ចិន

ព្យុះសង្ឃរា​ Fitow​ វាយប្រហារ​ឆ្នេរ​ភាគខាងកើត​ចិន​ សម្លាប់​មនុស្ស​យ៉ាងហោច​៣នាក់​

ព្យុះ​សង្ឃរា Fitow កំពុង​បោកបក់​នៅខេត្ត​Zhejiang កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។
ព្យុះ​សង្ឃរា Fitow កំពុង​បោកបក់​នៅខេត្ត​Zhejiang កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

នៅថ្ងៃ​ចន្ទ​នេះ ព្យុះ​សង្ឃរា​ឈ្មោះថា Fitow បាន​វាយប្រហារ​ឆ្នេរ​ភាគខាងកើត​ប្រទេស​ចិន ជាមួយ​នឹង​ល្បឿន​ហួស​​ពី​២០០គីឡូម៉ែត្រ​ ក្នុង​មួយម៉ោង សម្លាប់​មនុស្ស​យ៉ាងហោច​៣នាក់ និង​ធ្វើ​អោយអាជ្ញាធរ​បង្ខំ​ចិត្ត​ជម្លៀស​​​​​មនុស្ស​រាប់សិប​ម៉ឺន​នាក់​ក្នុង​ខេត្ត​រងគ្រោះ​នានា។ ព្យុះ​ Fitow ជា​គឺ​ព្យុះ​ទី២៣ហើយ​ សំរាប់​ឆ្នាំ២០១៣​នេះ។ នៅល្ងាច​​ថ្ងៃ​ចន្ទនេះ​ដែរ អាជ្ញាធរ​ក៏បាន​​ត្រៀម​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះសង្ឃរា​មួយទៀត​ដែរ ឈ្មោះថា ដាណាស ដែល​ត្រូវ​​ចូល​មក​វាយប្រហារ​​សមុទ្រចិន​ភាគ​ខាងកើត។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ចិន​​បាន​ប្រកាស​ជាមុន ពី​ភាព​អាសន្ន​នៃ​ព្យុះ​Fitow តាំង​តែ​ពីថ្ងៃ​សៅរ៍​ចុងសប្តាហ៍​មុន​ម្ល៉េះ។ នៅ​ក្រុង​​Wenzhou ​​ខេត្ត​ Zhejiang ​ស្ថិត​នៅ​ភាគខាងកើតប្រទេស​ចិន ​ជាប់នឹង​ឆ្នេរ​សមុទ្រ​ ​ព្យុះ​Fitow បាន​​ផ្តួល​រលំ​ផ្ទះ​ចំនួន​១ពាន់២រយ​ខ្នង។​​​ ក្រៅពី​​មាន​​​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ Fitow នៅក្រុង Wenzhou ​ក៏មាន​មនុស្ស​បាត់ខ្លួន​ផងដែរ។ អាជ្ញាធរ​បាន​ធ្វើសកម្មភាព​យ៉ាង​សកម្ម ជម្លៀស​មនុស្ស​​៥សែន​៧ម៉ឺន​៤ពាន់នាក់ នៅ​ខេត្ត Zhejiang ​ និង​១៧ម៉ឺន​៧ពាន់​នាក់ទៀត នៅ​​ខេត្ត​ Fujian។ ខេត្ត​ទាំង​ពីរ​នេះ​ ​សំបូរ​មនុស្ស​រស់នៅច្រើន​។

នៅ​ព្រឹក​​ថ្ងៃចន្ទ​នេះ​ ពេល​​​បោកបក់​មក​ប៉ះដី ខេត្ត​ Fujian ព្យុះ​​ Fitow បាន​បន្ថយ​ល្បឿន​​ទៅវិញ។ អគ្គិសនី​ត្រូវបាន​កាត់ផ្តាច់។ ព្យុះ​នេះ​ប្រហែ​ល​ជា​ត្រូវ​បន្ត​ដំណើរ​ទៅ​ភាគពាយ័ព្យ​ទៀត ប៉ុន្តែ បាន​ចុះខ្សោយ​ល្បឿន​​ច្រើន។

រថភ្លើង​ល្បឿនលឿន​នានា នៅក្នុង​ខេត្ត​ Zhejiang Fujian និង​Jiangxi ត្រូវ​បាន​ផ្អាកការ​ធ្វើដំណើរ។ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ អាកាសយានដ្ឋាន​ក្រុង​ Wenzhou បាន​លុបចោល​ការហោះហើរចំនួន​ ២៧ជើង។ អាជ្ញាធរ​បាន​ប្រាប់​អ្នកនេសាទ​នានាអោយ​ប្រញាប់​ចូលមកកាន់​ឆ្នេរ​វិញ​ ហើយ​បាន​ត្រៀម​វិធានការ​ទប់ស្កាត់​ករណី​​​មាន​កម្ពស់​ទឹក​កើន​​ខ្ពស់​​​។

​​Fitow ជាព្យុះ​ទី២៣​ហើយ ដែល​បាន​វាយប្រហារ​ក្នុង​ឆ្នាំ​២០១៣នេះ។ ​​ Fitow ជា​ឈ្មោះ​របស់​ផ្កាមួយ​​បែប នៅ​តំបន់​អូសេអានី។ មុន​មកដល់​ចិន ព្យុះ​​​ Fitow បាន​ឆ្លងកាត់​កោះ​អូគីណាវ៉ា​ជប៉ុន តែ​មិន​បាន​បង្កអោយ​មាន​ការខូចខាតធ្ងន់ធ្ងរ​នៅ​ទីនោះ​ទេ។

ព្យុះ​សង្ឃរា​មួយនេះ បាន​ធ្វើអោយ​កោះតៃវ៉ាន់​​​លុបចោល​​យន្តហោះ​​ជាច្រើនរយ​ជើង ​ដែល​ជាការ​ហោះហើរ​​ទៅកាន់​តៃវ៉ាន់ រឺ​ក៏ជាការ​ធ្វើដំណើរ​​ចេញពីកោះ​តៃវ៉ាន់​​​​ទៅ​​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI