តួកគី ប្រកាសសហការជាមួយរុស្ស៊ី ផលិតប្រព័ន្ធខែលមីស៊ីល S-500
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីតួកទី បានប្រកាសជាចំហ ថា តួកទី និង រុស្ស៊ី នឹងសហការផលិតរួមគ្នា នូវប្រព័ន្ធខែលការពារមីស៊ីល S-500 ទប់ទល់ប្រឆាំងនឹងការវាយប្រហារផ្លូវអាកាស និងគ្រាប់មីស៊ីលប៉ាឡេស្ទីក។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំតួកគីបែបនេះនេះ គឺជាការបង្កបញ្ហាក្តៅស្លឹកត្រចៀកថ្មី បន្ថែមទៀតជាមួយនឹងអាមេរិក។
«គ្មានផ្លូវឡើងដែលថាការបញ្ជាទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីរុស្ស៊ី ត្រូវលើកពេល ឬពន្យារពេលនោះទេ។ ពីព្រោះថា ការកុម្មង់បញ្ជាទិញ បានសម្រេចរួចហើយ។ ហើយបើតាមគម្រោង បច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរុស្ស៊ីនេះ គឺនឹងត្រូវបញ្ជូនទៅតួកទី យ៉ាងយូរបំផុត នៅត្រឹមខែកក្កដាខាងមុខ»។ នេះជាការបញ្ជាក់ជាសាធារណៈ របស់ ប្រមុខរដ្ឋតួកគី លោក Recep Tayyip Erdogan ចំពោះមនុស្សក្រុមនិស្សិតនិងយុវជន នៅក្រុងអ៊ីស្តង់ប៊ូល។ បន្ថែមពីនេះ លោកប្រធានាធិបតី Erdogan ថែមទាំងសង្កត់ធ្ងន់ថា តួកគី នឹងសិក្សាផលិតរួមគ្នា ជាមួយរុស្ស៊ី នូវប្រព័ន្ធខែលការពារមីស៊ីល S-500 បន្ថែមទៀត។
ចំពោះអាមេរិក, អាមេរិកអំណាចយោធាមួយនេះ មិនពេញចិត្តទាល់តែសោះចំពោះទង្វើរបស់តួកគីបែបនេះ។ ពីព្រោះ តួកគី ក្នុងឋានៈ ជាសមាជិកអង្គការសម្ព័ន្ធមិត្តអូតង់ គឺអាមេរិកត្រូវប្រឆាំងដាច់ខាត ចំពោះការដែលតួកគីទិញ ងាកទៅទិញប្រព័ន្ធខែលមីស៊ីលពីរុស្ស៊ី។ អាមេរិក យល់ថា ការយកទៅប្រើលាយឡំគ្នា គឺប្រព័ន្ធខែលមីស៊ីលរបស់រុស្ស៊ី អាចនឹងប្រមូលយកទិន្នន័យកងទ័ព និងយុទ្ធសាស្ត្រ របស់យន្តហោះចម្បាំងអាមេរិក និងរបស់សម្ព័ន្ធមិត្តអូតង់។
គួរជ្រាបថា តួកគី បានបញ្ជាទិញខែលការពារមីស៊ីលពីរុស្ស៊ី ហើយស្របពេលនេះ តួកគី ក៏បញ្ជាទិញយន្តហោះចម្បាំងធុន F-35 របស់អាមេរិកផងដែរ។ នៅពេលដែលឮថា តួកគី ចុះកុងត្រាទិញខែលការពារមីស៊ីលធុន S-400 ពីរុស្ស៊ី, អាមេរិកបានព្រមានតួកគីយ៉ាងខ្លាំង ហើយថែមទាំងផ្អាកការបញ្ចូនយន្តហោះចម្បាំងទៅឲ្យតួកគី តាំងតែពីដើមខែមេសាមកម្ល៉េះ។ ជាងនេះទៀត តួកគី អាចនឹងជាប់សំណាញ់ទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក ដោយយោងលើច្បាប់អាមេរិក ក្នុងករណីដែលប្រទេសសម្ព័ន្ធមិត្តណាមួយ ហ៊ានទិញគ្រឿងសព្វាវុធ ពីរុស្ស៊ី។
ក្រៅពីរឿងចម្រូងចម្រាសក្នុងការទិញអាវុធនេះ អាមេរិកនិងតួកគី មិនចុះសម្រុងគ្នាក្នុងសំណុំរឿងជាច្រើនទៀត ដួចជា ករណីអាមេរិកគាំទ្រក្រុមឧទ្ទាមគួកនៅស៊ីរី ដែល តួកគី ចាត់ទុកថាជាក្រុមភេរវជន។ ហើយអាមេរិក បដិសេធមិនព្រមបញ្ចូនបុព្វជិតសាសនាម្នាក់ កំពុងស្នាក់នៅអាមេរិក ទៅឲ្យតួកគីឡើយ។ តួកគីយល់ថាបុព្វជិតសាសនាម្នាក់នោះ ជាមេខ្លោងនៅក្រោយរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំតួកគី ថ្លែងដោយសង្ឃឹមថា មិនយូរមិនញាប់ទេ អាមេរិក នឹងប្តូរជំហរ ហើយសុខចិត្តយល់ព្រមប្រគល់យន្តហោះចម្បាំងធុន F-35 ទៅឲ្យតួកគី តាមការបញ្ជាទិញរបស់ប្រទេសនេះជាមិនខាន។ នេះជាក្តីសង្ឃឹមរបស់លោក Erdogan ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ