតិទីបេមានសញ្ជាតិអេស្ប៉ាញម្នាក់ដែរនោះ តុលាការអេស្ប៉ាញបញ្ជាក់ថា ខ្លួនមានសត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតរឿងក្តីនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ