តុលាការបញ្ចប់សវនាការកាត់ទោសលោកម៉មសូណង់ដូ រីឯលទ្ធផលប្រកាសនៅថ្ងៃ១តុលា
សវនាការកាត់ទោសលោក ម៉ម សូណង់ដូ បានដល់ទីបញ្ចប់ហើយ នៅព្រឹកថ្ងៃសុក្រទី១៤ កញ្ញានេះ។ ចំណែកលទ្ធផលលើរឿងក្តីនេះ នឹងត្រូវប្រកាសនៅថ្ងៃទី១ខែតុលា។ ក្នុងសវនាការរយៈពេល៣ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី១១ខែកញ្ញា មានជនជាប់ចោទចំនួន ១០ នាក់រាប់ទាំងលោក ម៉ម សូណង់ដូ បានផ្តល់ចម្លើយក្នុងបន្ទប់កាត់ទោស ខណៈដែលសាក្សីចំនួន ២១ នាក់ រួមមាន៖ អាជ្ញាធរភូមិឃុំ ប៉ូលិស និងអ្នកភូមិ បានឆ្លើយដោះបន្ទុកនិងដាក់បន្ទុកលើលោក ម៉ម សូណង់ដូ។ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដ៏មានប្រជាប្រិយភាពនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ជាប់ចោទក្នុងរឿងបង្កើតតំបន់អបគមន៍ តាមរយៈជម្លោះដីធ្លី នៅស្រុកឆ្លូងខេត្តក្រចេះដែលរដ្ឋាភិបាលបង្ក្រាប កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១២។
ចុះផ្សាយនៅថ្ងៃ៖
ចាប់តាំងពីថ្ងៃអង្គារ រហូតដល់ព្រឹកថ្ងៃសុក្រនេះ តុលាការក្រុងភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅស្រុកឆ្លូងខេត្តក្រចេះ។
ក្នុងសំណុំរឿងក្តីចោទប្រកាន់លើលោកម៉មសូណង់ដូនោះ មានជនជាប់ចោទសរុបចំនួន ១៣នាក់។ ក្នុងនោះ មានជនជាប់ចោទ ៤នាក់ ជាប់ឃុំនៅពន្ធនាគារព្រៃស រាប់ទាំងលោកម៉មសូណង់ដូ។ ជនជាប់ចោទ ៦នាក់នៅក្រៅឃុំនិង ៣នាក់ទៀត ដែលមានទាំងឈ្មោះ ប៊ុន រដ្ឋា ជាតំណាងសមាគមអ្នកប្រជាធិបតេយ្យនៅខេត្តក្រចេះ កំពុងគេចខ្លួន។
ការចោទប្រកាន់លោក ម៉ម សូណង់ដូ ដោយភ្ជាប់នឹងជម្លោះដីធ្លីនៅខេត្តក្រចេះ ត្រូវបានសាក្សី និងប៉ូលិស លើកបង្ហាញក្នុងសវនាការ។ ប៉ូលិសក៏បានភ្ជាប់ករណីលោកម៉មសូណង់ដូ ទៅនឹងលោកសួនសេរីរដ្ឋា ប្រធានចលនាអំណាចប្រជាពលរដ្ឋខ្មែរ ក្នុងករណីបង្កើតតំបន់អបគមន៍ ដើម្បីឈានទៅបំផុសឲ្យមហាជន ធ្វើការបះបោរ ផ្តួលរំលំរដ្ឋាភិបាល។ ក៏ប៉ុន្តែ លោក ម៉ម សូណង់ដូនិងអ្នកជាប់ចោទដទៃទៀត បានបដិសេធរាល់ការចោទប្រកាន់។
យ៉ាងណាក៏ដោយ មុននឹងបិទបញ្ចប់សវនាការនៅព្រឹកថ្ងៃសុក្រនេះ តំណាងអយ្យការ លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានធ្វើសេចក្តីសន្និដ្ឋាន ដោយទាមទារឲ្យចៅក្រម ផ្តន្ទាទោសលោកម៉មសូណង់ដូ និងជនជាប់ចោទជាច្រើនផ្សេងទៀត ទៅតាមច្បាប់។ ព្រះរាជអាជ្ញា សំអាងថា ក្នុងសំណុំរឿងក្តីនេះ គឺមានបទល្មើសគ្រប់គ្រាន់ និងសំអាងទៅលើចម្លើយសាក្សី ជនរងគ្រោះនិងភស្តុតាងដាក់បន្ទុក ដែលមានដូចជា ឯកសណ្ឋានប៉ារ៉ារបស់លោក ម៉ម សូណង់ដូ កាំបិត កណ្តៀវ និងអាវុធកែច្នៃ ដូចជាស្នបាញ់សត្វ។ល
ចំណែកលោក សុក សំអឿន មេធាវីការពារលោក ម៉ម សូណង់ដូ បានស្នើឲ្យចៅក្រម លើកលែងការចោទប្រកាន់លើលោក ម៉ម សូណង់ដូ និងអ្នកភូមិ ដែលមិនសូវចេះដឹង ជាប់ចោទផ្សេងទៀត ព្រោះក្នុងរឿងក្តីនោះ ប្រជាពលរដ្ឋជាប់ចោទ ពុំបានប្រព្រឹត្តបទល្មើសទេ។ រីឯលោកម៉មសូណង់ដូ ក៏ពុំបានជួបនិងមិនបានញុះញង់អ្នកភូមិ ក្នុងរឿងចាប់ដីរដ្ឋ នៅខេត្តក្រចេះឡើយ។
ចំណែកក្រុមសកម្មជនសិទ្ធិមនុស្ស ដែលបានតាមដានសវនាការកាត់ទោសលោកម៉ម សូណង់ដូ ក៏បានប្រាប់អ្នកកាសែត នៅព្រឹកមិញថា ក្នុងសំណុំរឿងក្តីនោះ ពុំមានភស្ដុតាង ទម្លាក់កំហុសលើលោក ម៉ម សូណង់ដូ ក្នុងរឿងបង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លីនៅខេត្តក្រចេះ។
សកម្មជនសិទ្ធិមនុស្ស ជឿថា តុលាការ នឹងធ្វើការសម្រេចលើរឿងក្តីនេះ ដោយស្មារតីឯករាជ្យ ដោយមិនឋិតនៅក្រោមសម្ពោធនយោបាយឡើយ។ លទ្ធផលនៃរឿងក្តីប្រឆាំងលោក ម៉ម សូណង់ដូនឹងត្រូវប្រកាសនៅថ្ងៃទី១ខែតុលាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ