ក្រុងតូក្យូសំដែងការតវ៉ាមកម៉ូស្គូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តវ៉ានេះ គឺ ចំពោះទស្សនកិច្ចធ្វើដោយគណៈប្រតិភូរដ្ឋាភិបាលរុស្ស៊ី នៅកោះមួយ ពីក្នុង ”ចំណោមកោះ៤នៃជួរកោះគួរីល (Kouriles) ខាងត្បូង” ជួរកោះដែលភាគីជប៉ុន នៅតែចាត់ទុកជា “ដែនដីប៉ែកខាងជើង” របស់ខ្លួនទោះបីវាបានឆ្លង មកនៅក្រោមអធិបតេយ្យរុស្ស៊ី ពេលដែលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ តាំងពីក្នុងឆ្នាំ១៩៤៥ក្តី។
ព្រឹកថ្ងៃចន្ទ១៦ឧសភានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeaki Matsumotoបានថ្លែងតវ៉ាទៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលប្រចាំនៅក្រុងតូក្យូលោក Mikhail Belyi ថា ៖
ទស្សនកិច្ចចាប់ផ្តើមម្សិលមិញ ដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Serguei Ivanov នៅ កោះគួរីលខាងត្បូង គឺ “នាំឲ្យរបួសដល់ទឹកចិត្តប្រជាជនជប៉ុន ហើយញ៉ាំងឲ្យមានការសោកស្តាយ”។
គួរនិយាយថា រដ្ឋាភិបាលជប៉ុនតែងប្រតិកម្ម យ៉ាងក្តួលក្តៅ ចំពោះទស្សនកិច្ចអ្នកមុខអ្នកការរុស្ស៊ី ទៅកាន់កោះគួរីលខាងត្បូង ដោយពោលអះអាងថា ការនេះពិតជាជះចំហាយអាក្រក់មកលើបរិយាកាសនៃកិច្ចចរចា ស្តីអំពីវាសនានៃកោះជាប់វិវាទ កោះដែលទីក្រុងតូក្យូ នៅតែ បន្តចាត់ទុកជាដែនដីជប៉ុន។ ប្រតិកម្មខ្លាំងមែនទែន គឺពេលដែលប្រធានាធិបតីរុស្ស៊ី លោក Medvedev បានអញ្ជើញទៅកាន់កោះនោះ កាលពីថ្ងៃ១វិច្ឆិកាឆ្នាំទៅមិញ។ កាលណោះ ទីក្រុងម៉ូស្គូ បានថ្លែងតបទៅវិញ ថាប្រមុខរដ្ឋរុស្ស៊ី មានសិទ្ធិធ្វើដំណើរទៅកាន់ច្រកល្ហកណាក៏ដោយ ដែលជាដែនដី ប្រទេសរុស្ស៊ី ដោយមិនបាច់សួរយោបល់អ្នកដទៃឡើយ។
ហើយតាំងពីពេលនោះមក ចេះតែមានពួកអ្នកធំរុស្ស៊ី ធ្វើដំណើរទៅកាន់កោះឆ្ងាយដាច់ស្រយាលនោះ។ លើកនេះ លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Serguei Ivanov អមដំណើរដោយរដ្ឋមន្ត្រីថ្នាក់សហព័ន្ធ ដល់ទៅ៤រូប ព្រមទាំងអភិបាលខេត្ត Sakhalin នៅចុងបូព៌ារុស្ស៊ី ខេត្តដែលរួមក្តោបទាំងកោះគួរីលខាងត្បូងទៅផង។ គោលដៅគឺ តាមដានមើល តើ “កម្មវិធីរដ្ឋសម្រាប់ឆ្នាំ ២០០៧-២០១៥ ខាងអភិវឌ្ឍន៍កោះនោះ ”មានវិស័យសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាដើមបច្ចុប្បន្នបំពេញបានដល់កំរិតណាហើយ។
លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Serguei Ivanov ផ្ទាល់បានសំដែងការងឿងឆ្ងល់ ចំពោះប្រតិកម្មពីខាងជប៉ុន ដោយគាត់មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌកម្មវិធីនេះ គាត់ទៅកាន់កោះនេះ គឺជាលើកទី៤ហើយ រួចគាត់គ្មានចេតនា ផ្លុំបញ្ឆេះកំហឹងភាគីជប៉ុនឡើយ។
ជប៉ុន រហូតមកទល់ឥឡូវ នៅតែមិនព្រមទទួលស្គាល់ អធិបតេយ្យរុស្ស៊ី លើកោះគួរីលខាងត្បូងចំនួន៤ នោះទេ កោះដែលមានផ្ទៃក្រឡាសរុប គឺ ៥.០០០គ.ម២ រស់នៅដោយបណ្តាជនប្រមាណ ២ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ