កម្ពុជា​-លីបង់

កម្លាំង​កងទ័ព​រក្សា​សន្តិភាព​កម្ពុជា​ចេញ​ដំណើរ​ទៅ​ប្រទេស​លីបង់

កង​ទ័ព​មួក​ខៀវ​​កម្ពុជា ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់
កង​ទ័ព​មួក​ខៀវ​​កម្ពុជា ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់ ©សុវណ្ណារ៉ា

កងរក្សា​សន្តិភាព​កម្ពុជា​ចំនួន​ ២១​ នាក់ ​ដែលជា​កម្លាំង​នាំមុខ​បានចេញ​ដំណើរ​ពីប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​នេះ​ ដើម្បី​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់។​ កម្លាំង​នេះ​នឹង​ត្រូវ​ចូលរួម​បន្ថែម​ដោយ​កងរក្សា​សន្តិសុខ​ និង​ដោះមីន​ខ្មែរ​ ២០០​នាក់​ផ្សេង​ទៀត​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​ថា​ បេសកកម្ម​ដែល​ទទួល​បាន​នៅ​ប្រទេស​លីបង់​គឺ​កាន់​តែ​បង្កើន​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​ក្នុង​កិច្ចការ​រក្សា​សន្តិភាព​ និង​ការ​ដោះមីន។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ នេត្រ ភក្ត្រា ពីទីក្រុង​ភ្នំពេញ

កម្លាំង​កងទ័ព​រក្សា​សន្តិភាព​ និង​ដោះមីន​កម្ពុជា ​ចំនួន ​២១ នាក់ ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​ឆ្ពោះទៅ​កាន់​ប្រទេស​លីបង់។​ ជាកម្លាំង​នាំមុខ ​កងទ័ព​មួក​ខៀវ​កម្ពុជា​នេះ​ មាន​ភារកិច្ច​ក្នុងការ​រៀបចំ​បន្ទាយ ​និង​ទទួល​សម្ភារៈ​ ​ដើម្បី​ប្រតិបត្តិការ​នៅលើ​ទឹកដី​នេះ។ ​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹងថា​ កម្លាំង​ធំ​ចំនួន ​២០០​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​លីបង់​នៅ​ថ្ងៃទី ​១៧ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​ កម្លាំង​ទ័ព​កម្ពុជា​ដែល​នឹង​បំពេញ​បេសកកម្ម ​មាន​ក្រុម​កង​វិស្វកម្ម​កសាង​ផ្លូវថ្នល់ ​និង​ក្រុម​ដោះមីន។

លោក ​ប្រាក់ ​សុខុន​ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការងារ​បញ្ជូន​កងកម្លាំង​ចូលរួម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​កងរក្សា​សន្តិភាព ​នៅមុន​ការចាក​ចេញ​ដំណើរ​ថា ​បេសកកម្ម​នៅ​លីបង់​ គឺ​កម្ពុជា​ទទួល​បាន​មក​ដោយ​លំបាក ​ហើយ​បេសកកម្ម​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា ​និង​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​បាន​បញ្ជាក់​ថា ​៖ «កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​ក្នុងការ​ថែ​រក្សា​សន្តិភាព ​និង​ដោះមីន​នៅ​លើ​ឆាក​អន្តរជាតិ។​ កម្ពុជា​មិនមែន​បញ្ជូន​ទ័ព​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើ​សង្គ្រាម​ឡើយ»។ លោក​ ប្រាក់ ​សុខុន ​បាន​បន្ថែម​ថា​៖ «កម្លាំង​ដែល​កម្ពុជា​បញ្ជូន​ទៅ​ក្នុង​បេសកកម្ម​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ​គឺជា​អ្នកមាន​សមត្ថភាព ​និង​វិជ្ជាជីវៈ​ខ្ពស់​ និង​ជា​តំណាង​ឲ្យ​កម្ពុជា ​និង​ប្រជាជន​ខ្មែរ»។

ជាមួយគ្នា​នេះ​ដែរ​ លោក ​ប្រាក់​ សុខុន ​ក៏​បាន​ថ្លែង​ឲ្យ​កង​កម្លាំង​ថែរក្សា​សន្តិភាព​កម្ពុជា​ធ្វើការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ថា​ បេសកកម្ម​នៅ​លីបង់​អាច​មាន​ការ​លំបាក​ជាង​នៅ​ប្រទេស​ស៊ូដង់ ​ដោយ​លោក​ពន្យល់​ថា ​កម្លាំង​ថែរក្សា​​សន្តិភាព​កម្ពុជា​ជា​កម្លាំង​ទ្រនាប់ ​នៅ​ចន្លោះ​កម្លាំង​លីបង់ ​និង​អ៊ីស្រាអែល​ដែល​កំពុង​តែ​មាន​ជម្លោះ​នឹង​គ្នា។​
 

គួរបញ្ជាក់​ថា ​ប្រទេស​កម្ពុជា​បានបញ្ជូន​កង ​កម្លាំង​ថែរក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​ប្រទេស​ស៊ូដង់​ជាច្រើន​ក្រុម​មក​ហើយ​ និង​ទទួល​បាន​ជោគជ័យ​នៅក្នុង​បេសកកម្ម ​មនុស្សធម៌​នេះ។​ លោក​ ប្រាក់ ​សុខុន ​បាន​គូស​បញ្ជាក់ថា​ កង​កម្លាំង​ដែល​ធ្វើ​បេសកកម្ម​មនុស្សធម៌​នៅ​ប្រទេស​លីបង់ ​ត្រូវ​នាំ​មកនូវ​ជ័យជំនះ ​និង​កេរ្តិ៍​ឈ្មោះ​ល្អ​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI