សកម្មជនគាំទ្រទីបេតវ៉ានៅអង្គការសហប្រជាជាតិ ប្រឆាំងការរំលោភសិទ្ធិមនុស្សពីសំណាក់ចិន
នៅថ្ងៃអង្គារម្សិលមិញនេះ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សកម្មជនគាំទ្រទីបេ ជាសមាជិករបស់ក្រុមនិស្សិត និងសមាគមយុវជនទីបេនៅអឺរ៉ុប បាននាំគ្នាតោងឡើងទៅលើអគារទីស្នាក់ការអង្គការសហប្រជាជាតិ ដើម្បីដាក់បដាមួយនៅទីនោះ តវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ដែលធ្វើឡើងដោយរដ្ឋាភិបាលចិន។ ការតវ៉ានេះ ធ្វើឡើងចំពេលដែលចិនត្រូវបង្ហាញ នៅចំពោះមុខអង្គការសហប្រជាជាតិ ពីការបូកសរុបលទ្ធផលការងារទាក់ទងសិទ្ធិមនុស្ស ក្នុងប្រទេសខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃអង្គារ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សកម្មជនគាំទ្រទីបេបួននាក់ បាននាំគ្នាឡើងតោងតាមធ្នើរទៅលើអគារទីស្នាក់ការអង្គការសហប្រជាជាតិ ដើម្បីដាក់បដាតវ៉ានឹងការរំលោភសិទ្ធិមនុស្ស ដែលធ្វើឡើងពីសំណាក់រដ្ឋាភិបាលចិន។ ពួកគេទាំងនោះ ជាសមាជិកនៃក្រុមនិស្សិតដែលមានឈ្មោះថា “និស្សិតដើម្បីសេរីភាពទីបេ” និងជាសមាជិកសមាគមឈ្មោះថា ”សមាគមយុវជនទីបេនៅអឺរ៉ុប”។
“អង្គការសហប្រជាជាតិត្រូវតែធ្វើសកម្មភាពដើម្បីទីបេ”, “ដោះលែងទីបេទៅ!” នេះសុទ្ធសឹងជាឃ្លាប្រយោគដែលចែងក្នុងបដារបស់សកម្មជនទាំងនោះ។ ភ្នាក់ងារសន្តិសុខអង្គការសហប្រជាជាតិបានអន្តរាគមន៍ដកបដានោះចេញ និងបានឃាត់ខ្លួនពួកគេ។ ភ្នាក់ងារសន្តិសុខក៏បានដកហូតយកបណ្ណរបស់អ្នកសារព័ត៌មាន ដែលជាបណ្ណអនុញ្ញាតអោយអ្នកសារព័ត៌មានថតរូបហេតុការណ៍ផងដែរ។
សកម្មជនគាំទ្រទីបេទាំងនោះ ចង់ទាក់ទាញចំណាប់អារម្មណ៍របស់អង្គការសហប្រជាជាតិទៅលើបញ្ហានៅទីបេ ខណៈពេលនេះ ចិនត្រូវបង្ហាញពីរបាយការណ៍បូកសរុបការងារស្តីពីសិទ្ធិមនុស្ស នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ប្រទេសសមាជិកអង្គការសហប្រជាជាតិ ទាំង១៩៣ មានកាតព្វកិច្ចបង្ហាញនូវការបូកសរុបការងារស្តីពីសិទ្ធិមនុស្សនេះ រៀងរាល់៤ឆ្នាំម្តង។
គួររំលឹកថា ចាប់តាំងពីដើមឆ្នាំ២០០៩មក ជនជាតិទីបេយ៉ាងហោច១២២នាក់ បានដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងការត្រួតត្រា ការបំបាត់សេរីភាពសាសនា ដែលចិនធ្វើមកលើទីបេ។ ប៉ុន្តែ រដ្ឋាភិបាលចិនតែងតែបដិសេធពីការចោទប្រកាន់ទាំងនេះ។
នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួនគ្មានបំណងផ្លាស់ប្តូរនយោបាយចិននៅទីបេឡើយ។ រដ្ឋាភិបាលចិនលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចនិងនយោបាយនៅទីបេ មានការរីកចំរើន ជនជាតិទីបេរីករាយ និងមានសុខភាពល្អ រីឯវប្បធម៌ទីបេទៀតសោតក៏ស្រស់បំព្រងផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ