ប៉េកំាង និងតូក្យូសម្រេចចិត្តឈប់ប្រើលុយដុល្លារអាមេរិកក្នុងការទូទាត់ពាណិជ្ជកម្មរវាងគ្នា
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអង្គារ ទី២៩ ឧសភានេះ ចិន និងជប៉ុនបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃសុក្រ ទី១ មិថុនាចុងសប្តាហ៍នេះទៅ ការទូទាត់ពាណិជ្ជកម្មរវាងប្រទេសទំាងពីរនឹងត្រូវធ្វើឡើងដោយប្រើលុយយ័នចិន និងលុយយេនជប៉ុន មានន័យថា លែងប្រើលុយដុល្លារទៀតឡើយ។ គោលដៅ គឺដើម្បីជួយសម្រួល និងផ្តល់សន្ទុះបន្ថែមទៀតឲ្យដល់ការដោះដូរពាណិជ្ជកម្មរវាងគ្នា។
ការសម្រេចចិត្តរបស់ចិន និងជប៉ុនពេលនេះ គឺជាកិច្ចព្រមព្រៀងមួយនៅក្នុងចំណោមកិច្ចព្រមព្រៀងផ្សេងៗទៀតដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទំាងពីរនៅអាស៊ីបានព្រមពៀងគ្នាកាលពីដំណាច់ខែធ្នូ ឆ្នំា ២០១១។ កិច្ចព្រមព្រៀងជាឧភតោភាគីដែលមានគោលដៅជួយសម្រួល និងពង្រឹងបន្ថែមទៀតនៅក្នុងការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងគ្នា។ គួរជម្រាបជូនថា រហូតមកដល់ពេលនេះ ការដោះដូរពាណិជ្ជកម្មរវាងចិន និងជប៉ុនត្រូវបានទូទាត់ជាលុយដុល្លារ មានន័យថា ចិន និងជប៉ុនត្រូវតែយកលុយរបស់ខ្លួនទៅដូរជាលុយដុល្លារ ដើម្បីទូទាត់គ្នា។ តែចាប់ពីថ្ងៃទី១ មិថុនាខាងមុខនេះទៅ ការទូទាត់ពាណិជ្ជកម្មរវាងជប៉ុន និងចិននឹងត្រូវធ្វើឡើងដោយប្រើលុយយ័ន និងលុយយេន។ ឧទាហរណ៍ បើចិនចង់លក់របស់មួយតម្លៃ ១០០០យ័នទៅឲ្យជប៉ុន ជប៉ុនត្រូវគិតតម្លៃប្តូរពីលុយយេន ទៅលុយយ័ន គឺមិនចំាបាច់ប្តូរពីលុយយេន ទៅដុល្លារអាមេរិក រួចពីដុល្លារអាមេរិក ទៅលុយយ័នដូចមុនទេ។ ការធ្វើយ៉ាងរបៀបនេះនឹងធ្វើឲ្យចំណេញទំាងអស់គ្នា ទីមួយ៖ កាត់បន្ថយហានិភ័យក្នុងតម្លៃអត្រាប្តូរប្រាក់នៅលើទីផ្សារ ពីលុយយ័ន ទៅដុល្លារ ពីលុយយេន ទៅដុល្លារ ពីដុល្លារទៅលុយយ័ន និងទៅលុយយេន ទីពីរ៖ មិនចំាបាច់បង់ថ្លៃ Commission ទោះបីតិច ឬច្រើន។
ចិនចង់ឲ្យលុយយ័នក្លាយជារូបិយប័ណ្ណអន្តរជាតិ
មហិច្ឆតារបស់ចិនដែលចង់ឃើញលុយយ័នរបស់ខ្លួនក្លាយជារូបិយប័ណ្ណអន្តរជាតិ គឺមានតំាងពី ១៥ឆ្នំាមកហើយ។ កាលពីខែមីនា ឆ្នំា ២០១២ កន្លងទៅ ក្រុមប្រទេស Brics ដែលមានចិនជាសមាជិកម្នាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយបានអនុញ្ញាតឲ្យប្រទេសសមាជិកធ្វើការដោះដូរពាណិជ្ជកម្មរវាងគ្នាដោយប្រើរូបិយវត្ថុជាតិ គឺមិនបាច់ឆ្លងកាត់លុយដុល្លារទេ។ ដូច្នេះឃើញថា ការដែលចិនបានព្រមព្រៀងជាមួយជប៉ុនពេលនេះ គឺជាភស្តុតាងជាក់ស្តែងមួយដែលបញ្ជាក់ពីមហិច្ឆតារបស់ចិនដែលចង់ឲ្យលុយយ័នក្លាយជាមធ្យោបាយដោះដូរពាណិជ្ជកម្មអន្តរជាតិ ប្រឈមនឹងលុយដុល្លារអាមេរិក។
ជាមួយគ្នានេះ ទង្វើរបស់ចិនពេលនេះក៏ជាការវាយប្រហារលើអាមេរិកដែលតែងតែចោទចិនថា បានលូកដៃជ្រៀតជ្រែកចូលក្នុងទីផ្សារ ដើម្បីទប់លុយយ័នមិនឲ្យឡើងថ្លៃ ធៀបនឹងលុយដុល្លារ។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទង្វើរបៀបនេះរបស់ចិននឹងធ្វើឲ្យទំនិញចិនមានតម្លៃថោក នៅលើទីផ្សារអន្តរជាតិ ដែលជាការប្រកួតប្រជែងមិនយុត្តិធម៌។ យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ មហិច្ឆតារបស់ចិនដែលចង់ឃើញលុយយ័នរបស់ខ្លួនក្លាយជារូបិយប័ណ្ណអន្តរជាតិនៅក្នុងការដោះដូរពាណិជ្ជកម្មអន្តរជាតិ ហាក់ដូចជានៅឆ្ងាយនៅឡើយ ព្រោះថា រូបិយប័ណ្ណបម្រុងដែលមាននៅក្នុងពិភពលោកបច្ចុប្បន្ន មានជាង ៨០% ជាលុយដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ