មន្រ្តីរដ្ឋពីរនាក់ទៀតត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃចន្ទនេះបានប្រកាសឲ្យដឹងពីការចាប់ខ្លួន មន្ត្រីសាធារណៈរបស់រដ្ឋចំនួនពីរនាក់ពីបទឆបោកយកលុយប្រជាពលរដ្ឋ ដោយជនសង្ស័យទាំងពីរនាក់បានយក ឈ្មោះរបស់មន្ត្រីដែលបំរើការងារ នៅអង្គភាពប្រឆាំងអំពើពុករលួយ ទៅប្រើប្រាស់ ដើម្បីគំរាម និងឆបោកយកលុយពីប្រជាពលរដ្ឋស្លូតត្រង់។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីរឃុំឃាំងគុកព្រៃស រងចាំការស៊ើបអង្កេតបើកសវនាការជំនុំជម្រះទោស។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើឡើង នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសឲ្យដឹងថា ខ្លួនចាប់បានជនសង្ស័យចំនួនពីរនាក់ ជាមន្ត្រីតូចតាច បំរើការនៅសា្ថប័នរដ្ឋចំនួនពីរ មួយឈ្មោះ នួន សារ៉ាត ជាមន្ត្រីនៃនាយកដ្ឋានរដ្ឋប្បវេណីក្រសួងយុត្តិធម៌ និងម្នាក់ទៀតឈ្មោះ កែវ សុផល ជាមន្ត្រីនគរបាលនាយកដ្ឋានការពារបេតិកភ័ណ្ឌ ក្រសួងមហាផ្ទៃ។ ជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួនបាន កាលពីថ្ងៃទី ១ មិថុនា និងត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ម្សិលមិញពាក់ព័ន្ធនឹងករណីឆបោកយកប្រាក់ចំនួន ២៥០០ដុល្លារ ពីប្រជាពលរដ្ឋដោយប្រើប្រាស់ឈ្មោះរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ដែលជាអតីតមន្ត្រីបំរើការងាររដ្ឋខាងលើ គឺធ្វើឡើងដោយយោងតាមពាក្យបណ្តឹងចំនួន៣ ដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពីប្រជាពលរដ្ឋ។ ពាក្យបណ្តឹងទាំងអស់នោះពាក់ព័ន្ធនឹងបទឆបោកតែមួយ ដែលជនសង្ស័យប្រើឈ្មោះរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំរិតឆបោកយកលុយ ពីប្រជាពលរដ្ឋរងគ្រោះដើមបណ្តឹងទាំងអស់នោះ ដែលរស់នៅក្នុងខេត្តកំពត និងនៅតំបន់បុរីកីឡា ក្រុងភ្នំពេញ។
ជាការចាត់វិធានការទប់ស្កាត់ និងកសាងសេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាការពារកេរ្តិ៍ឈ្មោះរបស់អង្គភាពប្រឆាំងអំពើពុកលួយ ដែលត្រូវបានជនខិលខូចមួយចំនួនយកឈ្មោះអង្គភាពទៅប្រើប្រាស់ ដើម្បីជំរិតទារប្រាក់ និងប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ដើម្បីបំរើផលប្រយោជន៍របស់ខ្លួន។ នេះជាការលើកឡើងរបស់ លោក នួន សុធិមន្ត ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្តពាក្យបណ្តឹង និង អន្តរជាតិ នៃអង្គភាពប្រឆាំង អំពើពុករលួយ ដែលបានថ្លែង នៅក្នុងសន្និសីទកាសែត។ ដោយលោកបានបញ្ជាក់ថា អង្គភាពនឹងបន្តតាមដាន និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពាក្យបណ្តឹងដែលអង្គភាពទទួលបានពីសាធារណៈជន។ ប៉ុន្តែ លោកមិនបានចាំទេថា រហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្តឹងចំនួនប៉ុន្មាន និងចាត់ការទៅលើពាក្យបណ្តឹងបានប៉ុន្មាននៅឡើយនោះទេ។
ប៉ុន្តែ គេនៅចាំបានថា ក្រោយការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីឆ្នាំ ២០១០មក រហូតមកដល់ពេលនេះ មានព្រះរាជអាជ្ញា ចៅក្រម មន្ត្រីតុលាការ ប៉ូលីស ទាហាន និងមន្ត្រីរាជ នៅតាមក្រសួងរដ្ឋមួយចំនួន ត្រូវបានអង្គភាពប្រឆាំងអំពើពុកលួយចាប់ខ្លួន និងចាត់វិធានការ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ