អាមេរិក-កូរ៉េខាងជើង

ជំនួប​ជុំ​ទីពីរ​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​

បេសកជន​អាមេរិកាំងសំរាប់កូរ៉េខាងជើង​ លោក Stephen Bosworth មកបំពេញបេសកកម្ម​នៅ​ទីក្រុង Geneva ​ថ្ងៃទី​២៤​តុលា​២០១១។
បេសកជន​អាមេរិកាំងសំរាប់កូរ៉េខាងជើង​ លោក Stephen Bosworth មកបំពេញបេសកកម្ម​នៅ​ទីក្រុង Geneva ​ថ្ងៃទី​២៤​តុលា​២០១១។ REUTERS/Denis Balibouse

បេសកជន​​​អាមេរិកាំង ​Stephen​ Bosworth​ និង​​ឧប​នាយក​​រដ្ឋមន្ត្រី​​កូរ៉េ​​ខាង​​ជើង​Kim Kye-gwan ​ជួប​​ចរចា​​គ្នា​ នៅ​​ថ្ងៃ​​ចន្ទ​​ទី​​២៤​​តុលា​​នេះ ​ក្នុង​​ប្រទេស​​ស្វ៊ីស។ ​ជំនួប​​នេះ​​នឹង​​អាច​​ធ្វើ​​ឲ្យ​​ភាព​​តាន​តឹង​​នៅ​​ក្នុង​​ឧបទ្វីប​​កូរ៉េ​​ធូរស្រាល​​បន្តិច​​មក​​វិញ​ បើ​​ទោះ​​បី​​ជា​​វា​​មិន​​អាច​​នាំ ​កូរ៉េ​​ខាង​​ជើង​​វិល​​មក​​កាន់​​តុ​​ចរចា​​ប្រាំមួយ​​ភាគី​​ភ្លាមៗ​​វិញ​​ក៏​​ដោយ។​

ផ្សាយពាណិជ្ជកម្ម

 

គឺ​ជា​ជំនួប​ជុំ​ទី​ពីរ​រវាង​ភាគី​អាមេរិកាំង និង​ភាគី​កូរ៉េ​ខាង​ជើង។ ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​រួច​ម្តង​ទៅ​ហើយ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក។ គោលដៅ គឺ​ធ្វើ​ឲ្យ​កិច្ច​ចរចា​ប្រាំ​មួយ​ភាគី​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ដែល​ឋិត​ក្នុង​ភាព​ទ័លច្រក​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​មាន​ដំណើរ​ការ​ឡើង​វិញ។

ក្រុម​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា កិច្ចប្រជុំ​នៅ​ប្រទេស​ស្វ៊ីស​ថ្ងៃ​នេះ​នឹង​មិន​ហុច​មក​នូវ​លទ្ធផល​ធំដុំ​ទេ។ ក៏​ប៉ុន្តែ​ពួក​គេ​មាន​សុទិដ្ឋិនិយម ដោយសារ​ថា​ជំនួប​ផ្ទាល់​រវាង​តែ​ភាគី​អាមេរិកាំង​​និង​ភាគី​កូរ៉េ​ខាង​ជើង​នេះ គឺ​ជា​ការ​ផ្តើម​មាន​ឡើង​វិញ​នូវ​កិច្ចសន្ទនា​ជាមួយ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ ចូរ​កុំ​ភ្លេច​ថា កាល​ពី​ឆ្នាំ​ទៅ​មិញ​២០១០ កូរ៉េ​ខាង​ជើង​ដែល​ឋិត​នៅ​ក្នុង​ភាព​ឯកា បាន​កាច​ដាក់​កូរ៉េ​ខាង​ត្បូង​ខ្លាំង​តែ​ម្តង ដោយ​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង និង​ក្រោយ​មក​បាន​បាញ់​ផ្លោង​ទៅ​លើ​កោះ​មួយ​របស់​ប្រទេស​សត្រូវ​មួយ​នេះ​របស់​ខ្លួន​ទៀត​ផង។

ម្ល៉ោះ​ហើយ អ្វី​ដែល​សហរដ្ឋអាមេរិក​ចង់​បាន គឺ​ពាក្យ​សន្យា​របស់​កូរ៉េ​ខាង​ជើង សន្យា​ថា​ខ្លួន​នឹង​ឈប់​រករឿង​កូរ៉េ​ខាង​ត្បូង នឹង​ឈប់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទៀត​ហើយ។ សូម​ជម្រាប​ថា កូរ៉េ​ខាង​ជើង​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ពីរ​លើក​រួច​មក​ហើយ​ ម្តង​នៅ​ឆ្នាំ​២០០៦ និង​ម្តង​ទៀត​នៅ​ឆ្នាំ​២០០៩។

នៅ​ក្នុង​បរិបទ​បែប​នេះ ជំនួប​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​នេះ ក៏​ដូច​កាល​ពី​ខែ​កក្កដា​គឺ​ជា​ការ​ផ្លាស់ប្តូរ​ស្នៀត​នយោបាយ តែ​មិនមែន​ជា​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI